ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ ផ្ទះប្រជាពលរដ្ឋ២ខ្នង នៅក្រោយ ភោជនីយដ្ឋានពន្លឺទិព្វនាគទិព្វ ប្រមាណ៣០០ម៉ែត្រ ជាប់ព្រំដែនកម្ពុជា-ថៃ ត្រង់ចំណុចក៥ ក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត បានឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីវេលាម៉ោង ៨ និង១០នាទីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៣។
មិនទាន់មានប្រភពពីសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋបញ្ជាក់ពី មូលហេតុនៃការឆាបឆេះនេះឡើយទេ ហើយបើតាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា អគ្គិភ័យនេះ អាចបណ្តាលមកពីទុស្សេចរន្តអគ្គិសនី ព្រោះមុនពេលឆាបឆេះអគ្គិសនីបានដាច់ប្រហែលជា ១ម៉ោង លុះពេលចរន្តជាប់ឡើងវិញ ក៏កើតមានអគ្គិភ័យនេះតែម្តង។ ផ្ទះដែលឆាបឆេះនេះ ខាងក្រោមធ្វើពីថ្ម ខាងលើធ្វើពីឈើ ហើយអគ្គិភ័យបានបំផ្លាញស្ទើរទាំងស្រុងទៅហើយ។ ទោះជាយ៉ាងណា សមត្ថកិច្ចបានព្យាយាមបាញ់ទឹកពន្លត់ទប់ស្កាត់មិនឲ្យរាលដាលដល់ផ្ទះ អ្នកដទៃនោះទេ៕