បង្ក្រាបគ្រឿងញៀន ពីរខណ្ឌចាប់ជនល្មើស ចំនួន៨នាក់ និងថ្នាំញៀនជាង ៥០០គ្រាប់

ភ្នំពេញ៖ កម្លាំងនគរបាល ប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំងនគរបាល មូលដ្ឋាន ដឹកនាំដោយ ព្រះរាជអាជ្ញារង ឯក ឆេងហ៊ួត នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៣នេះ បានចុះបង្ក្រាប មុខសញ្ញាចែកចាយ និងជួញដូរគ្រឿងញៀន ទ្រង់ទ្រាយធំ គួរសមមួយ នៅខណ្ឌ៧មករា ក្បែរផ្សារអូឫស្សី និងក្រោយរោងកុន គីរីរម្យ ក្នុងខណ្ឌចំការមន ដោយឃាត់ខ្លួន ជនល្មើស ចំនួន៨នាក់ ក្នុងនោះ ស្រី២នាក់ និងរឹបអូសថ្នាំញៀន ជាង៥០០គ្រាប់។
សេចក្តីរាយការណ៍ ពីនគរបាល ក្រសួងមហាផ្ទៃ ដែលចូលរួមក្នុង ប្រតិបត្តិការខាងលើនេះ បានឲ្យដឹងថា ជនល្មើស ចំនួន៥នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះ ស្រីចំនួន២នាក់ នៅក្បែរផ្សារអូឫស្សី រួចហើយ សមត្ថកិច្ច បានបន្តទៅចាប់ខ្លួន ជនល្មើសចំនួន៣នាក់ ផ្សេងទៀត ព្រមទាំងថ្នាំញៀន ជាង៥០០គ្រាប់ នៅក្រោយរោងកុន គិរីរម្យ ក្នុងខណ្ឌចំការមន នាយប់់ថ្ងៃដដែលនេះ ។
យ៉ាងណាក៏ដោយ សមត្ថកិច្ច មិនទាន់មានការ បញ្ជាក់ពីអត្តសញ្ញាណ ជនល្មើសទាំងនេះទេ ហើយបច្ចុប្បន្ន ជនល្មើសទាំងនេះ ត្រូវបាននាំខ្លួនទៅកាន់ មន្ទីរប្រឆាំង គ្រឿងញៀន ក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ៕










ប្រភពដោយ ដើមអម្ពិល
Next PostNewer Post Previous PostOlder Post Home

About