បុរសម្នាក់ ជិះម៉ូតូជ្រុល​ទៅ បុករថយន្ត ស្លាប់នៅនឹងកន្លែង

កំពតៈ បុរសវ័យចំណាស់ម្នាក់ បានជិះម៉ូតូសង់កូរ៉េ ជ្រុលទៅបុករថយន្ត បែនដឹកដីស្លាប់ភ្លាមៗនៅនឹងកន្លែងនាវេលាម៉ោង ៤ និង២០នាទីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៣ នៅខាងលិច ស្ពានស្រះអាប៉ោង ចម្ងាយ៥០ម៉ែត្រ ក្នុងភូមិបឹងតារោម ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។
មន្រ្តីនគរបាលចរាចរណ៍ស្រុកឈូក ស្ថិតនៅកន្លែងកើតហេតុ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា មុន ពេលកើតហេតុបុរសរងគ្រោះ បានជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កំពត 1A-2750 តាមបណ្តោយ ផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ពោលសំដៅឡើងទៅទីរួមខេត្តកំពត។ លុះដល់ចំណុចកើតហេតុ ខណៈដែលរថយន្តបែនដឹកដី ពណ៌ស ពាក់ស្លាកលេខ កំពត 3A-0449 កំពុងតែធ្វើឡើងដំណើរឡើងចំណោត មកលើផ្លូវជាតិ ហើយរាងកោងមើលមិនឃើញនោះ ធ្វើឲ្យជនរងគ្រោះចាប់ហ្រ្វាំងម៉ូតូ មិនទាន់ជ្រុលទៅបុករថយន្ត ពេញទំហឹង ដួលបោកក្បាលស្លាប់ភ្លាមៗមួយរំពេច។
ជនរងគ្រោះក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរចាងលើនេះ មានឈ្មោះ តុប ង៉ោល អាយុ ៥៦ឆ្នាំ រស់នៅភូមិសុវណ្ណសាគរ ស្រុកកំពង់កណ្តាល ខេត្តកំពត។
បុរសអ្នកបើករថយន្តបែនដឹកដី ក្រោយជួបគ្រោះឧប្បត្តិហេតុដូច្នេះ ក៏បើកទ្វាររថយន្តរត់គេចខ្លួនបាត់។ ដោយឡែក ម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក រង់ចាំការដោះស្រាយ។
បើតាមក្រុមប្រជាពលរដ្ឋ បាននាំគ្នារិះគន់ថា នៅចំណុចកើតហេតុ ដែលជាកន្លែងក្រុមហ៊ុនចិន តែងតែដឹកដីចេញ ចូលជារៀងរាល់ថ្ងៃនោះ ផ្លូវចំណោតខ្លាំង ហើយកោង ពេលរថយន្តបើកឡើងផ្លូវជាតិម្តងៗ អ្នកធ្វើដំណើរតាមផ្លូវ ត្រង់មើលឃើញនោះទេ ជាហេតុងាយនឹងបង្កគ្រោះថ្នាក់។ ជាវិធានការក្រុមហ៊ុនគួរតែដាក់សន្តិសុខឈរធ្វើជា សញ្ញាប្រាប់ដំណឹង ដល់អ្នកធ្វើដំណើរ នៅពេលមានរថយន្តដឹកដីឆ្លងកាត់ម្តងៗនោះ បើមិនដូច្នោះទេ ងាយនឹង បង្កគ្រោះថ្នាក់នៅពេលក្រោយទៀតជាមិនខាន៕



ដោយៈ ដើមអម្ពិល
Next PostNewer Post Previous PostOlder Post Home

About