ស្រ្តីមេម៉ាយ រងគ្រោះថ្នាក់ ចរាចរណ៍ សុំកិច្ចអន្តរាគមន៍ ពីឧបនាយក រដ្ឋមន្រ្តីសុខអាន

ភ្នំពេញ៖ ស្រ្តីរងគ្រោះថ្នាក់ ចរាចរណ៍ម្នាក់ ឈ្មោះ អ៊ីត ទូច បានសុំកិច្ចអន្តរាគមន៍ ពីឧបនាយករដ្ឋមន្រ្តី សុខ អាន ក្នុងករណីបុរសឈ្មោះ ហេង គីមគូ ធ្វើការនៅ នាយកដ្ឋានហិរញ្ញកិច្ច នៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានបើក រថយន្តបុកហើយមិនទទួលខុសត្រូវ។
កញ្ញា អ៊ិត សំនៀង កូនស្រ្តីរងគ្រោះ បានមកកាន់ការិយាល័យ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃពុធ ទី ១០ ខែមេសា ឆ្នាំ២០១៣ ប្រាប់ឲ្យដឹងថា បន្ទាប់ពីកើតហេតុរួចមកទាំងរថយន្តនិង ម៉ូតូត្រូវបានយកទៅរក្សាទុក នៅ ស្នងការដ្ឋានខេត្តតាកែវ ប៉ុន្តែមិនបានប៉ុន្មានផងរថយន្តត្រូវបានប្រគល់ទៅឲ្យជនបង្កវិញ ដោយមិនបានតម្កល់ ឬធានាអ្វីឡើយ ចំណែករបស់វិញរក្សាទុកនៅស្នងការដ្ឋានខេត្តដដែល។
យោងតាមពាក្យបណ្តឹងរបស់ស្រ្តី ឈ្មោះ អ៊ីត ទូច ដែលគោរពជូន ទៅលោកឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋ មន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២ ឈ្មោះ ហេង គីមគូ បានបើករថយន្តតូយ៉ូតា RAV-4 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2P 26 35 នៅលើផ្លូវជាតិលេខ៣ ក្នុងទិសដៅពីភ្នំពេញ ឆ្ពោះទៅខេត្តកំពត លុះមក ដល់ចំណុចផ្សារត្រាំកក់ នៅភូមិយាយឡ ឃុំត្រាំកក់ ស្រុក ត្រាំកក់ បានមកបុកពេញទំហឹង មកលើម៉ូតូគុបសេ៥០ របស់គាត់ នៅពេលម៉ូតូបត់ចូលផ្សារ បណ្តាលឲ្យគាត់ ប៉ើងឡើងលើ រួចធ្លាក់មកវិញ ធ្វើឲ្យបាក់ជើងប៉ះក្បាលហើមខួរក្បាលនិងខូចភ្នែកខាងស្តាំ។
កញ្ញាបន្តថា ចំពោះជនបង្កហេតុវិញ មិនបានចូលខ្លួន មកដោះស្រាយវិញឡើយព្រោះអាងខ្លួន ធ្វើជាមន្រ្តីនៅទីស្តី ការគណៈរដ្ឋមន្រ្តី។
យ៉ាងណាក៏ដោយ លោក ហេង គីមគូ បានមានប្រសាសន៍ថា មិនដូចជាការឡើងរបស់គាត់នោះទេ គឺម៉ូតូ ស្រ្តីម្នាក់នោះជាអ្នកបើកមកបុកគាត់មុន ដោយខាងលោកបានជិះត្រឹមត្រូវ ហើយបន្ទាប់ពីមានករណីនេះ កើត ឡើងភ្លាមក៏បានហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកគាត់ទៅពេទ្យ ព្រមទាំងបានចេញសំណង ដល់ស្រ្តីរងគ្រោះ ១.៥០០ដុល្លារ។
លោកបន្តថា ខាងលោករង់ចាំការចរចាជាមួយស្រ្តីម្នាក់នោះបន្តទៀត ប៉ុន្តែខាងស្រ្តីនោះ មិនព្រមមកចរចាឡើយ ដោយខាងគេចង់ទាមទារប្រាក់ជំងឺចិត្តមានចំនួនច្រើន៕

Photo by DAP-NEWS
Photo by DAP-NEWS

ដោយៈ ដើមអម្ពិល
Next PostNewer Post Previous PostOlder Post Home

About