ក្រុងប៉ោយប៉ែត ៖ លោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីនៃប្រទេសថៃ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៣ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវករនៅក្នុងផ្សាររ៉ុងក្លឿ ដើម្បីពិនិត្យមើល ស្ថានភាពទូទៅ ពិសេសលើស្ថានភាពចរាចរទំនិញ រវាងកម្ពុជាទៅថៃ និងពីថៃមកកម្ពុជា។ ជាមួយគ្នានេះអាជ្ញាធរកម្ពុជា-ថៃ បានប្រកាសផ្អាកការធ្វើដំណើរឆ្លងកាត់ ច្រកព្រំដែនក្លងឡឹក-ប៉ោយប៉ែត មួយថ្ងៃផងដែរ ដើម្បីសម្រួលដល់ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ។
អាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងស្រុកអារញ្ញ ប្រាថេត បានរៀបចំសណ្តាប់ធ្នាប់ យ៉ាងល្អដើម្បី ទទួលបដិសណ្ឋារកិច្ចលោកស្រី យ៉ីងឡាក់ និងគណៈប្រតិភូ ជាមួយការយាមកាមសន្តិសុខយ៉ាងតឹងរឹងពីសមត្ថកិច្ច។ ជាមួយនឹងដំណើរទស្សនកិច្ចនេះដែរ ខាងកម្ពុជាវិញ ទាំងអាជ្ញាធរ និងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ក៏ដូចជាក្រុងប៉ោយប៉ែតក៏បានត្រៀម លក្ខណៈយ៉ាងល្អចំពោះការបំពេញទស្សនកិច្ចរបស់លោកស្រី យ៉ីងឡាក់ នៅតំបន់ព្រំដែន ដែលមិនមានការព្រៀង។
លោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត្រា បានចាកចេញពីផ្សាររុងក្លឿង ទៅកាន់ទីក្រុងបាងកកប្រទេសថៃវិញ បន្ទាប់ពីលោកស្រីចំណាយពេលខ្លី មកសួរសុខទុកពលរដ្ឋនៅផ្សាររុងក្លឿ។ យ៉ាងណាក៏ដោយរថយន្តដឹកទំនិញ និងការជញ្ជូនឥវ៉ាន់តាមរទេះ របស់ពលរដ្ឋកម្ពុជាបានចរាចរជាធម្មតាហើយ។ សូមបញ្ជាក់ថា នៅក្នុងផ្សាររ៉ុងក្លឿ មានអាជីវករខ្មែរជាច្រើន បាននិងកំពុងបំពេញការងារ ប្រកបរបរចិញ្ចឹមជីវិត ព្រមទាំងលក់ដូរផងដែរ៕
