
ប្រជាពលរដ្ឋខ្មែរនាំគ្នា សម្រុកចេញពីរាជធានីភ្នំពេញដើម្បីទៅជួបជុំក្រុមគ្រួសារនៅតាម បណ្ដាខេត្ដរៀងៗខ្លួនក្នុងឱកាសចូលឆ្នាំថ្មីកន្លងមក។ រូបថត ហេង ជីវ័ន
ចំណងមិត្ដភក្ដិរវាងបងប្អូនឪពុកម្ដាយ ឬមាមីងទាំងអស់ពិតជាមិនអាចកាត់ថ្លៃនិងបំភ្លេចមិនបានឡើយ។ ប្រជាពលរដ្ឋមួយចំនួនដែលបានឃ្លាតឆ្ងាយពីស្រុកកំណើតនិងក្រុម គ្រួសារដើម្បីស្វែងរកការងារធ្វើឬបន្ដការសិក្សាមានអារម្មណ៍ ស្រណោះស្រណោកនឹករឭកដល់គ្រួសារធ្លាប់រួមរស់យ៉ាងកក់ក្ដៅ។ ការជួបជុំនៃសេចក្ដីនឹករឭកនេះ ពួកគេនឹងវិលមកស្រុកកំណើតនៅក្នុងឱកាសនានា ជាពិសេសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។
ខណៈពេលដែលគ្រួសារនីមួយៗជួបជុំគ្នាក្នុងឱកាសថ្ងៃបុណ្យចូល ឆ្នាំថ្មីប្រជាពលរដ្ឋដែលឃ្លាតឆ្ងាយស្រុកកំណើតនិងធ្វើដំណើរមក ផ្ទះសម្បែងវិញ។ វាគឺជាពេលវេលាដ៏ល្អបំផុតប្រចាំឆ្នាំដែលយើងសង្កេតឃើញថា រយៈពេលប៉ុន្មានថ្ងៃមុនប្រជាពលរដ្ឋចាប់ផ្ដើមធ្វើដំណើរទៅកាន់ ស្រុកកំណើតរបស់ខ្លួនយ៉ាងគំហុក។
និស្សិតដែលមកបន្ដការសិក្សានៅភ្នំពេញឈ្មោះ ស៊ិន និមល អាយុ២១ឆ្នាំ បានប្រាប់ថា៖ «ខ្ញុំនៅមិនសុខទេ ប្រសិនបើខ្ញុំត្រូវនៅម្នាក់ឯងក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មី ដោយមិនបានចូលរួមជាមួយនឹងក្រុមគ្រួសារ។ ខ្ញុំពិតជានឹករឭកពួកគាត់ណាស់។ ដូច្នេះ ខ្ញុំត្រូវតែត្រឡប់ទៅផ្ទះវិញនៅថ្ងៃចូលឆ្នាំ»។
កញ្ញា បានបន្ថែមថាជារឿយៗកញ្ញាទៅលេងស្រុកកំណើតនៅពេលណាដែលគាត់មាន ពេលទំនេរបើទោះបីជារវល់យ៉ាងណាក៏ដោយថ្ងៃចូលឆ្នាំខ្មែរគឺជា ថ្ងៃដែលមិនអាចខកខានបានទេ។ គាត់តែងតែធ្វើដំណើរទៅជាមួយមិត្តភក្តិដែលមកពីស្រុកជាមួយគ្នា ដើម្បីបានជាគ្នា និងអាចជួយគ្នាទៅវិញទៅមកពេលមានបញ្ហាអ្វីកើតឡើងនៅតាមផ្លូវ។
ជាងនេះទៅទៀតនៅក្នុងឱកាសនោះដែរមិនមែនមានតែអ្នកធ្វើដំណើរ ទៅកាន់ស្រុកកំណើតនោះទេដោយឡែកអ្នករស់នៅក្នុងទីក្រុងខ្លះក៏ ធ្វើដំណើរទៅកម្សាន្តនៅតាមរមណីយដ្ឋានផ្សេងៗដែរជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួកគេ។ដូច្នេះនៅពេលដែលពួកគេចាកចេញពីផ្ទះ មានបញ្ហាខ្លះដែលអាចកើតឡើងនឹកស្មានមិនដល់ជាពិសេសគឺផ្ទះសម្បែង របស់ពួកគេនិងសុវត្ថិភាពនៃការធ្វើដំណើរ។តើពួកគេធ្វើយ៉ាងណា ទើបអាចរក្សាសុវត្ថិភាពនិងរក្សាទ្រព្យសម្បតិ្តរបស់ពួកគេដែលនៅ ផ្ទះក្នុងខណៈដែលពួកគេចាកចេញ?
អ្នកស្រី ពៅ សុម៉ាលី អាយុ៤៧ឆ្នាំ ជាម្ចាស់ហាងលក់គ្រឿងទេសមួយ បាននិយាយថា៖ «នៅថ្ងៃនោះ ខ្ញុំនឹងធ្វើដំណើរទៅលេងស្រុកកំណើតដើម្បីសួរសុខទុក្ខគ្រួសារ ពីព្រោះវាជាពេលវេលាដ៏អស្ចារ្យមួយប្រចាំឆ្នាំ។ ខ្ញុំតែងតែចាកចេញពីផ្ទះដើម្បីប្រារព្ធពិធីនេះជាមួយគ្រួសារនៅ ស្រុកកំណើតហើយអ្វីដែលខ្ញុំតែងតែខ្វល់នោះគឺផ្ទះរបស់ខ្ញុំ។ ខ្ញុំបារម្ភខ្លាចវាមានអគ្គិភ័យឆាបឆេះ ព្រោះខ្ញុំកត់សម្គាល់ឃើញថាឆ្នាំមុនក៏មានករណីឆាបឆេះនៅក្នុង ឱកាសនេះដែរដូច្នេះមុនពេលខ្ញុំចាកចេញពីផ្ទះខ្ញុំតែងតែរៀបចំ អ្វីទាំងអស់ឲ្យរួចរាល់ដោយប្រកដថាវានៅតាមកន្លែងត្រឹមត្រូវ»។
អ្នកស្រីបានបន្ថែមថាគាត់តែងតែធ្វើឲ្យប្រាកដថាគាត់បានបិទ ភ្លើងនិងកុងតាក់ភ្លើងរួចរាល់មុនពេលចាកចេញពីផ្ទះ។ ជាពិសេសវត្ថុផ្សេងៗដែលងាយនឹងឆាបឆេះដូចជាសាំង ប្រេងឬក៏ហ្គាសដែលមាននៅក្នុងផ្ទះ។
បញ្ហាវាមិនស្ថិតនៅលើតែសុវត្ថិភាពនៅក្នុងផ្ទះនោះទេ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ក៏ជាបញ្ហាដែលគួរឲ្យព្រួយបារម្ភខ្លាំង ផងដែរ។នៅពេលដែលមនុស្សធ្វើដំណើរទៅកាន់ខេត្តផ្សេងៗនៅក្នុង ប្រទេស។វាក៏ជាបញ្ហាដែលគួរឲ្យព្រួយបារម្ភសម្រាប់អ្នកធ្វើដំណើរ ដែរ។ យោងតាមស្ថិតិដែលបានបោះពុម្ពផ្សាយនៅក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០១២ កន្លងទៅនេះគឺមានមនុស្សចំនួន៤៨នាក់បានស្លាប់និង៣៤៤នាក់បានរង របួសនៅតាមផ្លូវក្នុងទីក្រុង និងតាមតំបន់ទេសចរណ៍ពេញនិយមមួយចំនួនក្នុងខណៈពេលនោះដែរក៏មាន ឧប្បត្តិហេតុអគ្គិភ័យកើតឡើងហើយបានឆាបឆេះអស់ផ្ទះ១៦ខ្នងនៅក្នុង រាជធានីភ្នំពេញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរ។
លោក សុខ សេរីវុធ អាយុ៣២ឆ្នាំជាអ្នកបើកបរតាក់ស៊ីទៅមកភ្នំពេញខេត្តកំពតបាននិយាយ ថា៖«ខ្ញុំអាចរកចំណូលបានច្រើននៅក្នុងអំឡុងពេលនេះពីព្រោះមាន ម៉ូយច្រើន។ប្រាកដណាស់ខ្ញុំតែងតែខ្វល់ពីសុវត្ថិភាពជាចម្បងនៅ ក្នុងពេលដែលខ្ញុំកំពុងបើកបរ។ ខ្ញុំរត់តែពេលថ្ងៃហើយខ្ញុំអាចបើកដល់ពេលយប់ទៀតដើម្បីបានកម្រៃ បន្ថែម ប៉ុន្តែបើធ្វើបែបនេះគឺវាប្រថុយនឹងគ្រោះថ្នាក់ពេក។ ដូច្នេះខ្ញុំខ្វល់ពីជីវិតខ្លួនឯងក៏ដូចជាអ្នកដំណើរផងដែរ។ ខ្ញុំមិនបើកហួសល្បឿនឬក៏យប់ជ្រុលនោះទេពីព្រោះខ្ញុំបារម្ភពី សុវត្ថិភាព»។
លោកបានបន្ថែមថាលោកបើកតាក់ស៊ីប្រហែលជា១០ឆ្នាំមកហើយអ្វីដែល គាត់ខ្វល់បំផុតនោះគឺសុវត្ថិភាព។គាត់គិតថាបើសិនជាអ្នកបើកបរ ទាំងអស់យោគយល់គ្នានិងចេះគោរពច្បាប់ចរាចរណ៍នោះនឹងអាចចៀសវាង គ្រោះថា្នក់បាន។អ្នកបើកបរតាក់ស៊ីគួរតែខ្វល់ពីជីវិតជាជាង ប្រាក់កាស។
យោងទៅតាមបញ្ហានេះកញ្ញា ទូច ស្រីស្រស់អាយុ២៦ឆ្នាំជាកម្មការិនីរោងចក្របាននិយាយថា៖ «តាមដែលខ្ញុំធ្លាប់ឮពីមុនមកមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើន នៅអំឡុងពេលចូលឆ្នាំថ្មីដូច្នេះមុននឹងខ្ញុំឡើងជិះឡានឈ្នួល ខ្ញុំសង្កេតមើលដែរបើសិនជាមើលទៅដឹកមនុស្សលើសចំណុះជ្រុលពេកក៏ ខ្ញុំមិនជិះដែរ។ តម្លៃខុសគ្នាបន្តិចបន្តួចខ្ញុំសុខចិត្តជិះឡានណារៀងទូលាយ បន្តិច ពីព្រោះវាមានសុវត្ថិភាពជាង»៕
ប្រភព Postkhmer