ក្រុងប៉ោយប៉ែត ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿង ដឹកទឹកកកពេញ ខណៈកំពុងបើកបោះពួយលឿនជាប់ចង្កូត បណ្តាលឱ្យធ្លាក់ស្នាមភ្លោះទាំងព្រឹក កាលពីវេលាម៉ោងជាង៩ថ្ងៃទី៣១ មីនា ២០១៣ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ប៉ុន្តែមិនបង្ករបួសដល់មនុស្សណាម្នាក់ឡើយ។
រថយន្តរងគ្រោះចង្កូតឆ្វេង ជារថយន្តដឹកទឹកកកមកពីខេត្តបាត់ដំបងផ្នែកខាងមុខរថយន្តគេឃើញមានអក្សរ សសេរថា (សមាគមដឹកទឹកកកខេត្តបាត់ដំបង)។ នៅកន្លែងកើតហេតុគេឃើញទឹកកកចាក់រាយពេញផ្លូវចេញពីផ្ទះអ្នកស្រុកដែល អ្នកបើកបរប្រាប់ថា ទឹកកកទាំងអស់មានជាង១០០ដើមដឹកមកពីខេត្តបាត់ដំបងក្នុងគោលដៅដឹកយក ទៅលក់រាយតាមដងផ្លូវរហូតដល់ក្រុងប៉ោយប៉ែត។
អ្នកបើកបរប្រាប់ថា មុនហេតុការណ៍កើតឡើងរថយន្តដែលខ្លួនបើកបានគាំងចង្កូត ហើយខ្លួន និងព្រូរថយន្តបានព្យាយាមនាំគ្នាខំប្រឹងបួងចង្កូត តែមិនបានសម្រេចទេ ក៏រេចង្កូតធ្លាក់ស្នាមភ្លោះតែម្ដង។ ប៉ូលិសចរាចរស្រុកអូរជ្រៅម្នាក់ដែលស្ថិតនៅកន្លែងកើតហេតុបានប្រាប់ថា រថយន្តរងគ្រោះនេះក្រោយស្ទូច នឹងហៅម្ចាស់សួរនាំ ព្រោះរថយន្តបើកបរខុសបច្ចេកទេស ៕