ត្រឡប់មក ពីឆេងម៉េង ក្រឡាប់រថយន្ដ របួសធ្ងន់ស្រាល ៦នាក់ លើផ្លូវជាតិលេខ២

តាកែវ ៖ ជនរងគ្រោះ មានស្រីមាន ប្រុសចំនួន៦នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរមួយ ដោយក្រឡាប់ រថយន្ដផ្ងារជើង កាលពី វេលាម៉ោង៣ រសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៣ ស្ថិត នៅលើកំណាត់ផ្លូវជាតិលេខ២ ក្នុងស្រុក សំរោង ខេត្ដតាកែវ ខណៈដែលជនរងគ្រោះ ទាំងនេះ ត្រូវបានគេរាយការណ៍ថា កំពុងធ្វើ ដំណើរត្រឡប់មកពីសែផ្នូរ (ឆេងម៉េង) ឆ្ពោះមករាជធានីភ្នំពេញវិញ  ។
យោងតាមសេចក្ដីរាយការណ៍ពីកន្លែង កើតហេតុ បានឱ្យដឹងថា រថយន្ដដែលក្រឡាប់តែឯងៗខាងលើនេះ ម៉ាកកាមរីឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ 2A-9964 ជិះក្នុងរថយន្ដមានគ្នា៦នាក់ ក្នុងនោះត្រូវបានគេរាយការណ៍ថា របួសធ្ងន់៤នាក់ និងរបួសស្រាល២នាក់ ។
អធិការនគរបាលស្រុកសំរោងខេត្ដតាកែវ លោកមឿង សារុន បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៣ថា ពិតជាមានគ្រោះថ្នាក់ចរាចរខាងលើនេះ កើតឡើងមែន បណ្ដាលឱ្យអ្នកជិះនៅក្នុងរថយន្ដទាំង៦នាក់ រងរបួស ប៉ុន្ដែមិនទាន់ ស្គាល់ អត្ដសញ្ញាណនៅឡើយទេ ។
លោកមឿង សារុន បានបន្ដថា ក្រោយកើតហេតុ និងរហូតមកដល់វេលាម៉ោង៤រសៀលថ្ងៃដដែលនេះ កម្លាំងសមត្ថកិច្ចរបស់លោក បានចុះទៅជួយ អន្ដរាគមន៍ភ្លាមៗ ហើយបញ្ជូនរថយន្ដស្ទូច ទៅស្ទូចរថយន្ដក្រឡាប់នេះ ។
យ៉ាងណាក៏ដោយ មូលហេតុពិតប្រាកដ ដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរក្រឡាប់ ដោយខ្លួនឯងខាងលើនេះ មិនទាន់មានការ បញ្ជាក់ជាផ្លូវ ការនៅឡើយទេ ខណៈដែលសមត្ថកិច្ច កំពុងជួយសង្គ្រោះនៅកន្លែងកើតហេតុ ៕
ដោយ៖ ដើមអម្ពិល
Next PostNewer Post Previous PostOlder Post Home

About