គួររំឭកដែរថា កន្លងមកជាមួយការចេញមុខបកស្រាយរឿងអាស្រូវដ៏ចម្រូងចម្រាសនៃ ជីវិតឯកជននោះ អតីតពិធីការិនីញញឹមស្រស់ វោហាមិនរីងស្ងួតក្នុងកម្មវិធី«រាត្រីពណ៌ស្វាយ»របស់ស្ថានីយ ទូរទស្សន៍បាយ័ន នាងពេជ្រ សេរីរ័ត្ន ក៏ធ្លាប់បានអះអាងផងដែរថា នាងនឹងមិនវិលរកអាជីពចាស់វិញទេ បើទោះបីមានខាងទូរទស្សន៍ទាក់ទងហៅជាហូរហែក៏ដោយ ព្រោះថានាងជាប់រវល់នឹងការងាររកស៊ីរកតែពេលសម្រាកមិនបានផងនោះ។
ទោះយ៉ាងណា នៅក្រោយការតាំងខ្លួនជាមួយការគេចមុខពីរឿងអាស្រូវគ្មានពេល ស្រាកស្រាន្តនោះ នៅរាត្រីថ្ងៃទី២៤ ខែមីនា ក្នុងកម្មវិធីប្រគំតន្ត្រីស្រាបៀរអង្គរ ដែលរៀបចំឡើង និងផ្សាយផ្ទាល់ដោយស្ថានីយទូរទស្សន៍ហង្សមាសនោះ ស្រាប់តែលេចវត្តមាន ពេជ សេរីរ័ត្ន ក្នុងតំណែងជាពិធីការិនីកាន់ក្បាលមេក្រូអត្ថាធិប្បាយ ជាមួយលោក ភោ សុផានិត។
ការលេចមុខក្នុងអាជីពចាស់របស់ សេរីរ័ត្ន នេះ ត្រូវបានទស្សនិកជនលើកឡើងដែរថា បណ្តាលមកពីការងាររកស៊ីរបស់នាងមួយចំនួនបរាជ័យ។ មានសំណួរថា ហេតុអ្វីបានជាចូលមកជ្រកក្រោមដំបូលរបស់ហង្សមាសយ៉ាងដូច្នេះ?
ទោះជា យ៉ាងណា ចម្ងល់របស់មហាជននេះ មិនត្រូវបកស្រាយឲ្យអស់សង្ស័យឡើយ ខណៈពិធីការិនីរូបនេះ បែរជាសំណូមពរទៅវិញ និងស្នើឲ្យមហាជនរង់ចាំទស្សនាវគ្គបន្តបន្ទាប់ទៀត។
នាងនិយាយថា៖«ខ្ញុំសុំមិននិយាយឬក៏បកស្រាយពាក់ព័ន្ធនឹងព័ត៌មាននេះ ទេ គឺចង់ឲ្យទស្សនិកជនរង់ចាំទស្សនា វគ្គបន្ត ព្រោះនៅមានច្រើនទៀត»។ បន្ថែមលើចម្លើយបែបលាក់បាំងនោះ នាង ពេជ្រ សេរីរ័ត្ន បានលើកឡើងបែបជាចម្ងល់ខ្លួនឯងដែរថា៖ «កន្លងមកនេះ មានខ្យល់ព្យុះ ភ្លៀង បោកបក់មកលើខ្ញុំ មិនចេះចប់មិនចេះហើយទាល់តែសោះ ពិសេសរឿងជីវិតរបស់ខ្ញុំ។ មានអ្នកខ្លះនិយាយថា វាចូលសិល្បៈវិញ ដោយសារតែ អត់អីស៊ី..បានចូលធ្វើការ ប្តីបោះបង់ចោល លែងចិញ្ចឹម បើមិនអ៊ីចឹងទេ គឺអស់ផ្លូវដើរ រលាយមុខជំនួញ ទើបវិលរកឆ្នាំងចាស់វិញ»។
ប៉ុន្តែនាងបានបញ្ជាក់ថា៖ «ខ្ញុំមិនចង់និយាយអ្វីទាក់ទងរឿងនេះទេ ខ្ញុំគ្រាន់តែចង់ប្រាប់ថា មិនចាំបាច់ទាល់តែក្របានចូលធ្វើការវិញនោះទេ ពេលខ្លះធ្វើការ ក៏ដើម្បីភាពសប្បាយក៏ថាបាន»៕