ហេតុការនេះកើតឡើង កាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅក្នុង រោងចក្រកាត់ដេរសម្លៀក បំពាក់ផេ្លកថាម ភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីក្រុមគ្រួសារនារីរងគ្រោះបាន ឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ហ៊ិន សារ៉ាត់ អាយុ២៩ឆ្នាំ មានមុខរបរ ជាកម្មការិនីរោងចក្រ រស់នៅភូមិចំការលើ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល នារីរងគ្រោះស្លាប់ពេល បញ្ជូនជិតដល់មន្ទីរពេទ្យបែកចាន។
លោក ចាប ចាន់ថា អធិការង នគរបាល ខណ្ឌពោធិ៍សែនជ័យ ទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងតែ ឈរធ្វើការនៅក្នុងរោងចក្រ ស្រាប់តែដួលសន្លប់បាត់ស្មារតី ភ្លាមៗនោះ តំណាងរោងចក្របាន បញ្ជូនទៅកាន់ពេទ្យប្រចាំនៅ ក្នុងរោចក្រឲ្យជួយព្យាបាល ប៉ុន្តែបន្ទាប់ហៅគ្រូពេទ្យ ប្រចាំនៅក្នុងរោងចក្រ ពិនិត្យរួចហើយ ឃើញថា ធ្ងន់ធ្ងរពេកជួយមិនបានក៏ឲ្យតំណាងរោងចក្រ ហៅសាមុយ បែកចានមកដឹកយកទៅសង្គ្រោះតែដឹក មិនទាន់ដល់មន្ទីរពេទ្យផងស្រាប់តែនាងដាច់ខ្យល់ ស្លាប់បាត់បង់ជីវិតតែម្តងទៅ ។
លោកបានបន្តទៀតថា ឪពុកម្តាយរបស់នារីរងគ្រោះបានមកដល់ហើយ បានឲ្យនគរបាលធ្វើកោសលវិច្ឆ័យ ទៅលើសាកសពកូនស្រីរបស់ ដោយគាត់សង្ស័យថា មានគេវាយដំកូនស្រីរបស់ ឬមួយក៏កូនស្រីរបស់គាត់ ត្រូវថ្នាំពុល ទើបបណ្តាលឲ្យកូនស្រីរបស់ស្លាប់យ៉ាង ឆាប់រហ័សបែបនេះ ប៉ុន្តែដោយសារតែមាន ការអះអាងពីក្រុមគ្រូពេទ្យ រួមនិងនគរបាលបានពន្យល់ដល់ឪពុកម្តាយ នារីរងគ្រោះ ទើបគាត់ឈប់ឲ្យធ្វើកោសលវិច្ឆ័យ និងបានសុំយកសពកូនស្រីទៅកាន់លំនៅដ្ឋានដើម្បី ធ្វើបុណ្យទៅតាមប្រពៃណី។
បើតាមការសាកសួរកម្មករ កម្មការិនី នៅខាងមុខរោងចក្របាននិយាយថា ជនរងគ្រោះស្លាប់មិនដឹង មកពីមូលហេតុអ្វីនោះទេ តែបើគ្រូពេទ្យសន្និដ្ឋានថា ជំងឺគាំងបេះដូង ដូច្នេះហើយការស្លាប់ របស់នារីរងគ្រោះគឺដោយសារការ ធ្វេសប្រហែសរបស់ភាគីរោងចក្រ ដោយភ្លាមៗ មិនបញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋ ដោយព្យាយាម នៅព្យាបាលក្នុងរោងចក្រ ទុករហូតដល់ជនរងគ្រោះធ្ងន់ធ្ងរ ទើបស្រវេស្រវ៉ាហៅ រថយន្តមកដឹកយកទៅសង្គ្រោះ ម្យ៉ាងវិញទៀតភ្លាមៗនោះភាគីរោងចក្រហាក់បីដូចជា មានបំណងចង់បិទបាំង ព័ត៌មានពីនគរបាល ប៉ុន្តែដោយសារទ័ល ច្រករាយការណ៍ប្រាប់នគរបាល ដូច្នេះជនរងគ្រោះស្លាប់នេះហាក់បីដូចជានៅមានអាថ៍កំបាំងនៅឡើយ បើជាករណីផ្សេង វិញ អ្នកស្លាប់ពិតជារងភាពអយុត្តិធម៌ណាស់ ។
ប៉ុន្តែករណីខាងលើនេះនគរបាលបានបញ្ជាក់យ៉ាងច្បាស់ថា គ្រូ ពេទ្យបែកចានអះអាងថា ជនរងគ្រោះស្លាប់ដោយសារជំងឺគាំងបេះដូងមិនមានករណីផ្សេងនោះទេប៉ុន្តែដោយស្ថានភាពជំងឺធ្ងន់ជ្រុលទើបបញ្ជូនមកមិនដល់មន្ទីរពេទ្យក៏ស្លាប់។ បច្ចុប្បន្នសាកសពត្រូវប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


ដោយ៖ ដើមអម្ពិល