យោងតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអាមេរិកបានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែក ធុន B-2 ពីរគ្រឿង ដែលអាមេរិកបញ្ជូនទៅកាន់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ គឺធ្វើឡើងក្នុងក្របខ័ណ្ឌសមយុទ្ធប្រចាំឆ្នាំ ដែលកំពុងបើកធ្វើជាមួយកងទ័ពកូរ៉េខាងត្បូង។ យន្តហោះ B-2 ទាំង ២គ្រឿងនេះ បានហោះចេញដោយផ្ទាល់ពីសហរដ្ឋអាមេរិក ឆ្ពោះទៅកាន់កូរ៉េខាងត្បូង រួចហើយទម្លាក់គ្រាប់បែកសិប្បនិមិត្ត ទៅលើគោលដៅបានគ្រោងទុក មុននឹងហោះត្រឡប់មកកាន់សហរដ្ឋអាមេរិកវិញ ពោលគឺហោះ ក្នុងរយៈចម្ងាយសរុបជាង ២ម៉ឺនគីឡូម៉ែត្រ ដោយមិនឈប់សំចត។
គួរបញ្ជាក់ថា យន្តហោះ ធុន B-2 គឺជាយន្តហោះទម្លាក់គ្រាប់បែកដ៏ទំនើបបំផុតរបស់អាមេរិក ដែលអាចហោះបំបាំងខ្លួនមិនឲ្យរ៉ាដាចាប់បាន ហើយអាចផ្ទុកគ្រាប់បែកនុយក្លេអ៊ែរបានរហូតដល់ទៅ ១៦គ្រាប់ ដែលក្នុង ១គ្រាប់ៗ មានកម្លាំងរហូតដល់ទៅជាង ១ម៉េហ្កាតោន។ អាមេរិកបានបញ្ជាក់ថា ការបញ្ជូនយន្តហោះ B-2 ទៅកាន់កូរ៉េខាងត្បូង ពេលនេះ គឺជាការបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ អំពីសមត្ថភាពរបស់អាមេរិក ក្នុងការវាយប្រហារតាមផ្លូវអាកាសទៅលើទីតាំង ដែលមានចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រពីទឹកដីអាមេរិក ហើយអាចធ្វើបានយ៉ាងឆាប់រហ័ស និងតាមចិត្តចង់។ រដ្ឋមន្ត្រីការពារជាតិអាមេរិកបានប្រាប់ទៅសមភាគីកូរ៉េខាងត្បូងថា អាមេរិកនឹងការពារកូរ៉េខាងត្បូង ដោយប្រើគ្រប់មធ្យោបាយយោធាទាំងអស់ រួមមានទាំងគ្រឿងសព្វាវុធធម្មតា និងសព្វាវុធនុយក្លេអ៊ែរ៕