ឯកឧត្តម​នាយ​ឧត្តម​សេនី​យ៍ ប៉ុល សារឿន ចុះ​ពិនិត្យ​ការ​ត្រៀម​លក្ខណៈ​បាញ់​អាវុធBM21និង​អាវុធ​ធុន​ធ្ងន់១៣០មីល្លីម៉ែត្រ​


ឯកឧត្តម​នាយ​ឧត្តម​សេនី​យ៍ ប៉ុល សារឿន ចុះ​ពិនិត្យ​ការ​ត្រៀម​លក្ខណៈ​បាញ់​អាវុធBM21និង​អាវុធ​ធុន​ធ្ងន់១៣០មីល្លីម៉ែត្រ​ 

 


 

កំពង់​ស្ពឺ ៖ នៅក្នុង​ការ​ត្រៀម​លក្ខណៈ​ ដើម្បី​ធ្វើ​លំ​ហាត់​បាញ់​សាកល្បង​គ្រាប់​ពិត ​នូវ​អាវុធ​ប្រភេទ BM-21 និង អាវុធ​ធុន​ធ្ងន់១៣០មី​លី​ម៉ែត្រ​ឲ្យ​ទទួល​បាន​ជោគជ័យ កាលពី​ព្រឹក​ថ្ងៃទី៣១ ខែ​មីនា ឆ្នាំ​២០១៣ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនី​យ៍ ប៉ុល សារឿន  អគ្គមេបញ្ជាការ កងយោធពល ខេមរ​ភូមិន្ទ បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅ​ដល់ទី​តាំង​បាញ់​គ្រាប់​ពិត ដើម្បី​ត្រួតពិនិត្យ ស្ថានភាព​ភូមិសាស្ត្រ និង​លក្ខណៈ​បច្ចេកទេស​នៃ​ការ​បាញ់។
តាម​ការ​គ្រោង​ទុក កងយោធពល​ខេមរភូមិន្ទ​នឹង​ធ្វើ​​ការ​បាញ់​សាកល្បង​ នូវ​អាវុធ​ប្រតិកម្ម BM-21 និង អាវុធ​ធុន​ធ្ងន់១៣០មីល្លីម៉ែត្រ​ នៅ​ព្រឹក​ថ្ងៃទី២ ខែមេសា ស្អែក​នេះ នៅ​តំបន់​អា-សេ-អូ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ឯកឧត្តម ឧត្តម​សេនី​យ៍​ឯក ឥត សារ៉ាត់ អគ្គ​មេបញ្ជា​ការ​រង ដែល​បាន​អមដំណើរ នា​ឱកាស​នោះ​​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ដំណើរ​​ការ​បាញ់​បាន​ចែកចេញជា២ដំណាក់កាល ដំណាក់កាល​ទី១​បាញ់​អាវុធ​ធុន​ធ្ងន់១៣០មីល្លីម៉ែត្រ​​១គ្រាប់​ម្តង និង​ដំណាក់កាល​ទី២បាញ់​អាវុធ​ប្រតិកម្មBM-21ក្នុង ​រយៈ​ចំងាយ១៦គីឡូម៉ែត្រ ​ឆ្ពោះ​ទៅ​កាន់​គោលដៅ​ភ្នំ​ចង្អោធំ ជាប់​ព្រំប្រទល់៣ស្រុក​ គឺ​ស្រុក​បរសេដ្ឋ ស្រុក​សំរោង​ទង និង​ស្រុក​ភ្នំស្រួច ក្នុង​ខេត្តកំពង់ស្ពឺ។ ឯកឧត្តម​បាន​បន្ត​ថា អាវុធ​ដែល​បាន​យក​មក​សាកល្បង​បាញ់​នា​ពេល​នេះ គឺជា​អាវុធ​ថ្មី ​ដែល​ទើប​នាំចូល​ពី​បរទេស ​ដើម្បី​បំពាក់​ដល់​កង​យោធពល​​ខេមរភូមិន្ទ​ ក្នុង​ការ​ការពារ បូរណភាព​ទឹកដី ខុសពី​អាវុធ​ដែល​បាន​បាញ់​សាកល្បង​កាល​ពី​​ឆ្នាំ២០១០កន្លងទៅ នៅ​ឯ​ស្រុក​ទឹកផុស​ខេត្តកំពង់ឆ្នាំង ដែល​ជា​​អាវុធ​ចាស់ៗ​សល់​​ពី​សង្គ្រាម។
ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនី​យ៍ ប៉ុល សារឿន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​រវាង​គណៈកម្មការ​ ហ្វឹកហ្វឺន​អគ្គបញ្ជាការ បញ្ជាការដ្ឋាន​កង​អង្គរក្ស កងទ័ព​ជើង ទឹក និង​ក្រុម​យោធា​ចា​រ្យ​របស់​ជំនាញ​កាំភ្លើង​ធំ​ដែល​បាន​សហការ​គ្នា​ល្អ​ និង​បាន​បំពេញ តាម​តួនាទី​ប្រកបដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។ ឯកឧត្តម​បាន​ចាត់​ទុក​ការ​បាញ់​សាក​ល្បង​នា​ពេល​នេះ ថា​ជា​ព្រឹត្តិការណ៍​​ដ៏​មាន​អត្ថ​ន័យ ក្នុង​ការ​បង្ហាញ​នូវ​សមត្ថភាព​របស់​កងយោធពល​ខេមរភូមិន្ទ អំពី​បច្ចេកទេស​ប្រើប្រាស់​អាវុធ ដើម្បី​ការពារ​បូរណភាព ទឹកដី ទប់ទល់​រាល់​ម​ហិច​តា​រំលោភ​ឈ្លានពាន​របស់​ខ្មាំងសត្រូវ។

ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនី​យ៍ ប៉ុល សារឿន ក៏បាន​ណែនាំ​ដល់​កងកម្លាំង​ទាំងអស់ ត្រូវ​សហការ​គ្នា​ឲ្យ​បាន​ល្អ​ជាមួយ​អាជ្ញាធរ​ដែនដី ដើម្បី​ការពារ​សន្តិសុខ​តំបន់​គ្រាប់​ធ្លាក់ ធានា​បាន​សុខ​សុវត្ថិ​ភាពល្អ​ជូន​ប្រជាពលរដ្ឋ៕
Next PostNewer Post Previous PostOlder Post Home

About