ផ្អែក ​លើ​របាយការណ៍​ពិភពលោក​ប្រចាំ​ឆ្នាំ​បាន​រក​ឃើញ​ថា ​សិង្ហបុរី​ជា​កន្លែង​ដ៏​ល្អ​បំផុត​ដើម្បី​ក្លាយ​ខ្លួន​ជា​ម្ដាយ​ប្រចាំ​ តំបន់​អាស៊ី។ ​របាយការណ៍​របស់​​ភ្នាក់ងារ​ផ្ដល់​ជំនួយ​ដល់​កុមារ​​ Save the Children ​​​​បាន​ចាត់​ទុក​សិង្ហបុរី​ ជា​ប្រទេស​ដែល​មាន​សុវត្ថិភាព​បំផុត​សម្រាប់​ទារក​កើត​ក្នុង​តំបន់​អាស៊ី​​។
របាយការណ៍ ​​ The State of the World’s Mother ​បាន​​​​ប្រៀបធៀប​ស្ថានភាព​រវាង​ម្ដាយ​ និង​ទារក​​ក្នុង​ប្រទេស​ចំនួន ១៧៦។ ​​​លទ្ធផល​បាន​បង្ហាញ​ថា ​សិង្ហបុរី​ជាប់​ចំណាត់ថ្នាក់​ទី ១៥ ​ជា​ប្រទេស​ល្អ​បំផុត​ដើម្បី​ក្លាយ​ខ្លួន​ជា​ម្ដាយ ​ដោយ​ផ្អែក​ទៅ​លើ​​សុខភាព​ម្ដាយ ​​ស្ថានភាព​សេដ្ឋកិច្ច​ និង​ការ​អប់រំ​របស់​ម្ដាយ ​សុខភាព និង​អាហារ​បំប៉ន​របស់​ទារក។
​ ផ្អែក​លើ​ការ​ប្រៀបធៀប​ខាង​លើ​ សិង្ហបុរី​បាន​​នាំ​មុខ​ប្រទេស​ជឿនលឿន​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​ដូចជា ​ជប៉ុន ​កូរ៉េខាងត្បូង ​និង​ម៉ាឡេស៊ី។ ​ប៉ុន្តែ​បើ​មើល​ជា​រួម​ ប្រទេស​ហ្វាំងឡង់ ​ជាប់​ចំណាត់ថ្នាក់​លេខ​១។
​ ការ​ចាត់​ចំណាត់ថ្នាក់​របស់​អង្គការ​ Save the Children ​គឺ ​មើល​ទៅ​លើ​ចំនួន​​​ទារក​ដែល​ស្លាប់​នៅ​ថ្ងៃ​ដំបូង​​​ក្នុង​ចំណោម​ទារក​ ១០០០ ​នាក់។ ​សិង្ហបុរី​មាន​អត្រា​ទារក​ដែល​ស្លាប់​នៅ​ថ្ងៃ​ដំបូង​ត្រឹម ០,៥ ​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​ទារក​ដែល​កើត​ ១០០០ នាក់។ ​​​បើ​គិត​ទូទាំង​ពិភពលោក​វិញ​​ មាន​ទារក​ ១​​ លាន​នាក់​​ស្លាប់​​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃ​ដំបូង​​បន្ទាប់​ពី​កើត​មក។
​ ​​លោក​ Mike Novell ​ប្រធាន​អង្គការ​ Save the Children ​ប្រចាំ​​តំបន់​ ​បាន​និយាយ​ថា ​”សិង្ហបុរី​អាច និង​គួរ​ចាត់​ទុក​ជា​ប្រទេស​គំរូ​ដែល​ប្រទេស​ដទៃ​គួរ​យក​តម្រាប់​តាម”។ ​មន្ត្រី​ដដែល​​ ​បន្ថែម​ថា​ សិង្ហបុរី​សម្បូរ​ទៅ​ដោយ​បុគ្គលិក​សុខាភិបាល​ដែល​ជំនាញ​​ផ្នែក​ថែរក្សា​ សុខភាព​មុន​កំណើត ​​សម្រាល ​និង​ក្រោយ​កំណើត៕
ប្រែ​សម្រួល៖ Zac
ប្រភព៖ straitstimes​  សប្បាយ