ការសម្រេចតម្កល់រឿងទុកឥតចាត់ការរបស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ លើបណ្ដឹងរបស់យាយក្រពើ ដែលកំពុងសំងំគេចខ្លួននោះ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញលិខិតលេខ២៣៥អយឆ ចុះថ្ងៃទី០៩ខែមេសាឆ្នាំ២០១៣ ជូនដំណឹងទៅឱ្យយាយក្រពើជាម្ចាស់បណ្ដឹង និងត្រូវបានលោកមេធាវី សុក សំអឿន ជាមេធាវីការពារក្ដីឱ្យយាយក្រពើ បានទទួលជំនួសនៅថ្ងៃទី២២ខែមេសាឆ្នាំ២០១៣ម្សិលមិញនេះរួចហើយ ។
លោកមេធាវី សុក សំអឿន បានប្រាប់សារព័ត៌មានដើមត្នោតនាថ្ងៃទី២៣ខែមេសាឆ្នាំ២០១៣នេះថា លោកមិនទាន់ដឹងថា ខាងភាគីម្ចាស់បណ្ដឹងនឹងប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាសម្រេចតម្កល់ រឿងទុកឥតចាត់ការរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនោះឬ យ៉ាងណាទេ ។
សូមបញ្ជាក់ជូនថា លោកស្រី ឈិន សុគន្ធារី ហៅយាយក្រពើ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ និងជំនុំជម្រះចេញជាសាលក្រមកំបាំងមុខសម្រេចផ្ដន្ទាទោសដាក់ ពន្ធនាគារចំនួន៤ឆ្នាំ០៦ខែ ពីបទប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្ដិសាធារណៈ និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួនកាលពីចុងឆ្នាំ២០១២ផងដែរ ។
ក្រោយមក លោកស្រី ឈិន សុគន្ធារី ក្នុងនាមជាជនជាប់ចោទនៅស្ថាប័នតុលាការ ក៏បានដាក់ពាក្យប្ដឹងឯកឧត្ដម កែប ជុតិមា អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងគូកន កាលពីថ្ងៃទី១៨ខែមីនាឆ្នាំ២០១៣ ពីបទប្រើអំណាចដោយរំលោភដកហូតយកដីធ្លីរបស់ខ្លួនចំនួនជាង៣៤ហិ កតា ឋិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានមួយចំនួនបានបង្ហើបប្រាប់ឱ្យដឹងថា លោកស្រី ឈិន សុគន្ធារី ហៅយាយក្រពើ បានប្រមូលទិញដីធ្លីចំនួនប្រមាណជាង៣៤ហិកតាពីប្រជាពលរដ្ឋ ឋិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានឯកសារកាន់កាប់ប្រើប្រាស់ដីធ្លីតាំងពីឆ្នាំ១៩៩៩ ទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋាន និងបានបង់ពន្ធជូនរដ្ឋលើដីធ្លីទាំងនោះយ៉ាងត្រឹមត្រូវ ។
លុះក្រោយមក តាមសំណើរបស់ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធាន គណៈកម្មាធិការកំណត់ផ្ទៃទីតាំងបឹងបួរក្នុងព្រះរាជាណាចក្រកម្ពុជា ទើបរាជរដ្ឋាភិបាលបានសម្រេចកំណត់ផ្ទៃបឹងពោងពាយខាងជើង និងបឹងពោងពាយខាងត្បូង ឋិតក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ សរុបចំនួន១៤០,៣២ហិចតា (ចូលទៅក្នុងចំណែកដីធ្លីរបស់ យាយក្រពើដែរ)ជាសម្បត្ដិសាធារណៈរបស់រដ្ឋ ដោយអនុក្រឹត្យលេខ១០១អនក្រ.បកចុះថ្ងៃទី១០ខែកក្កដាឆ្នាំ២០១២ ។
បន្ដមកទៀត រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការអន្ដរក្រសួងមួយ ដែលមានឯកឧត្ដម កែប ជុតិមា អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ជាប្រធានឱ្យចុះធ្វើការវាស់វែងនិងកំណត់ធ្វើអនុបយោគផ្ទៃដីបឹង ពោងពាយទំហំ១៤០,៣២ហិចតាពីទ្រព្យសម្បត្ដិសាធារណៈរបស់រដ្ឋទៅជា ទ្រព្យសម្បត្ដិឯកជនរបស់រដ្ឋ ដើម្បីប្រគល់ឱ្យទៅក្រុមហ៊ុនអិលវ៉ាយភី គ្រុប(LYP Group)មានឯកឧត្ដមឧកញ៉ា លី យ៉ុងផាត់ ជាអគ្គនាយក ធ្វើការអភិវឌ្ឍ ជាថ្នូរនឹងការកសាងពហុកីឡដ្ឋានជាតិមរតកតេជោ តាមសេចក្ដីសម្រេចលេខ២៨សសរចុះថ្ងៃទី២០ខែកក្កដាឆ្នាំ២០១២ ។
ចុងបញ្ចប់ ទីតាំងដីបឹងពោងពាយខាងជើង ឋិតនៅក្នុងសង្កាត់ភ្នំពេញថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទំហំជាង១០៨ហិចតា ត្រូវបានធ្វើអនុបយោគពីទ្រព្យសម្បត្ដិសាធារណៈរបស់រដ្ឋទៅជា ទ្រព្យសម្បត្ដិឯកជនរបស់រដ្ឋ ដើម្បីប្រគល់ឱ្យឯកឧត្ដមឧកញ៉ា លី យ៉ុងផាត់ ធ្វើការអភិវឌ្ឍ ដោយអនុក្រឹត្យលេខ២៥២អនក្រ.បក ចុះថ្ងៃទី១៣ខែធ្នូឆ្នាំ២០១២ ។
ក្រុមអ្នកវិភាគផ្ល្លូវច្បាប់បានលើកឡើងថា ប្រសិនបើយាយក្រពើមានឯកសារទិញ-លក់ដីធ្លីពីប្រជាពលរដ្ឋ និងមានឯកសារបញ្ជាក់ពី អាជ្ញាធរមូលដ្ឋានច្បាស់លាស់ ព្រមទាំងបានកាន់កាប់ ប្រើប្រាស់ និងបង់ពន្ធលើដីធ្លីជូនរដ្ឋបានត្រឹមត្រូវ នោះ គឺយាយក្រពើមិនត្រូវទទួលរងការផ្ដន្ទាទោសឱ្យជាប់គុកច្រវាក់ពីបទ ប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្ដិសាធារណៈ តាមបញ្ញត្ដិមាត្រា២៥៩នៃច្បាប់ភូមិបាលទេ រីឯអ្នកត្រូវប្រឈមនឹងការជាប់គុកវិញនោះ គឺអាជ្ញាធរដែលចុះហត្ថលេខាលើឯកសាររបស់យាយក្រពើ និងអ្នកលក់ដីឱ្យយាយក្រពើ ទើបត្រឹមត្រូវតាមច្បាប់ ៕
ប្រភព៖ គេហទំព័រសារព័ត៌មាន ដើមត្នោត
