ការព្រមានថ្មីនេះ គឺស្រដៀងគ្នានឹងការព្រមានកាលពីប៉ុន្មានថ្ងៃមុនដែលតម្រូវឲ្យស្ថានទូតបរទេសឆាប់ជម្លៀសចេញពីកូរ៉េខាងជើងបើចង់រក្សាសន្តិសុខ សុវត្ថិភាពក្នុងករណីមានសង្គ្រាមឆេះឡើង។
មេដឹកនាំវ័យក្មេងកូរ៉េខាងជើងលោក គីម ជុងអ៊ុន ចុះពិនិត្យមើលកងទ័ពជួរមុខកាលពីពេលកន្លងមក
សេចក្ដីថ្លែងការណ៍របស់គណៈកម្មការសន្តិភាពប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិករបស់កូរ៉េខាងជើងដែលផ្សាយក្នុងបណ្ដាញសារព័ត៌មានរដ្ឋ KCNA បានលើកឡើងថា “ស្ថានការណ៍នៅឧបទ្វីបកូរ៉េកំពុងវិវឌ្ឍទៅរកសង្គ្រាមអាវុធនុយក្លេអ៊ែរ ហើយ”។ សេចក្ដីថ្លែងការណ៍ដដែលបន្តថា ទីក្រុងព្យុងយ៉ាងមិនចង់ឲ្យជនបរទេសដែលរស់នៅក្នុងប្រទេស កូរ៉េខាងត្បូងក្លាយជា “ជនរងគ្រោះ” នោះទេ ដូច្នេះ ក្រុមហ៊ុនបរទេសដែលកំពុងដំណើរការ និងអ្នកទេសចរដែលកំពុងស្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវប្រញាប់ជម្លៀសចេញជាមុនដើម្បីសុវត្ថិភាព។
កូរ៉េខាងជើង ក៏បានលើកឡើងដែរថា ជំហានថ្មីនេះគឺ រុញច្រានដោយភាពតានតឹងពីមួយថ្ងៃទៅមួយថ្ងៃពីសំណាក់ “ជនសង្គ្រាមនិយមអាមេរិក” និងអាយ៉ងរបស់គេគឺ កូរ៉េខាងត្បូង ដែលមានបំណងវាតទីមកលើកូរ៉េខាងជើង។
ស្របគ្នានេះ កម្មករកូរ៉េខាងជើងបានធ្វើពហិការមិនចូលធ្វើការទេនៅថ្ងៃអង្គារ នៅតំបន់ឧស្សាហកម្មរួម Kaesong ដែលជាសញ្ញាមួយដ៏អាក្រក់មួយកម្រិតទៀតដែលបញ្ជាក់ថា អ្វីៗកំពុងឈានទៅដល់មាត់ជ្រោះនៃសង្គ្រាមហើយ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-Hye បាននិយាយថា សកម្មភាពរបស់កូរ៉េខាងជើងពិតជា “គួរឲ្យខកចិត្តជាខ្លាំង” ហើយក៏បង្ហាញពីការមិនគោរពបទដ្ឋានវិនិយោគដែលនៅអនាគតនឹងជះ ឥទ្ធិពលទៅលើកូរ៉េខាងជើងខ្លួនឯងផ្ទាល់៕
ប្រភព៖ BBC,