ភោជនីយដ្ឋាន​បារាំង និង​​ហាង​លក់​ដូរ​​ផ្សេងៗ​នៅ​ក្រុង​ព្រះសីហនុ ត្រូវ​អគ្គិភ័យ​​លេប​ត្របាក់​​ប្រហែល​១០​កន្លែង ឥឡូវ​ភ្លើង​រលត់​ហើយ​

ខេត្តព្រះសីហនុ ៖ ភ្លើងដែលបានឆាបឆេះភោជនីយដ្ឋានបារាំង នៅចំណុចរង្វង់មូលតោ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានរលត់អស់ហើយ មកដល់ម៉ោង២រសៀលនេះ បន្ទាប់ពីប្រើអំណាចឆាបឆេះ យ៉ាងសន្ធោសន្ធៅផ្សែងហុយទ្រលោមខ្មៅ ខ្មួលខ្មាញ់ទៅលើអាកាស កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី៣១ មីនា ២០១៣ ហើយគ្មានសមត្ថកិច្ចណាពន្លត់ ព្រះអគ្គីភ្លាមៗឱ្យសូន្យសុង បានឡើយ ។
បន្ទាប់ពីឆេះភោជនីយដ្ឋានដំបូងគេហើយនោះ ភ្លើងបានឆេះភោជនីយដ្ឋានបារាំងជាច្រើនទៀតនៅជាប់ៗគ្នាបង្កឱ្យមានការ ភ្ញាក់ផ្អើល និងភ័យរន្ធត់កាន់តែខ្លាំង ខណៈព្រះអាទិត្យកំពុងសាចកំដៅដុតចំហុយផែនពសុធា រួមជាព្រះវាយោកំពុងអង្រួនធម្មជាតិញ៉ាំងឱ្យភ្លើងរឹតតែមានអំណាច ។ ក្រោយកើតហេតុភ្លាមៗមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យបាននិយាយថា គេបានចុះចាត់ចែងនៅកន្លែងកើតហេតុ ដើម្បីបាញ់ទឹកពន្លត់ និងទប់ស្កាត់កុំឱ្យរាលដាល ប៉ុន្តែពន្លត់គ្មានប្រសិទ្ធភាពសោះ ផ្ទុយទៅវិញភ្លើងគិតតែទំពាលេបគ្មានត្រាប្រណី ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុសង្ស័យថា អគ្គិភ័យនេះ អាចបណ្តាលមកពីភ្ញៀវដែលអង្គុយកម្សាន្តនៅក្នុងភោជនីយដ្ឋានបោះកន្ទុយបារីលើ ដំបូលភោជនីយដ្ឋានដែលប្រក់ស្បូវ ហើយបូករួមនឹងមេឃក្តៅ ខ្យល់បក់ខ្លាំងបង្កទៅជាអណ្តាតភ្លើងតែម្តង មិនខុសពីពាក្យចាស់ថា កម្ទេចភ្លើងតូចមួយអាចឆេះព្រៃដ៏ធំបាន ។
នៅកន្លែងកើតហេតុរថយន្តពន្លត់អគ្គិភ័យរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រថយន្តពន្លត់អគ្គិភ័យឯកជន និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានចំនួន៤គ្រឿង បានបញ្ជូនទៅអន្តរាគមន៍បាញ់ទឹកពន្លត់នៅកន្លែងកើតហេតុ ប៉ុន្តែមិនអាចឈ្នះភ្លើងភ្លាមៗទេ គឺភ្លើងបានឆេះរាលដាលលេបត្របាក់ហាងលក់ដូរផ្សេងៗ ភោជនីយដ្ឋានបារាំង មីនីម៉ាត សរុបប្រហែល១០កន្លែងជាប់ៗគ្នា ៕


















 បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
Next PostNewer Post Previous PostOlder Post Home

About