អ.ហ ខណ្ឌមានជ័យ បង្រ្កាបមុខសញ្ញា លួចយ៉ាងសកម្ម នៅរាជធានីភ្នំពេញ បានម្នាក់



ភ្នំពេញ : ជនសង្ស័យជាមុខសញ្ញា លួចកាច់កម៉ូតូដ៏សកម្ម នៅរាជធានីភ្នំពេញម្នាក់ ត្រូវកម្លាំងកងរាជអាវុធ ហត្ថខណ្ឌមានជ័យ បង្រ្កាបបានភ្លាម ក្នុងពេលកំពុងធ្វើសកម្មភាព លួចកាច់ ក ម៉ូតូ របស់អ្នកភូមិទ្រា៤ នៅក្នុងសង្កាត់ស្ទឹងមានជ័យ កាលវេលាម៉ោង១១ និង១០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៣ ។
ជនសង្ស័យ ត្រូវកម្លាំងល្បាត របស់កងរាជអាវុធហត្ថ ខណ្ឌមានជ័យ សហការ ជាមួយនគរបាលប៉ុស្តិ៍បឹង ទំពុន ដេញចាប់បាន ខណ:ជនសង្ស័យ កំពុងធ្វើសកម្មភាព កាច់កម៉ូតូ ហើយត្រូវម្ចាស់ ម៉ូតូឃើញ និងបានស្រែកឲ្យ សមត្ថកិច្ចជួយដេញចាប់ ស្របពេលកម្លាំងល្បាត របស់កងរាជ អាវុធហត្ថខណ្ឌ ល្បាតក្បែរកន្លែងកើតហេតុ ក៏ចាប់ឃាត់ខ្លួនបានភ្លាមតែម្តង។
ជនសង្ស័យឈ្មោះ នៅ កែវ ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅ ភូមិព្រែកសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។ សមត្ថកិច្ចបានដកហូតម៉ូតូ របស់ជនរងគ្រោះមួយគ្រឿង ម៉ាកសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-0876។
ជនសង្ស័យបានសារភាពថា ខ្លួនធ្លាប់ធ្វើសកម្មភាពលួច នៅក្នុងរាជធានីភ្នំពេញរាប់ លើកមកហើយ ពិសេសនៅក្នុងភូមិសាស្រ្ត សង្កាត់ស្ទឹងមានជ័យ និងបឹងទំពុន។ ជនសង្ស័យសារភាពទៀតថា រាល់លើកគឺរូបគេ បានជិះរថយន្តតាក់ស៊ី ពីខេត្តតាកែវ មកភ្នំពេញ និងធ្វើសកម្មភាពលួច កាច់កម៉ូតូ ក បានសម្រេចជាច្រើនលើក ឲ្យតែម្ចាស់ធ្វេសប្រហេស និងយកទៅលក់នៅខេត្តតាកែវ ព្រំដែនប្រទេសវៀតណាម ហើយនៅថ្ងៃឃាត់ខ្លួននេះ រូបគេ កំពុងធ្វើសកម្មកាច់ក ម៉ូតូ ក៏ត្រូវម្ចាស់ទាន់ និងស្រែកឲ្យសមត្ថកិច្ច ចាប់ឃាត់បានតែម្តង។
បច្ចុប្បន្នជនសង្ស័យ រួមទាំង វត្ថុតាង ត្រូវបានបញ្ជូនទៅឃុំ ខ្លួននៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី ដើម្បីកសាងសំណុំរឿង ចាត់ការតាម នីតិវិធីច្បាប់៕



ដោយ ៖ ដើមអម្ពិល
=
Next PostNewer Post Previous PostOlder Post Home

About