ខេត្តកំពង់ចាម ៖ ខណៈពេលដែលអំពើប្លន់ផ្ទះរបស់អ្នកលក់អង្ករ កាលពីពេលថ្មីៗនេះ ជនសង្ស័យមិនទាន់នឹង កំណត់បាននូវមុខសញ្ញាណាម្នាក់ផង បែរជាកើតមានអំពើប្លន់ម៉ូតូ ម៉ាកឌ្រីម C125 មួយគ្រឿង ស៊េរី២០១៣ ពណ៌ខ្មៅ មានលេខតួនិងលេខម៉ាស៊ីន ៨៨២២៧៣២ នៅមុខសាកលវិទ្យាល័យវេស្ទើន កាលពីវេលាម៉ោង៨និង២៥នាទីយប់ថ្ងៃទី២៨ មីនា ២០១៣ ស្ថិតក្នុងភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ដោយក្រុមចោរមានគ្នា២នាក់ ប្រើអាវុធខ្លី១ដើម តែមិនបានបាញ់លើអ្នក រងគ្រោះជាម្ចាស់ម៉ូតូនោះទេ គ្រាន់តែភ្ជង់យកហើយជិះគេចទៅបាត់ ដោយសុវត្ថិភាពតែម្តង ។
តាមលោកគង់ សុខុម នាយប៉ុស្តិ៍សង្កាត់រដ្ឋបាលវាលវង់ ប្រាប់ឲ្យកោះសន្តិភាពដឹងថា នៅមុនពេលកើតហេតុ បុរសអ្នករត់ម៉ូតូឌុបឈ្មោះហុក លីហុង អាយុ២៩ឆ្នាំ រស់នៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម បានឌុបអ្នកជំងឺម្នាក់ចេញពីគ្លីនិកមួយត្រឡប់មកផ្ទះវិញស្ថិតនៅភូមិទី២ សង្កាត់វាលវង់។ លោកគង់ សុខុម បានប្រាប់បន្តថា ស្របពេលដែលជិះមកដល់ត្រង់មុខផ្ទះអ្នកជំងឺរូបនោះបានចុះពីលើម៉ូតូដើរតម្រង់ទៅផ្ទះ ភ្លាមៗនោះស្រាប់តែមានចោរ២នាក់ មកភ្ជង់ប្លន់គំរាមបាញ់សម្លាប់យកម៉ូតូឌ្រីម C125 របស់អ្នករងគ្រោះ រួចជិះគេចចេញទៅទិសខាងត្បូងបាត់ ។ ក្រោយកើតហេតុបុរសអ្នករត់ម៉ូតូឌុបត្រូវបានមិត្តភក្តិឌុបមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់វាលវង់ ប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តាមរកម៉ូតូទាំងយប់ផងដែរ ៕