ប៉ូលិស​ប៉ុស្ដិ៍ និង​ខណ្ឌ​បំបែក​សម្បុក​​ក្រុម​ចោរ​នាំ​អ្នកម៉ូតូ​ឌុប​​ទៅ​វាយ​ប្លន់

រាជធានីភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍ចោមចៅ និងខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអធិការប៊ន សំអាត បានឃាត់ខ្លួនក្រុមជនសង្ស័យមួយសម្បុកមានប្រុស មានស្រី ដែលកន្លងមកតែងតែ ធ្វើសកម្មភាពហៅម៉ូតូឌុបជិះនាំយក ទៅវាយប្លន់បានសម្រេច ជាបន្តបន្ទាប់ហើយគេចខ្លួនបាត់ស្រមោលរាល់ លើក ។ ការចាប់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១១ និង២៥នាទីយប់ថ្ងៃទី៣ មេសា នៅមុខវិទ្យាល័យហ៊ុន សែនជម្ពូវ័ន សង្កាត់ចោមចៅ ដោយចាប់បានម្នាក់ និងពីរនាក់ទៀតចាប់បាននៅក្នុងផ្ទះសំណាក់សែនមនោរម្យម៉េងហុង ស្ថិតក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
ក្រុមចោរប្លន់ខាងលើដែលត្រូវសមត្ថកិច្ច ចាប់ខ្លួននេះមាន១-ឈ្មោះសៀម បូរិន្ទ ហៅអាឆ្វេង ភេទប្រុស  អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិគល់គម ឃុំត្រាំកក់ ស្រុកត្រាំកកក់ ខេត្តតាកែវ ស្នាក់នៅផ្ទះជួលក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ  ២-ឈ្មោះ សេងលី ស្រីណែត ភេទស្រី អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល ត្រូវជាសង្សារ ៣-ឈ្មោះ យិន ប្រុសម៉េង ភេទប្រុស អាយុ២១ឆ្នាំ  មានទីលំនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ  ។ ជាមួយនឹងការចាប់ឃាត់ខ្លួននេះ សមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿងម៉ាកឆាលី ពណ៌ទឹកប៊ិក ពាក់ស្លាកលេខភ្នំពេញ១AJ-១៤៨៥ដែលពួកគេជិះធ្វើសកម្មភាព ។
មន្ត្រីប៉ូលិសមួយរូបឲ្យដឹងថា នៅមុនពេលចាប់ខ្លួន កម្លាំងប៉ូលិសប៉ុស្តិ៍ចោមចៅសហការជាមួយប៉ូលិសខណ្ឌពោធិ៍សែន ជ័យដឹកនាំដោយលោកអធិការប៊ន សំអាត បានចេញល្បាតនិងតាមដានមុខសញ្ញាជនសង្ស័យដែលបានកំណត់រួចជា ស្រេចនៅពេលចេញធ្វើសកម្មភាពប្លន់ម្ដងៗពួកគេមានគ្នាចំនួន ៤នាក់ និងមិនបានបូករួមជាមួយស្រ្តីជាសង្សារនោះឡើយ ។ ពេលទៅដល់មុខវិទ្យាល័យហ៊ុន សែនជម្ពូវ័នបានប្រទះឃើញជនសង្ស័យឈ្មោះយិន ប្រុសម៉េង កំពុងជិះម៉ូតូឆាលីមួយគ្រឿងម្នាក់ឯងក៏ឃាត់សួរនាំនិងបានហៅ ជនរងគ្រោះដែលត្រូវពួកគេវាយប្លន់កាលពីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៣ ។ខណៈនោះ ជននេះបានសារភាពពីសកម្មភាពរបស់ខ្លួននិងបក្សពួក ទើបលោកអធិការបញ្ជាឲ្យទៅឃាត់ខ្លួនបក្សពួកពីរនាក់ផ្សេងទៀតគឺ ឈ្មោះសៀម បូរិន្ទ និងស្រ្តីជាសង្សារឈ្មោះសេងលី ស្រីណែតដែលកំពុងស្នាក់នៅជាមួយគ្នានៅក្នុងផ្ទះសំណាក់សែន មនោរម្យម៉េង ហុង ស្ថិតក្នុងភូមិកន្ទោកខាងជើងសង្កាត់កន្ទោក ។
លោកវរសេនីយ៍ទោប៊ន សំអាត អធិការប៉ូលិសខណ្ឌពោធិ៍សែនជ័យឲ្យដឹងថា កន្លងមកក្រុមចោរមួយសម្បុកនេះបានធ្វើសកម្មភាពប្លន់យ៉ាងសកម្ម ដោយពួកគេបានហៅអ្នករត់ម៉ូតូឌុបពីទីប្រជុំជននាំយកទៅវាយ ប្លន់យកម៉ូតូនៅកន្លែងស្ងាត់ និងគេចខ្លួនជាបន្តបន្ទាប់។ក្រោយពេលមានហេតុការណ៍ប្លន់ម្ដងៗ កម្លាំងរបស់លោក ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញប្រតិបត្តិការពួនស្ទាក់និងធ្វើការស្រាវជ្រាវជាបន្ត បន្ទាប់រហូតចាប់បានទាំងសម្បុកតែម្ដង ។
លោកអធិការបានបន្តថា ក្រោយពេលចាប់ខ្លួនបានមានជនរងគ្រោះចំនួន៣នាក់ហើយដែលត្រូវក្រុម ចោរនេះហៅឲ្យឌុបពីទីប្រជុំជនយកទៅវាយប្លន់យកម៉ូតូនៅកន្លែង ស្ងាត់នោះបានចេញមកចង្អុលមុខជាបន្តបន្ទាប់និងបានអះអាងថា ជនសង្ស័យឈ្មោះសៀម បូរិន្ទ ហៅអាឆ្វេងគឺជាអ្នកដៃដល់ក្នុងការវាយប្លន់ទៀតផង ។ ចំណែកស្រ្តីម្នាក់ជាសង្សាររបស់ជនសង្ស័យនោះបានរស់នៅជាមួយគ្នាពីរ បីឆ្នាំមកហើយ ដូច្នេះនាងបានដឹងច្បាស់ពីសកម្មភាពរបស់ដៃគូស្នេហា ប៉ុន្តែនាងមិនព្រមរាយការណ៍ជូនសមត្ថកិច្ចទេ គឺមានការសមគំនិតគ្នាក្នុងការធ្វើសកម្មភាពប្លន់កន្លងមក ។
ក្រុមជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ផ្នែក ព្រហ្មខណ្ឌពោធិ៍សែនជ័យរង់ចាំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង និងបន្តធ្វើការស្រាវជ្រាវរកចាប់ខ្លួនបក្សពួកពីរនាក់ទៀតដែល កំពុងរត់គេចខ្លួន ៕
Next PostNewer Post Previous PostOlder Post Home

About