សម្រស់​ និង​សុខភាព ​គឺ​ជា​រឿង​ដែល​មនុស្ស​ទូទៅ​មិន​គួរ​មើល​រំលង​។ ពេល​ដែល​មនុស្ស​​ផ្លាស់​ប្តូរ​វ័យ​ឈាន​ដល់​​ ​៣០ឆ្នាំ​ ​នោះ​រូប​រាង​កាយ​ និង​សម្ផស្ស​ក៏​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​ដែរ ​អ្នក​ខ្លះ​ចាប់​ផ្តើម​មាន​ស្នាម​ជ្រៀវ​ជ្រួញ​ ឬ​សក់​ចាប់​ផ្តើម​ស្កូវ​ជា​ដើម​។ ដោយ​ឡែក ​យុវវ័យ​មួយ​ចំនួន​ក៏​មាន​សក់​ស្កូវ​ទាំង​វ័យ​ក្មេង​ដែរ តើ​នេះ​បណ្តាល​មក​ពី​មូល​ហេតុ​អ្វី?


​ខាង​ក្រោម​នេះ ​គឺ​ជា​ការ​បក​ស្រាយ​របស់​​លោក​វេជ្ជបណ្ឌិត ​ធា សុវណ្ណពិទូរ្យ ​អ្នក​ជំនាញ​ខាង​សើ​ស្បែក​នៅ​បន្ទប់​ពិគ្រោះ​ព្យាបាល​សុខុម ​​បាន​មាន​ប្រសាសន៍​ថា​ មូល​ហេតុ​​សក់​ស្កូវ​មាន​ពីរ​ប្រភេទ​គឺ​ ស្កូវ​តាម​ធម្មជាតិ​​ពោល​គឺ​តាម​វ័យ​ និង​សក់​ស្កូវ​មុន​អាយុ។​​ ចំពោះ​សក់​ស្កូវ​ធម្មតា​ទៅ​តាម​វ័យ​ ជា​ទូទៅ​សម្រាប់​ជន​ជាតិ​អាស៊ី​គឺ​ចាប់​ពី​អាយុ​ ៣០​ឆ្នាំ​​ឡើង​ទៅ ដោយ​ឡែក​ចំពោះ​សក់​ស្កូវ​មុន​អាយុ​គឺ​សំដៅ​​​កើត​ឡើង​​​លើ​យុវវ័យ ​និង​កុមារ​​​។
​លោក​​វេជ្ជបណ្ឌិត​ បាន​ពន្យល់​ពី​មូល​ហេតុ​នាំ​ឲ្យ​កើត​​សក់​ស្កូវ​មុន​អាយុ​​ថា​ ៖”សក់​ស្កូវ​មុន​អាយុ​គឺ​ជា​សញ្ញាណ​ប្រាប់​ថា​ យើង​អាច​​មាន​ជំងឺ​មួយ​ចំនួន​ដូច​ជា ​ជំងឺ​ពកក​ កង្វះ​វីតាមីន​B១២ ងាប់​កោសិកា​ចិញ្ចឹម​គល់​សក់​  ការ​ជក់​បារី​ បញ្ហា​ស្មុគ​ស្មាញ​ និង​​​​ដោយ​សារ​តំណ​ពូជ”។
លោក​បាន​លើក​ឡើង​ទៀត​​ថា ​អ្នក​ដែល​មាន​សក់​ស្កូវ​មុន​អាយុ​អាច​នឹង​ព្យាបាល​ជា ​ក៏​ប៉ុន្តែ​ការ​ព្យាបាល​ត្រូវ​យោង​តាម​បញ្ហា​ជំងឺ​ដែល​ពាក់​ព័ន្ធ។
​ ​អ្នក​ជំនាញ​ខាង​​សើ​​ស្បែក​រូប​នេះ​ បាន​​បញ្ជាក់​បន្ថែម​ថា​ លើក​លែង​តែ​សក់​ស្កូវ ​​ដែល​កើត​ឡើង​ដោយ​សារ​តំណ​ពូជ​ទេ​ ដែល​មិន​អាច​ព្យាបាល​ជា។ ក៏​ប៉ុន្តែ​ប្រសិន​គេ​មាន​សក់​ស្កូវ​ដែល​បណ្តាល​មក​ពី​កង្វះ​វីតាមីនB១២ នោះ​ងាយ​នឹង​ព្យាបាល​ទេ​ ​ព្រោះ​ការ​ព្យាបាល​នេះ​មាន​ច្រើន​ហើយ​ធូរ​ថ្លៃ​ទៀត។
យ៉ាង​ណា​មិញ​ ការ​ព្យាបាល​សក់​ស្កូវ​មុន​អាយុ​​អាច​​បណ្តាល​មក​មូល​ហេតុ​ផ្សេង​ៗ​ទៀត​ ​ទាម​ទារ​​ការ​វិភាគ​ ការ​ព្យាបាល​យូរ​ និង​ចំណាយ​អស់​ថវិកា​ច្រើន។​ ​យុវវ័យ​​​ខ្លះ​​មិន​បាន​ដឹង​​​ពី​មូលហេតុ​​នោះ​ទេ​ ​ដូច្នេះ​ពួក​គេ​បែរ​ជា​នាំ​គ្នា​ជ្រើស​រើស​យក​ការ​លាប​ពណ៌​សក់​មក​បិទ​ បាំង។
ចំពោះ​ការ​ធ្វើ​បែប​នេះ​ វេជ្ជ​បណ្ឌិត​បាន​​បក​ស្រាយ​ថា​​​ ​ការ​ប្រើ​ប្រាស់​ឬ​លាប​មិន​ត្រូវ​តាម​បទដ្ឋាន​ហើយ​ថ្នាំ​ពណ៌​នោះ​គ្មាន​ គុណភាព ​វា​អាច​នឹង​ប៉ះ​ពាល់​ដល់​សុខ​ភាព​ស្បែក​ក្បាល​និង​សក់​ ហើយ​​បណ្តាល​ឲ្យ​រលាក​ឬ​រោគ​ផ្សិត​ស្បែក​ក្បាល​ និង​មាន​អង្គែ​​ថែម​ទៀត។ ផ្ទុយ​ទៅ​វិញ​​ ប្រសិន​បើ​ពួក​គេ​ជ្រើស​រើស​យក​ការ​ព្យាបាល​ដោយ​ឆ្លង​កាត់​ការ​វិភាគ​ពី​ គ្រូ​ពេទ្យ​ជំនាញ​ឯក​ទេស​បាន​ត្រឹម​ត្រូវ​ នោះ​ខាង​អ្នក​ជំនាញ​គេ​មាន​ការ​ព្យាបាល​ដោយ​លាប​ពណ៌​សក់​លុប​បំបាត់​សក់​ ស្កូវ​ជាប់​រហូត​ដល់​រយៈ​ពេល ​៦​ខែ៕
អត្ថបទ៖ ផល្លា សុម៉ាលីណា
រូបថត៖ បរទេស​

ប្រភពពីសប្បាយ