កងទ័ពកម្ពុជាបាញ់គ្រាប់ពិតកាំភ្លើងធំ BM21 និងកាំភ្លើងធំ ១៣០ មីល្លីម៉ែត្រ

សមយុទ្ធយោធា កាលពីព្រឹកមិញ នៅខេត្តកំពង់ស្ពឺ
កងទ័ពកម្ពុជា បានប្រើកាំភ្លើងទំនើបប្រភេទ BM21 និងកាំភ្លើងត្បាល់ ១៣០ មីល្លីម៉ែត្រ ក្នុងសង្គ្រាមស៊ីវិលកន្លងមក។ តែនៅពេលកាំភ្លើងធំ ៤០ កាណុង BM21 ត្រូវបានធ្វើទំនើបកម្ម ដោយបញ្ជាតាមប្រព័ន្ធកុំព្យួទ័រ និងមានល្បឿនលឿន ហើយចំគោលដៅ ១០០%។
បន្ទាប់ពីការសាកល្បងបាញ់គ្រាប់ពិត លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងប្រាប់អ្នកកាសែតពីប្រសិទ្ធភាព នៃអានុភាពកាំជ្រួចហ្វ៊ូង BM21 និងកាំភ្លើងធំ ១៣០ មីល្លីម៉ែត្រ។
លោក ទៀ បាញ់ បានបញ្ជាក់ថា “បើតាមទិន្នន័យពីប៉ុស្តិ៍សង្កេតការណ៍ ហើយបានរាយការណ៍ប្រព័ន្ធបច្ចេកវិទ្យាកំព្យូទ័រនេះ គឺបានបង្ហាញថា ល្អ ១០០ភាគរយតែម្តង។ ទាំង BM21 និង130mm គឺដូចៗគ្នា គឺចំគោលដៅ ១០០ ភាគរយ គឺអត់មានបញ្ហាស្អីដែលថាមានការបាត់ទំនុកទុកចិត្តណាមួយកើតឡើងទេ ចំពោះអាវុធគាំទ្ររបស់យើងនៅពេលនេះ អាចនិយាយបានថា បើមានហេតុការណ៍កើតឡើងយើងត្រូវប្រើប្រាស់វា គឺច្បាស់ណាស់វានឹងឆ្លើយតបតាមតម្រូវការរបស់យើងចង់បានពិតជា ពុំខាន”។
ជាមួយនឹងការលើកឡើងដូច្នេះ លោករដ្ឋមន្ត្រីការពារជាតិ ទៀ បាញ់ ក៏បានបដិសេធថា ការបាញ់សាកល្បងគ្រាប់ពិតកាំភ្លើង BM21 និងបាញ់កាំភ្លើងធំ 130 mm នៅពេលនេះ មិនពាក់ព័ន្ធនឹងការបកស្រាយសាលដីកា នៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ពីបញ្ហាព្រំដែនកម្ពុជា-ថៃ នៅពាក់កណ្តាលខែមេសានោះទេ។ ម្យ៉ាងទៀត ក៏មិនមែនជាការបង្ហាញសាច់ដុំ ដាក់ប្រទេសជិតខាងណាឡើយ។ រីឯការបោះឆ្នោតជាតិ នៅខែកក្កដាខាងមុខ ក៏មិនទាក់ទងគ្នាទេ។ ការបាញ់កាំភ្លើងនៅព្រឹកមិញ បើតាមលោករដ្ឋមន្ត្រី គឺគ្រាន់តែជាការពង្រឹងខឿនការពារជាតិ និងអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជាតែប៉ុណ្ណោះ។
ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទសន្និបាតជាតិវិស័យសកម្មភាពមីន កាលពីរសៀលថ្ងៃទី២មេសានេះ បានមានប្រសាសន៍ថា ការបាញ់សាកល្បងគ្រាប់ពិត កាំភ្លើងប្រតិកម្ម BM21 ប្រភេទ ៤០ កាណុង និងកាំភ្លើងធំ ១៣០ មិល្លីម៉ែត្រ កាលពីព្រឹកមិញ គ្រាន់តែជាការហ្វឹកហាត់កម្លាំងទ័ព មិនមែនជាការបង្ហាញសាច់ដុំដើម្បីគំរាមកំហែងប្រទេសជិតខាងណាទេ។
កាលពីថ្ងៃទី៤មីនា ឆ្នាំ២០១០ កងទ័ពកម្ពុជាក៏បានសាកល្បងបាញ់កាំភ្លើងធំ BM 21 នៅឯព្រលានយន្តហោះ នៅខេត្តកំពង់ឆ្នាំង ដោយជោគជ័យ ខណៈដែលកម្ពុជា និងថៃ កំពុងតែមានភាពតានតឹងលើបញ្ហាព្រំដែន។ កាំភ្លើងធំ BM21 ត្រូវបានកងទ័ពកម្ពុជា ប្រើប្រាស់ក្នុងសង្គ្រាមចុងក្រោយជាមួយថៃ កាលពីដើមខែឧសភា ឆ្នាំ២០១១៕ ដោយ rfi