កាតុ ផ្ដាំ​ផ្ញើ​ដល់​តារា​ជំនាន់​ក្រោយ កុំ​ធ្វើ​ខ្លួន​ជា​ត្រកួន​​ភ្លេច​បឹង ពេល​បាន​ល្បី

ភ្នំពេញៈ តារាកំប្លែង និងជាពិធីការិនី ដែលកំពុងតែឡើងកូដ លើវិស័យសិល្បៈ ស្ទើរគ្រប់ជំនាញ ទាំងការនិយាយកំប្លុកកំប្លែង ពិធីការិនី និងការសម្តែង អ្នកនាង សុខ ចាន់ធីតា ហៅ កាតុ បានព្រលយពាក្យសំដី ក្នុងន័យក្រើនរំឭកទៅ ដល់តារាប្រុសស្រី ដែលត្រៀមខ្លួនក្លាយជា តារាមួយដួងរះលើវិថីសិល្បៈ និងមានកេរ្តិ៍ឈ្មោះ បានល្បីល្បាញ សូមកុំភ្លេចដើមកំណើតខ្លួន និងមនុស្សដែលធ្វើ ឲ្យយើងល្បីឲ្យសោះ ជាពិសេសទស្សនិកជន ដែលធ្លាប់តែខំគាំទ្រ និងលើកស្ទួយយើងតាំងពីគ្មាន កេរ្តិ៍ឈ្មោះរហូតបានល្បី។
ក្នុងមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា សន្ទុះអ្នកគាំទ្រសិល្បៈ ហាក់មានការរីកដុះដាល ជាលំដាប់ស្ទើរគ្រប់វិស័យ ទន្ទឹមជាមួយនឹង ការមានអ្នកសិល្បៈ ជំនាន់ក្រោយហក់ចូល ប្រឡូកជាហូរហែនោះ ក៏មានតារាអ្នកសិល្បៈជាច្រើន ធ្វើការរិះគន់ថា តារាជំនាន់ក្រោយថា "វាយឫកតម្កើងខ្លួនកប់ពពក មើលមិត្តរួមដំបូលសិល្បៈ ប្រៀបដូចជាដី ហើយខ្លួនឯងលើក ខ្ពស់ហួសមេឃ" ។ ជារឿយៗតែងតែមាន តារាជាច្រើនចេញ មុខផ្ញើសារទៅដល់តារាស្រករក្រោយ កុំឲ្យបញ្ចេញអាកប្បកិរិយាបែបនេះ ព្រោះថាវាអាចនិងធ្វើឲ្យធ្លាក់ ប្រជាប្រិយភាពដោយមិនដឹងខ្លួន។
តារាស្រីសម្បូរវោហារ និងសំណើច អ្នកនាង កាតុ ក៏បានលើកឡើង នៅក្នុងកម្មវិធី "ពេញចិត្តអត់" របស់ស្ថានីយទូរទស្សន៍ MY TV ក្នុងនាម នាងជាគណៈកម្មការកិត្តិយស បានធ្វើការក្រើនរំឭកទៅដល់ តារាស្រករក្រោយផងដែរថា កុំវាយឫក ឬក៏ភ្លេចកំណើតដើម របស់ខ្លួនឲ្យសោះ ដូចពាក្យចាស់ពោលថា "ត្រកួនភ្លេចបឹង" គឺវាគ្មានកំណើតទេ ហើយបើសិនជាយើង មិនឲ្យតម្លៃលើអ្នក ដែលខំលើកស្ទួយយើង អ្វីដែលយើង ទទួលបានក៏មិនយូរដែរ នឹងបាត់បង់ទៅវិញដូចគ្នា។
អ្នកនាង កាតុ បានប្រាប់ឲ្យដឹងទៀតថា "នៅពេលដែលប្អូនក្លាយ ទៅជាតារាល្បីមួយរូប ហើយខំ វាយឫកដាក់តារារៀមច្បង ឬក៏ទស្សនិកជន ដែលធ្លាប់តែជួយ លើកស្ទួយយើង ហើយយើងបែរ ជាវាយឫកខ្ពស់កប់ពពក គឺវាអត់ប្រយោជន៍ទេ ហើយបើយើងធ្វើបែបនោះ ស្រួលមិនស្រួល ល្បី បានតែ១ឆ្នាំ នឹងបាត់ប្រជាប្រិយភាព បាត់មុខពីទូរទស្សន៍ ជាក់ជាមិនខាន"។
តារាកំប្លែងរូបនេះ បានប្រាប់ឲ្យដឹងថា មូលហេតុដែលនាង លើកឡើងបែបនេះ ដោយសារតែ នាងធ្លាប់សង្កេតឃើញ តារាស្រករក្រោយភាគច្រើន នៅពេលដែលក្លាយ ខ្លួនជាតារាហើយ រមែងតែងតែគិតថានេះជា ជោគជ័យរបស់ខ្លួន ដោយមិនបានគិតវែងឆ្ងាយ ឬ ក៏ផ្តល់តម្លៃឲ្យ តារាជើងចាស់នោះទេ ។ បើសិនជាប្អូនៗ ស្រករក្រោយចង់ ក្លាយជាតារាមួយរូប ដែលរក្សាប្រជាប្រិយភាព បានយូរគួណាស់ តែចេះរៀបចំខ្លួន ធ្វើធម្មតាៗ មិនចាំបាច់ប្រកាន់ខ្លួនថា ជាតារាល្បីនោះទេ ដូចពាក្យចាស់ថា "ឱនដាក់គ្រាប់ងើយស្កក់" គឺវាមិនចេះខុសទេ៕

ប្រភព www.lookingtoday.com
Next PostNewer Post Previous PostOlder Post Home

About