វិធីសាមញ្ញបួនយ៉ាងកាត់បន្ថយស្រ្ដេស
រោគស្ដ្រេស ជាបញ្ហាដែលមនុស្សស្ទើរគ្រប់រូបមិនអាចចៀសផុតបាន បើទោះបីជាទំនើបកម្មនៃបច្ចេកវិទ្យាបានជួយធ្វើឲ្យជីវិតមនុស្ស កាន់តែមានភាពងាយស្រួលក៏ដោយ។ ទោះបីជាយ៉ាងណាក្ដី មិនទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយពីអ្វីទៅជានិយមន័យពិត ប្រាកដនៃស្រ្ដេសនៅឡើយទេ។ តើធ្វើដូចម្ដេចដើម្បីលុបបំបាត់ ឬកាត់បន្ថយអារម្មណ៍ស្ដ្រេសបាន?
ខាងក្រោមនេះ គឺជាវិធីសាស្រ្ដសាមញ្ញបួនយ៉ាង ដែលអាចកាត់បន្ថយអារម្មណ៍ស្ដ្រេសន៍៖
១- ការតាំងសមាធិ៖ ពាក្យថាសមាធិ គឺសំដៅលើវិធីផ្សេងៗដែលធ្វើឲ្យអារម្មណ៍ស្ងប់ និងបង្កើនថាមពលផ្លូវចិត្ត។ ការតាំងសមាធិ អាចជួយឲ្យមនុស្សអាចសម្រាកអារម្មណ៍ និងប្រយុទ្ធប្រឆាំងនឹងជំងឺជាច្រើនប្រភេទ ជាពិសេសគឺកាត់បន្ថយអារម្មណ៍ស្ដ្រេស។

២- យ៉ូហ្កា (Yoga) មិន សូវខុសពីការតាំងសមាធិនោះទេ យ៉ូហ្កាអាចជួយកាត់បន្ថយសារធាតុគីមីក្នុងខួរក្បាល និងជួយធ្វើឲ្យសកម្មភាពសរសៃប្រសាទមានដំណើរការល្អ។ ប្រសិនបើអ្នកចង់កាត់បន្ថយអារម្មណ៍ស្រ្ដេស អ្នកអាចជ្រើសយកការហាត់យ៉ូហ្កា ព្រោះវាមិនត្រឹមតែជួយឲ្យអ្នកមានអារម្មណ៍ជ្រះថ្លានោះទេ វាថែមទាំងល្អសម្រាប់រាងកាយអ្នកថែមទៀតផង។
៣- សរសេរ៖ ការសរសេរកំណត់ហេតុផ្ទាល់ខ្លួន ឬសរសេរនូវអ្វីដែលអ្នកចង់សរសេរ គឺជាវិធីមួយទៀត ដែលអាចកាត់បន្ថយស្រ្ដេសបាន។ ចូរសរសេរនូវអ្វីដែលមានក្នុងចិត្តនៅលើក្រដាស ព្រោះវាអាចជួយឆ្លើយនូវរាល់សំណួរទាំងឡើយដែលតាមរំខានអ្នកនៅ ក្នុងអារម្មណ៍។
៤- ទម្លាប់ហាត់ប្រាណ៖ ការហាត់ប្រាណជាប្រចាំថ្ងៃ គឺជាដំណោះស្រាយដ៏ល្អមួយទៀតសម្រាប់អ្នកដែលមានអារម្មណ៍ស្រ្ដេស។ ការហាត់ប្រាណ នឹងអាចជួយឲ្យលោកអ្នកគេងលក់ស្រួល និងមានទំនុកចិត្តក្នុងខ្លួនខ្ពស់។
កុំ ភ្លេចណា ប្រសិនបើអ្នកមានអារម្មណ៍ស្រ្ដេស កុំភ្លេចសាកល្បងនូវវិធីណាមួយដែលអ្នកគិតថាសមស្របសម្រាប់អ្នក នោះអ្នកនឹងមានអារម្មណ៍ធូរស្បើយជាក់ជាមិនខាន៕