សេង ហៀង បំបាក់​ផៃ គឹមហឿត​ ក្នុង​ជំនួប​លើក​ទី​1​ នៅ​លើ​សង្វៀន​បាយ័ន​បឹង​ស្នោ​

រាជ​ធានី​ភ្នំពេញ ៖ កាល​ពីរាត្រី​ថ្ងៃ​សុក្រ​ ទី​២៩​ មីនា​កន្លង​ទៅ​ នៅ​លើ​សង្វៀន​បាយ័ន​បឹង​ស្នោ​ប្រមូល​ផ្តុំ​ដោយ​កីឡាករ​-កីឡាការិនី​ចំនួន​៦​ គូ​ឡើង​មក​សម្តែង​ឫទ្ធិ​ដាក់​គ្នា​ជូន​ទស្សនិក​ជន​បាន​ទស្សនា​មិន​ឱ្យខក​ បំណង​ឡើយ​ ។ ក្នុង​ចំណោម​កីឡាករ​ជើង​ខ្លាំង​ទាំង​៦​គូ​នោះ​ គេ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​លើ​គូ​កីឡាករ​ សេង ​ហៀង​  មក​ពី​ក្លិប​យុវជន​កម្ពុជា​មាន​ជ័យ​ ប្រកួត​ជា​មួយ​កីឡា​ករ​ ផៃ​ គឹមហឿត​ មក​ពី​ក្លិប​ខេម​រិន្ទ​មាន​ឫទ្ធិ​ ដោយ​សារ​តែ សេង ហៀង​ ធ្លាប់​ទទួល​ការ​ពិន័យ​មិន​ឱ្យ​ឡើង​រេញ​បាយ័ន​រឿងប្រកួត​ធ្លាក់​ដៃ​​ ដូច្នេះ​បើ​ចាញ់​ទៀត​មិន​ដឹង​ជា​យក​មុខ​ទៅ​ទុក​ឯ​ណា​ទេ ។​ សំណាងល្អ​ឆ្លង​កាត់​ការប្រកួត​យ៉ាង​ស្វិត​ស្វាញ​ចំនួន​៥​ទឹក​ពេញ​ សេង ហៀង​ ទទួល​បាន​ជ័យ​ជម្នះ​ដោយ​ពិន្ទុ​ទាំង​មិន​សូវ​ស្រួល​ខ្លួន​ប៉ុន្មាន​ ។​
មុន​ពេល​ឡើង​រេញ​ប្រកួត​ កីឡាករ​ខ្លួន​តូច​ចិត្ត​ធំ សេង ហៀង​ ត្រូវ​បាន​គ្រូ​បង្វឹក​ និង​អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​ស្ថានីយ​ទូរ​ទស្សន៍​បាយ័ន​ព្រមាន​ សា​ជា​ថ្មី​នៅ​ចំពោះ​មុខ​ថា នេះ​ជា​លើក​ចុង​ក្រោយ​ បើ​វាយ​ដូច​ក្មេងលេង​ទៀត​នោះ​ គឺលែង​យោគ​យល់​ទៀត​ហើយ​ ច្បាស់​ជា​អស់​ផ្លូវ​រក​ស៊ី​ជាមួយ​បាយ័ន​មិន​ខាន ។​ ការ​ព្រមាន​នេះ​កើត​ឡើង​ដោយ​សារ​តែ សេង ហៀង​ មួយ​រយៈ​កន្លងមក​បណ្តោយ​ឱ្យ​ការប្រកួត​របស់​ខ្លួន​អន់​ទៅៗ​ស្ទើរ​តែ​មិន​គួរ ​ឱ្យ​ជឿ​ រហូត​ធ្វើ​ឱ្យ​មហាជន​អស់​ជំនឿ​លែង​ចង់​ឃើញ​មុខ​គេ​ឡើងវាយ​ទៀត​ផង ។​ អុីចឹង​ហើយ​គ្រាន់​តែការ​ប្រកួត​ចាប់​ផ្តើម​ភ្លាម​ គេឃើញ​កីឡាករ​ សេង ហៀង​ បញ្ចេញ​ស្នៀត​គុន​វាយ​ទៅ​លើ​កីឡាករ​ ផៃ​ គឹមហឿត​ ប្រាវៗ​តែ​ម្តង​​ តែ​ក៏​ទទួល​ការ​​វាយ​បក​ពី​ដៃ​គូ​វិញ​ដែរ ។​ បន្ទាប់​ពី​វាយ​គ្នាបាន​មួយ​ប្រាវ​មក​ ពួក​គេ​អត់​ហ៊ាន​ស្ទុះ​ចូល​ទៅ​វាយ​គ្នា​ឱ្យ​បាន​ញឹក​ញាប់​ទេ​ ម្នាក់​ៗ​​បាន​ត្រឹម​តែ​ជន្ល​ព្រោះ​មិន​ទាន់​ដឹង​វិជ្ជា​គុន​គ្នា​ខ្លាំង​ ដល់​កម្រិត​ណា​ ដោយ​សារ​ទើប​តែ​ជួបគ្នា​លើក​ទី១​ ។​ នៅទឹក​ទី​២ និង​ទី​៣​ សេង ហៀង​ ដែល​បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​ត្រូវគេ​តាម​ដាន​គ្រប់​ជំហាន​ប្រកួត​នោះ​ បាន​ខិត​ខំ​ប្រើ​គ្រប់​ល្បិច​ប្រកួត​​វាយ​សន្ធាប់​ដាក់​ដៃ​គូ​ មាន​ត្រូវ​ខ្លះ​ ខុស​ខ្លះ​ ពិសេស​ឱ្យ​តែ​គេ​ចាប់​ដៃ​គូ​បាន​គេ​ច្រើន​ប្រើ​ស្នៀត​ជង្គង់​អុក​យ៉ាង​ រន្ថើន​មិនឱ្យ​របូត​ចេញ​ពីដៃ​ខ្លួន​ឡើយ ។​ ចំណែក​ ផៃ​ គឹមហឿត​ វិញ​បាន​វាយ​បក​សង​វិញ​មាន​ទាំង​ជង្គង់​ ម៉ាត់ និង​ទាត់ ប៉ុន្តែ​ មិន​អាច​ធ្វើ​អ្វី​ សេង​ ហៀង​ បាន​ឡើយ​ព្រោះ​គេ​តែង​គេច​ចេញ​ទាន់​ពេល​ ពេល​ទទួ​ល​រងការ​វាយ​ប្រហារ​ពី​ដៃគូ​ម្តងៗ ។​
ចូល​ដល់​ទឹក​ទី​៥​ ជាទឹក​ចុង​ក្រោយ​ សេង ហៀង​ ដែល​ហាក់​ដឹង​ពី​ចំណុច​ខ្សោយ​របស់​ដៃ​គូ​ គេ​គិត​តែ​ដើរ​ចូល​វាយ​ និង​រក​ឱកាស​ចាប់​ក្រៀក​ ឡើង​ជង្គង់​រហូត​ទាល់​តែ​ ផៃ គឹមហឿត​ អស់​ខ្យល់​និង​ត្រូវ​ចាញ់​ពិន្ទុ​គេ​ទាល់​តែ​បាន​ ។​
សម្រាប់​លទ្ធផល​គូ​ផ្សេង​ទៀត​ កីឡាករ​ ចាន់​ ចំរើន​ មក​ពី​ក្លិប​និរោធ​មាន​ជ័យ​ បាន​បំបាក់​កីឡាករ​ វ៉ាន់​ ចាន់រ៉ា​ មក​ពី​ក្លិប​តាឡី​ដំរី​មាន​ឫទ្ធិ​ ឱ្យ​សន្លប់​ក្នុង​ទឹក​ទី១​ ។ កីឡា​ការិនី​ អេ​ យ៉ានុត​ មក​ពី​ក្លិប​អេភូថត​កីឡា ឈ្នះ​ពិន្ទុ​កីឡា​ការិនី​ គង់​ សារី​ មក​ពី​ក្លិប​ឃុំ​ជ្រៃ​ ខេត្ត​បាត់​ដំបង ។​ កីឡាករ​ ឯម​ លឿង​រ៉ា​ មក​ពី​ក្លិប​គ្រុឌ​មាន​ជ័យ​ ឈ្នះ​ពិន្ទុ​កីឡាករ​ សុខ​ ចំរើន​ស្រ៊ុន​ មក​ពី​ក្លិប​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កម្ចាត់​មីន​កម្ពុជា​ ។ កីឡាករ​ កែវ​ វិរៈ​ មក​ពី​ក្លិប​គជ​សារ​កីឡា បាន​បំបាក់​កីឡាករ​ យ៉ាម​ ពិសិដ្ឋ​ មក​ពី​ក្លិប​រស្មីក​ុមារកំព្រា​ឱ្យ​សន្លប់​នៅ​ទឹក​ទី​១​ និង​គូ​ចុង​ក្រោយ​ កីឡាករ​ សៅ ប៊ុន​នឿន​ មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​មហា​ផ្ទៃ​ ឈ្នះ​ពិន្ទុ​កីឡាករ​ សរ​ សី មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការ​ពារ​ជាតិ ៕​
Next PostNewer Post Previous PostOlder Post Home

About