កូរ៉េខាងជើង ៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង បានផ្សាយថា សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ឬកូរ៉េខាងជើង បាននិយាយនៅថ្ងៃសៅរ៍ ទី៣០នេះថា ខ្លួនបានដាក់ប្រទេសចូលទៅក្នុងភាពដែល អាចកើតសង្គ្រាម គ្រប់ពេលវេលាជាមួយប្រទេសកូរ៉េខាងត្បូង។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ដោយយោងតាមសេចក្តីថ្លែងការណ៍មួយ ចេញដោយកូរ៉េខាងជើងបានឲ្យដឹងថា «គ្រប់បញ្ហារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង នឹងត្រូវផ្ទុះឡើង ដោយយោងតាមលក្ខខណ្ឌ សម័យសង្គ្រាម»។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើងផ្សាយថា «ការចាប់ផ្តើម លក្ខខណ្ឌយូរអង្វែង ក្នុងឧបទ្វីបកូរ៉េ គឺប្រសិនបើគ្មានសង្គ្រាម ក៏មិនមានសនិ្តភាពដែរ នៅទីបញ្ចប់នោះ»។
នៅក្នុងសេចក្តីថ្លែងនោះបន្ថែមថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បក្ស និងអង្គការផ្សេងទៀត បានព្រមានថា នឹងមានការឈ្លានពាន ដោយយោធា នៅជិតកោះ និងព្រំដែនសមុទ្រនៃ ប្រទេសកូរ៉េទាំងពីរ ក្នុងជម្លោះដ៏ពេញលេញនៃ សង្គ្រាមនុយក្លេអ៊ែរនេះ។ លោក គីម ជុងអ៊ុន មេដឹកនាំកំពូល របស់កូរ៉េខាងជើងបានប្តេជ្ញាថា នឹងវាយប្រហារយន្តហោះ ដោយប្រើប្រាស់កម្លាំង យុទ្ធសាស្ត្រមីស៊ីល ខណៈយន្តហោះ ទម្លាក់គ្រាប់បែក របស់អាមេរិក ប្រភេទ B-2 បាន ហោះហើរមក ដល់ឧបទ្វីបកូរ៉េ។
ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឆាក់ ហាហ្គែល បានបដិសេធថា យន្តហោះទម្លាក់ គ្រាប់ បែកប្រភេទ B-2 ចំនួនពីគ្រឿងនេះ បានបញ្ជូន មកឧបទ្វីបកូរ៉េ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមធ្វើសមយុទ្ធ មិនមែនជាការឈ្លានពាន ស្ថានការណ៍ក្នុង តំបន់នោះទេ ៕