ភ្នំពេញ ៖ កម្លាំងប៉ូលិសខណ្ឌសែនសុខ និងកម្លាំងប៉ូលិសខណ្ឌពោធិសែនជ័យ ព្រមទាំងមានកិច្ចសហការពីកម្លាំងប៉ូលិស ព្រហ្មទណ្ទរាជធានីភ្នំពេញ រាប់រយនាក់ ប្រដាប់ដោយអាវុធវែងខ្លី បានតាមប្រមាញ់ចាប់ជនសង្ស័យចំនួន ៣នាក់ ជាក្រុម ចោរប្លន់ប្រដាប់អាវុធ ដែលបានបើកការបាញ់ប្រហារមកលើកម្លាំងប៉ូលិសជាច្រើនគ្រាប់ ។

ចោរប្លន់ត្រូវបានប៉ូលិស ចាប់បានជាបន្តបន្ទាប់ ។
ទោះបែបណាប៉ូលិសបានបាញ់សម្រុកជាច្រើនគ្រាប់ទៅលើជនសង្ស័យ ដើម្បីគម្រាមចាប់ខ្លួន ប៉ុន្តែប៉ូលិសបានក្របួចចាប់
បានជនសង្ស័យចំនួន ២នាក់ភ្លាមៗ ចំណែកឯបក្សពួកម្នាក់ទៀតបានរត់ចូលទៅពួននៅក្នុងព្រៃដីឡូត៍មួយកន្លែងស្ថិត
នៅ ភូមិក្រាំងអង្ក្រង សង្កាត់ ក្រាំងធ្នង់ ខណ្ឌ ពោធិ៍សែនជ័យ ។
ហេតុការនេះបានកើតឡើង នាវេលាម៉ោងប្រមាណ ១០:៣០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ ។ ប្រតិបត្តិការ
មានការបាញ់តដៃគ្នាដូចក្នុងវីដេអូចិនហុងកុង រវាងក្រុមចោរប្លន់ និងកម្លាំងនគរបាលខណ្ឌសែនសុខ បានដឹកនាំដោយ
លោក ម៉ក់ ហុង និងកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ប៊ន សំអាត ។
ប្រតិបត្តិការតាមប្រមាញ់ក្រុមជនសង្ស័យជាក្រុមចោរប្លន់នេះ បានធ្វើឡើង ក្រោមការបញ្ជាផ្ទាល់ពីលោកវិរៈសេនីយ៍ឯក
ជួន ណារិន្ទ ស្នងការរងនគរបាល និងជាប្រធានការិយាល័យកណ្តាលយុត្តិធម៌រាជធានី ភ្នំពេញ ហើយក៏មានវត្តមាន
លោក លី សាវេតអភិបាលខណ្ឌសែនសុខ និងលោក ម៉ូវ ម៉ានិត អភិបាលរង និងលោក គិត សុផល មេបញ្ជាការកង
រាជអាវុធហត្ថខណ្ឌសែនសុខ បានចូលរួមក្នុងប្រិតបត្តិការខាងលើនេះ ផងដែរ ។
លោក ម៉ក់ ហុង អធិការប៉ូលិសខណ្ឌសែនសុខបានឱ្យដឹងថា ខណៈកម្លាំងប៉ូលិសអន្តរាគម៍ខណ្ឌសែនសុខ ២នាក់
ឈ្មោះ ហុង រ័ត្នមុន្នី រហស្សនាម ២៥ហ្សិត និងឈ្មោះ ភួង បូណា កំពុងជិះម៉ូតូល្បាត ក៏ឃើញជនសង្ស័ចំនួន ៣នាក់
កំពុងអង្គុយលើម៉ូតូអត់ស្លាកលេខ ចំនួន ២គ្រឿង នៅមុខខ្លោងទ្វារ វត្តសំរោងអណ្តែត ក៏ហៅធ្វើការឆែកឆេរ ។
លោកបន្តថា នៅពេលកម្លាំងប៉ូលិស ២នាក់ខាងលើឆែកនៅលើខ្លួន ស្រាប់តែជនម្នាក់ក្នុងចំណោម ៣នាក់នេះ បាន
ដកកាំភ្លើងតំរង់មកលើប៉ូលិស រួចរត់ឡើងម៉ូតូបើករត់ ពេលនោះប៉ូលិសយើងក៏ដេញតាម ស្រាប់តែមកដល់ចំណុចភូមិ
ក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌ ពោធិ៍សែនជ័យ ពួកជននេះបានបាញ់ប្រហារមកលើប៉ូលិស ទើបប៉ូលិសប្រមូល
ផ្តុំគ្នាឡោមព័ទ្ធ ពេលនោះជនទាំងនេះបានបាញ់ប្រហារមកលើបូលិសវិញយ៉ាងចាស់ដៃ តែម្តង ។
នៅទីនោះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្រុមចោរប្លន់ចំនួន ២នាក់ភ្លាមៗ ខណៈជនសង្ស័យម្នាក់ទៀត កំពុងពួននៅក្នុង
ដីឡូត៍ មួយកន្លែង ហើយកម្លាំងសមត្ថកិច្ចជាច្រើននាក់ បាននិងកំពុងឡោមព័ទ្ធ ពីខាងក្រៅ គិតត្រឹមវេលាម៉ោង
១១:១៥ នាទីយប់ថ្ងៃដដែល ។ ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចបានដកហូតម៉ូតូចំនួន ២គ្រឿង ផងដែរ ។
ជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចប្រាប់ថា ទី១. ឈ្មោះ ថន វណ្ណៈ និងទី២. ឈ្មោះ សឿន សុជាតិ ។
នៅពេលវេលាឈានចូលដល់ ម៉ោង ១:៣០នាទី ឆ្លងចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ កម្លាំងសមត្ថកិច្ច បានចាប់ផ្តើម
ដុតស្មៅ និងដើមឈើតូចនៅក្នុងដីឡូត៌នោះ ដើម្បីតាមចាប់ជនសង្ស័យម្នាក់ដែលកំពុងពួន ប៉ុន្តែរកមិនឃើញជននេះទេ៕




