ខេមរៈ សិរីមន្ត និងសុខ ពិសី
គ្រោះថ្នាក់ចរាចរណ៍គួរឱ្យតក់ស្លុត បណ្តាលឱ្យខ្ទេចរថយន្តតារាចម្រៀងខេមរៈ សិរីមន្ត ពេលប៉ះជាមួយឡានកុងតឺន័រ នាំឱ្យមនុស្សស្លាប់ ៤នាក់ និងរបួសមួយចំនួន នៅផ្លូវជាតិ លេខ៤ នោះ ធ្វើឱ្យមហាជនបាននឹកដល់គ្រោះថ្នាក់ ដែលកើតលើតារាស្រីល្បីរបស់សាន់ដេ ដែរ គឺសុខ ពិសី ដែលគ្រោះថ្នាក់ចរាចរណ៍នោះ ស្ថិតនៅលើ បណ្តោយផ្លូវជាតិតែ១ ខេត្តតែមួយ។ ប៉ុន្តែ តារាល្បី ទាំង២ដួង ដែលជួបគ្រោះថ្នាក់ដូចគ្នានេះ បែរជាមានសំណាង អាចរួចជីវិត ឬហៅថា សំណាង១ ក្នុង ១ម៉ឺនគ្រោះថ្នាក់ នាំឱ្យមហាជននិយាយថា សិរីមន្ត និងពិសី ជាតារា “ជីវិតថ្លៃ”…។
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏ញាក់សាច់ កាលពី រាត្រីថ្ងៃទី០៧ មីនា រថយន្តតារាចម្រៀងខេមរៈ សិរីមន្ត Toyota Tundra ត្រូវឡានកុងតឺន័រ បុកលាន់ដូចរន្ទះ ហើយបណ្តាលឱ្យ មនុស្ស៤នាក់ បានស្លាប់ភ្លាមៗ និងរបួសមួយចំនួន នៅចំណុច ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមបណ្តោយផ្លូវជាតិ លេខ៤ នោះ ធ្វើឱ្យកក្រើកអស់មហាជន និងអ្នកសិល្បៈទូទៅ ហើយ ឥឡូវទៅណា ក៏ឮតែគេហៅតារាចម្រៀងខេមរៈ សិរីមន្ត ដែលរួចពី សេចក្តីស្លាប់ដ៏អស្ចារ្យនោះថា “តារាអាយុថ្លៃ” ព្រោះតែអ្នកជិះក្នុងឡាន មានគ្នា៨នាក់ បានស្លាប់៤នាក់ និងរបួសធ្ងន់ស្ទើរតែទាំងអស់ តែសិរីមន្ត បែរជាត្រូវស្រាលជាងគេ។
ទោះបីជាបែបនេះក្តី តារាល្បីរបស់សាន់ដេ រូបនេះ នៅតែមិនទាន់មានអារម្មណ៍នឹងន មិនទាន់អាចច្រៀងបានទេ ព្រោះនៅនឹកស្រណោះស្តាយការបាត់បង់ជីវិត ក្រុមការងារ មានអ្នកបើកឡាន និងអ្នករាំអមផ្ទាល់ខ្លួន៣នាក់នោះ។
តាមប្រភពថា ពេលនេះ ខេមរៈ សិរីមន្ត ប្រឹងសម្ងំរម្ងាប់អារម្មណ៍ នៅផ្ទះ ហើយក្រុមគ្រួសារបងប្អូន បានព្យាយាមលួងលោមលើកទឹកចិត្ត តារារូបនេះ ឱ្យបំភ្លេចរឿងដ៏រន្ធត់នោះ។ ទោះជាអ្នកនៅជុំវិញខ្លួនបាន ថ្នមចិត្តសិរីមន្ត បែបនេះក្តី តែអ្នកចម្រៀងអាយុថ្លៃរូបនេះ នៅតែ ស្រងេះស្រងោច អារម្មណ៍ច្របូកច្របល់ ព្រោះគ្រោះថ្នាក់ដ៏កំណាច នោះ ហាក់នៅឃើញនឹងភ្នែកជាប់ជានិច្ច។
ការរួចពីសេចក្តីស្លាប់របស់ខេមរៈ សិរីមន្ត ដែលចាត់ទុក ថាជាគ្រោះថ្នាក់ចរាចរណ៍ធំបំផុត ប្រចាំឆ្នាំ២០១៣ សម្រាប់ តារាសិល្បៈខ្មែរនេះ ធ្វើឱ្យគេនឹកដល់តារារួមដំបូលសាន់ដេ ជាមួយសិរីមន្ត ដែរ គឺអ្នកចម្រៀងសុខ ពិសី ដែលកាលពី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០០៨ វេលាម៉ោង៣ : ៣០នាទីរសៀល តារាសាច់សខ្ចីរូបនេះ ក៏ជួបគ្រោះថ្នាក់ក្រឡាប់រថយន្ត នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចស្រុកកំពង់សិលា ខេត្តព្រះសីហនុ នេះ បានបណ្តាលឱ្យអ្នករួមដំណើរជាមួយស្លាប់អស់៤នាក់ អ្នកម្តាយ ជីដូន ក្មួយ របស់សុខ ពិសី បាត់បង់ជីវិតភ្លាម ហើយឡានLexus RX300 ពណ៌ខ្មៅរបស់នាង ខ្ទេចអស់ដូចឡានខេមរៈ សិរីមន្ត នៅពេលនេះដែរ។
សុខ ពិសី ពេលនោះ បានរងរបួសបាក់ជើង សន្លប់ស្តូក ហើយក្រោយពីដឹងស្មារតីវិញ និងដឹងការពិត តារារូបនេះបានទ្រហោយំស្ទើរបែកមេឃ ព្រោះតែស្តាយជីវិតក្រុមគ្រួសារពេក។
គេចាំបានថា រំលងបាន១ឆ្នាំគត់ ពោលគឺនៅខែមេសា ២០០៩ ទើប សុខ ពិសី អាចមានអារម្មណ៍ល្អ ឡើងច្រៀងលើឆាកតន្ត្រីវិញ និងបានហក់ចូល ទៅផលិតកម្មសាន់ដេ បន្ទាប់ពីបានសាកល្បងនៅ ផលិតកម្មកូរ៉េ ហ្សាស “Zass” និងផលិតកម្មរស្មីគជ់សមុទ្រ បានតែប៉ុន្មានបទប៉ុណ្ណោះ។ ថ្មីៗនេះ អ្នកយកព័ត៌មានយើងបានជួបសុខ ពិសី ផ្ទាល់ ហើយនៅពេលត្រូវសួរថា តើហ៊ានបើកបរ លើផ្លូវជាតិលេខ៤ ទៅកំពង់សោម ទៀតទេ សុខ ពិសី បានឆ្លើយថា មិនមែនមកពីបញ្ហាផ្លូវទេ គឺមកពីការបើកបរ។
ពិសី បញ្ជាក់ថា “តាំងពីសិរីមន្ត មានបញ្ហាអាក្រក់ នេះ កើតឡើងមក ខ្ញុំរឹតតែមានការប្រុងប្រយ័ត្ន រឿងការកាន់ចង្កូតឡានថែមទៀត ហើយខ្ញុំបានបើក តែផ្លូវជិតៗទេ បើទៅច្រៀងខេត្តឆ្ងាយៗ ឱ្យលោកប៉ា និងពូ ជាអ្នកបើកជំនួស ឬបើនៅយប់ជ្រៅពេក គេង នៅខេត្តតែម្តង”។
ដោយឡែក តារាចម្រៀងខេមរៈ សិរីមន្ត បាន ប្រកាសផ្អាកការងារសិល្បៈ តែមួយរយៈប៉ុណ្ណោះ ហើយក្រោយបុណ្យប្រពៃណីចូលឆ្នាំខ្មែរ ហើយ នឹងអាចវិលត្រឡប់រកឆាកតន្ត្រីវិញ។ ប៉ុន្តែ ត្រូវមើលពីអារម្មណ៍ខ្លួនឯង ដែរថា តើអាចច្រៀងបានឬអត់ ព្រោះពេលនេះ ហាក់នៅរវើរវាយ និង ភ្លឹកៗនៅឡើយ។
ជុំវិញគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់របស់តារាល្បី ខេមរៈ សិរីមន្ត នេះ មានជំនឿអរូបីមួយ ត្រូវបានលើកឡើង ពីក្រុមអ្នកគួកជេរឡានថា មកពីសិរីមន្ត បានបាញ់ថ្នាំប្តូរពណ៌ឡាន ពីពណ៌ដើម គឺពណ៌សំបកឪឡឹក មកពណ៌ស ទើបបានជារថយន្តជួបគ្រោះថ្នាក់បែបនេះ…។ ប៉ុន្តែ ខេមរៈ សិរីមន្ត បានបញ្ជាក់ដោយអារម្មណ៍ស្រងូតស្រងាត់ថា វាមិនមែនមកពីបញ្ហាទាំងអស់ហ្នុងទេ តែមកពីការបើកបររបស់ឡានកុងតឺន័រតែម្តង។
សិរីមន្ត និយាយថា “មិនមែនទាក់ទងនឹងម៉ូដឡានពណ៌ហ្នុងទេ គឺមកពីការបើកបររបស់គាត់ គ្មានការប្រុងប្រយ័ត្ន”។ សិរីមន្ត បញ្ជាក់ បែបមិនសប្បាយចិត្តថា “ឥឡូវខ្ញុំកំពុងតែរវល់ណាស់ សួរថា ហេតុអី បានជាខ្ញុំត្រូវជួបរឿងបែបនេះ គឺមកពីអ្នកបើកឡានកុងតឺណឺរហ្នឹងឯង”។
ដើម្បីជាការព្រមានដល់អ្នកបើកបរទូទៅ ខេមរៈ សិរីមន្ត បានដាក់ពាក្យប្តឹងទៅក្រុមហ៊ុនSK ភាគីឡានកុងតឺណឺរ របស់ឧកញ៉ាលី សាយឃាង ដោយទារសំណង ៩ ម៉ឺនដុល្លារ ដែលកំពុងត្រៀមឡើងតុលាការ នៅក្រុងព្រះសីហនុ ឆាប់ៗនេះ។
មានការលើកឡើងថា សម្រាប់តារាល្បីនាំមុខគេ នៅសាន់ដេ ខេមរៈ សិរីមន្ត និងសុខ ពិសី សុទ្ធតែបាន ជួបគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ ដូចគ្នា។ ដូចនេះ តើអ្នកទាំង២ ឬក្រុមហ៊ុនសាន់ដេ ហ៊ានប្រថុយ ឱ្យពួកគេទៅច្រៀងនៅក្រុងកំពង់សោម តាមផ្លូវជាតិនេះដែរឬទេ?
លោកឡាយ សុខចំរើន អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម សាន់ដេ បានឆ្លើយតបភ្លាមៗថា វាស្ថិតនៅលើតារាចម្រៀងទេ ខាងសាន់ដេ មិនបានចងជើងឡើយ។
លោកសុខចំរើន និយាយថា “វាមិនមែន មកពីបញ្ហាផ្លូវទេ ព្រោះរាជរដ្ឋាភិបាលយើងកំពុងតែអភិវឌ្ឍ បញ្ហានោះ គឺនៅលើអ្នកបើកបរមិនគោរពច្បាប់ ឬមិនប្រុងប្រយ័ត្ន។ ដូចនេះ ខ្ញុំស្នើឱ្យ អ្នកកាន់ចង្កូតឡានទូទៅ កុំពិសាគ្រឿងស្រវឹង ពេល បើកបរ។ ចំពោះតារាសាន់ដេ ក្រុមហ៊ុនមិនបាន ហាមឃាត់ឱ្យទៅច្រៀងតាមខេត្តទេ គ្រាន់តែ ទៅ ណា ប្រាប់មកក្រុមហ៊ុនទៅ ជាការស្រេច” ៕

សុខ ពិសី ពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ, រថយន្តភ្ជាប់ផ្ទះចល័ត របស់ខេមរៈ សិរីមន្ត
ប្រភពអង្គរធំមេឌា