សាលារៀន​អន្តរ​ទ្វីប​អាមរិកាំង ​មាន​ប្រតិកម្ម​ជុំវិញ​ព័ត៌​មាន​ ដែល​ថា​មាន​សិស្ស​ស្រី​2​នាក់ ​ឱប​ថើប​គ្នា​នៅ​មុខ​បន្ទប់​រៀន

រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំសាលារៀនអន្តរទ្វីប អាមេរិកាំង និងមាតាបិតាសិស្ស មានប្រតិកម្មយ៉ាងខ្លាំងចំពោះការចុះផ្សាយ រូបភាពផ្តេសផ្តាសបង្ហោះ តាម Facebook របស់អ្នកសារព័ត៌មានមួយចំនួនតូច ដែលបានធ្វើការចុះផ្សាយមិនមាន ការពិត មិនមានប្រភពច្បាស់លាស់ ជុំវិញរូបសិស្សស្រី២នាក់បានឈរ ឱបថើបគ្នានៅមុខបន្ទប់រៀន រៀននៅសាលារៀនអន្តរទ្វីបអាមេរិកាំង។
ពាក់ព័ន្ធនឹងព័ត៌មាននេះ អ្នកទទួលខុសត្រូវរបស់សាលារៀន អន្តរទ្វីបអាមេរិកាំងមួយរូបបាន ប្រាប់កោះសន្តិភាពឱ្យបានដឹងថា តាមពិតរឿងនេះមិនពិតដូចជាគេចោទប្រកាន់នោះឡើយ ហើយលោកក៏បានសាកសួរក្មេងទាំង២រូបនោះដែរ ប៉ុន្តែសិស្សស្រីទាំង២រូបនោះបាននិយាយទាំងស្រក់ទឹកភ្នែកថា តាមពិតរវាងគេទាំង២នាក់ជាមិត្តភក្តិជិតស្និទ្ធនឹងគ្នា រៀនថ្នាក់ជាមួយគ្នានៅថ្នាក់ទី១១ គេមិនបានឱបថើបគ្នានៅមុខបន្ទប់រៀនដូចជាគេបានចុះផ្សាយនោះឡើយ គឺគេទាំង២បានប្រឡែងគ្នាលេងនៅមុខបន្ទប់ទឹកនៅពេលចូលលាងដៃមុន ពេលទទួលទានអាហារតែប៉ុណ្ណោះ ។ អ្នកទទួលខុសត្រូវសាលាដដែលបាននិយាយទៀតថា ការធ្វើបែបនេះទី១អាចប៉ះពាល់អារម្មណ៍សិស្សកំពុងរៀន ខូចកិត្តិយសមាតាបិតាសិស្ស និងនាំឱ្យអាប់ឱនកិត្តិយសរបស់សាលាទៀតផង ។ លោកបានបន្ថែមឱ្យបានដឹងទៀតថា សាលារៀនអន្តរទ្វីបអាមេរិកាំងជាសាលាគំរូមួយតែងតែបានផ្តល់នូវការ អប់រំល្អ តែងតែណែនាំឱ្យសិស្សធ្វើតែរឿងល្អៗ និងធ្វើជាគំរូល្អដល់សិស្សដទៃទៀតផង ។ លោកបានបន្ថែមទៀតថា លោកមានការសោកស្តាយខ្លាំងណាស់ចំពោះរឿងអ្វីដែលបានកើតឡើងនាពេល នេះ លោកសំណូមពរដល់អ្នកសារព័ត៌មានទាំងអស់ មុននឹងសរសេរចុះផ្សាយអ្វីមួយ សូមពិចារណាឱ្យបានល្អិតល្អន់ផង កុំចេះតែធ្វើអ្វីតាមការនឹកឃើញរបស់ខ្លួននោះ ។ លោកសៀវ តិចហួច ជាអាណាព្យាបាល១រូបក្នុងចំណោមសិស្សស្រីទាំង២រូបនេះ មានទីលំនៅក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន បានថ្លែងនូវអារម្មណ៍សោកស្តាយយ៉ាងខ្លាំងចំពោះអ្វីដែលបានធ្វើការ ចុះផ្សាយតាមសារព័ត៌មាននោះ ។ លោកបានធ្វើការអះអាងថា សាលារៀនអន្តរទ្វីបអាមេរិកាំងជាសាលារៀនមួយល្អ ទើបលោកសម្រេចបញ្ជូនកូនឱ្យមករៀន ។ លោកសរសើរថា សាលាមានការអប់រំល្អ ចេះទទួលខុសត្រូវ មិនត្រឹមតែរូបលោកនោះទេ មាតាបិតាជាច្រើនក៏សរសើរថាសាលារៀនអន្តរទ្វីបអាមេរិកាំងជាសាលាល្អ ដែរ។ លោកសំណូមពរឱ្យសារព័ត៌មានទាំងអស់ ថ្ងៃក្រោយមុននឹងចុះផ្សាយត្រូវពិចារណាផង វាអាចធ្វើឱ្យប៉ះពាល់អារម្មណ៍សិស្ស ខូចកិត្តិយសសាលា ប៉ះពាល់កិត្តិយសឪពុកម្តាយសិស្ស ហើយនឹងនាំឱ្យអាប់កិតិ្តយសអ្នកសារព័ត៌មានដទៃទៀតផង ។ ហើយលោកក៏មានការកោតសរសើរដល់សារព័ត៌មានដទៃទៀត ដែលតែងតែចុះផ្សាយអ្វីដែលល្អ និយាយការពិត ធ្វើឱ្យមានការរីកចម្រើនដល់សង្គមជាតិទាំងមូល ៕

Next PostNewer Post Previous PostOlder Post Home

About