បុរស រត់ម៉ូតូឌុបម្នាក់ ត្រូវជនមិនស្គាល់មុខ លួចវាយឱ្យរបួស បែកក្បាល់ធ្ងន់

ភ្នំពេញ ៖ ក្រុមក្មេងស្ទាវ បាតសង្គមមានគ្នា ប្រមាណជា ៤ នាក់ បានព្រួតវាយ ទៅលើបុរសអ្នករត់ម៉ូតូឌុបម្នាក់ បណ្តាលឱ្យរងរបួសបែកក្បាល ហូរឈាមយ៉ាងធ្ងន់ធ្ងរ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ប្រមាណជា ៧ និង ១៥ នាទីព្រលប់ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅក្បែរទីស្នាក់ការ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជ ធានីភ្នំពេញ។
ប្រភពពីសាក្សី ដែលបានឃើញហេតុការណ៍ បាននិយាយប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស ដែលជា អ្នករត់ម៉ូឌុប មានផ្ទះជួល នៅក្បែរនោះ បានជិះម៉ូតូសង់កូរ៉េពណ៌ក្រហម ដោយមានបុរសម្នាក់ទៀត ជិះនៅពីខាង ក្រោយ (ម៉ូយ) ចេញពីច្រកផ្ទះជួលមកក្រៅ សំដៅចេញទៅរកផ្លូវធំ ពេលជិះទៅមុខ ទើបតែបានប្រមាណ ១០ ម៉ែត្រ ក៏ស្រាប់តែ ក្រុមក្មេងស្ទាវ មានគ្នាប្រមាណ ៤ នាក់ រត់សំដៅមករក ដោយនៅក្នុងដៃ មានកាន់ដំបងទីប និង ខ្សែក្រវ៉ាត់ផងនោះ បានវាយមកលើបុរស ដែលជាអ្នករត់ម៉ូតូឌុប បណ្តាលឱ្យរងរបួស បែកក្បាលយ៉ាងធ្ងន់ ។ ចំណែកឯអ្នកជិះពីក្រោយបានរត់ចូល ផ្ទះ អ្នកជិតខាង នៅក្បែរនោះដោយរងរបួសស្រាល ។
ប្រភពខាងលើ បានបន្តថា ក្រោយវាយបណ្តាលឱ្យរបួសបុរស អ្នករត់ម៉ូឌុបមកនោះ ពួកក្មេងស្ទាវទាំងនោះ បានជិះម៉ូតូ និង រត់គេចខ្លួនបាត់ដោយសុវត្ថិភាព ។ ភ្លាមៗនោះ គេមិនបានឃើញអាជ្ញាធរមូលដ្ឋាន ចុះ អន្តរាគមន៍នោះឡើយ ។
បុរសម្នាក់ ដែលត្រូវក្រុមក្មេងស្ទាវ ព្រួតវាយ បណ្តាលឱ្យរបួសបែកក្បាលដេរអស់ ១៤ ថ្នេរនេះ មានឈ្មោះ ប៉ា សុផល អាយុ ២៧ មុខរបរ ជាអ្នករត់ម៉ូតូឌុប មានប្រពន្ធជាកម្មការិនីកាត់ដេ សព្វថ្ងៃជូលផ្ទះស្នាក់នៅ ម្តុំកើតហេតុខាងលើ ។
បើយោងតាម សម្តីរបស់ប្រជាពលរដ្ឋ នៅទីនោះបានឱ្យដឹងថា នៅម្តុំទីស្នាក់ការ ភូមិឬស្សីនោះ ឧស្សាហ៍មានកើតរឿងវាយ កាប់ចាក់គ្នាណាស់ ជាងនេះទៅទៀតនោះ ក៏ឧស្សាហ៍មាន អ្នកបាត់ម៉ូតូផងដែរ ។ ទាំងនេះហើយ ដែលជាហេតុធ្វើឱ្យពួក គាត់ បាននាំគ្នាសម្តែងនូវការព្រួយបារម្ភ ទៅលើបញ្ហាអសន្តិសុខនៅទីនោះ ។
ក្រុមប្រជាពលរដ្ឋ ក៏បាននិយាយ ដោយស្នើឱ្យអាជ្ញាធរមូលដ្ឋាន ក៏ដូចជា ប្រជាការភូមិដែលនៅទីនោះ មេត្តាពិនិត្យ មើលឡើងវិញផង ចំពោះបញ្ហាដែលធ្វើឱ្យមានអសន្តិសុខ សណ្តាប់ នៅក្នុងមូលដ្ឋានភូមិរបស់ខ្លួន ៕

ដោយ ដើមអម្ពិល
Next PostNewer Post Previous PostOlder Post Home

About