ស្រ្តីមេម៉ាយ​ ដោតភ្លើង ឆក់ស្លាប់ ចោលកូន ៧នាក់

ភ្នំពេញ : ស្រ្តីមេម៉ាយម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីត្រូវចរន្តអគ្គិសនី ខណ:ស្រ្តីរងគ្រោះ បានយកខ្សែឌុយភ្លើងទៅដោតនឹង ហ្រ្វីភ្លើង ដើម្បីបំភ្លឺភ្លើងក្នុងផ្ទះ បន្ទាប់ពីភ្លើងដាច់ ហើយឆេះឡើងវិញ។  ការស្លាប់របស់ស្រ្តីរងគ្រោះ បានបន្សល់ទុកឲ្យកូនប្រុស ស្រី ៧នាក់ រស់នៅ ឯកោ គ្មានទីពំនាក់ និងរកស៊ីចិញ្ចឹមបាច់តទៅទៀត។
នាយនគរបាលប៉ុស្តិ៍ សង្កាត់ក្បាលកោះ លោក ម៉ៅ រិទ្ធ ដែលចុះទៅពិនិត្យ នៅកន្លែងកើតហេតុ បាននិយាយថា ករណីឆក់ ជនរងគ្រោះស្លាប់ខាងលើ នេះបានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅផ្ទះជនរងគ្រោះ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌ មានជ័យ។ លោកមេប៉ុស្តិ៍ បានឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់ដោយសារចរន្តភ្លើងឆក់ខាងលើនេះ មានឈ្មោះ ឃឹម អេង អាយុ ៥៨ឆ្នាំ ប្រកបរបរ ចិញ្ចឹមជីវិត និងកូនៗ ទាំង៧នាក់ ស្នាក់នៅផ្ទះកើតហេតុ ។
បើតាមលោកមេប៉ុស្តិ៍ មុនពេលកើតហេតុ ស្រ្តីរងគ្រោះ បានយកឌុយខ្សែភ្លើង ទៅដោតនឹងហ្រ្វីភ្លើង ដើម្បីបំភ្លឺភ្លើងក្នុងផ្ទះ បន្ទាប់ពីភ្លើងដាច់ចរន្ត ហើយឆេះឡើងវិញ ដោយដៃស្រ្តីរងគ្រោះ ទទឹកផងនោះ ក៏បានឆ្លងចរន្ត បណ្តាលឲ្យឆក់ ស្លាប់ភ្លាមៗតែម្តង បើទោះបីកូនៗ និងប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ ខិតខំជួយយ៉ាងណាក៏ដោយ គឺវាហួសពេលទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យភ្លាមៗ ហើយធ្វើកោសល្យវិច័្ចយ ដោយអះអាងថា ស្រ្តីរងគ្រោះ ពិតជាស្លាប់ដោយសារ ខ្សែភ្លើងឆក់មែន ។ ក្រោយធ្វើកោសល្យវិច័្ចយរួចហើយ សមត្ថកិច្ចបានប្រគល់សព ស្រ្តីរងគ្រោះទៅឲ្យក្រុមគ្រួសារ ដើម្បីយក ទៅធ្វើបុណ្យ តាមប្រពៃណី ។
ជាមួយគ្នានេះដែរ កូនៗទាំង អស់របស់ស្រ្តីរងគ្រោះ បានលើកដៃសំពះ សូមជំនួយ ពីសប្បុរសជន នានា ជួយឧបត្ថម្ភដល់ពួកគេផង ដោយហេតុថា ពួកគេគ្មានអ្វី ជាទីពំនាក់ ក្នុងការចិញ្ចឹម ជីវិតទេ៕
 
ប្រភពដើមអម្ពិល

Next PostNewer Post Previous PostOlder Post Home

About