ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានក្លាយទៅជាប្រមុខរដ្ឋាភិបាលទី១ នៅលើពិភពលោកដែលបានធ្វើដំណើរ តាមកម្រាលព្រំពណ៌ក្រហម ឆ្អិនឆ្អៅនៅឯមហាវិមានប្រជាជនចិនក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០១៣ នៅពេលដែលសម្ដេចបានចាប់ផ្តើមទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសមហាអំណាចខាងសេដ្ឋកិច្ចលំដាប់ថ្នាក់ទី ២ របស់ពិភពលោកនាពេលបច្ចុប្បន្ននេះ ដែលបានកត់សម្គាល់ពីដំណើរជោគជ័យយ៉ាងធំធេង នៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ។
នៅក្នុង ពិធីបដិសណ្ឋារកិច្ចផ្លូវការនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃ រាជរដ្ឋាភិបាលកម្ពុជាត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាង កក់ក្តៅបំផុត ពីសំណាក់សមភាគីចិនរបស់លោក គឺឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងឥស្សរជនជាន់ខ្ពស់ របស់រដ្ឋាភិបាលចិនជាច្រើនរូបទៀត។
យោង តាមទូរទស្សន៍ជាតិកម្ពុជាផ្សាយឲ្យដឹងថា ឯកឧត្តម លី ខឺឈាង មានប្រសាសន៍ក្នុងជំ នួបដ៏មានសារៈសំខាន់នោះថា សម្តេចតេជោនាយករដ្ឋមន្ត្រីគឺជាប្រមុខរដ្ឋាភិបាលបរទេសទី ១ ដែលរូបឯកឧត្តមបានទទួលបដិសណ្ឋារកិច្ចជាលក្ខណៈផ្លូវការនៅមហាវិមាន ប្រជាជនចិន បន្ទាប់ពីឯកឧត្តមត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីចិនកាលពី ដើមខែកន្លងទៅថ្មីៗនេះ។ ឯកឧត្តមនាយករដ្ឋមន្ត្រីចិនបានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេច តេជោ ហ៊ុន សែន មកកាន់ប្រទេសចិននៅពេលនេះ គឺជាទស្សនកិច្ចខ្ពស់មួយ ស្របនិងឱកាសនៃការប្រារព្ធខួប ៥៥ ឆ្នាំនៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ និងក៏ជាការរួមចំណែកយ៉ាងសកម្មថែមទៀត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង នៃប្រទេស ទាំងពីរឲ្យកាន់តែរឹងមាំ។
ឯកឧត្តម លី ខឺឈាង មានប្រសាសន៍បន្តថា ឯកឧត្តម នឹងខិតខំប្រឹងប្រែងខ្នះខ្នែងឲ្យកាន់តែ សកម្មថែមទៀតជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការធ្វើឲ្យយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ ប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និង កាន់តែមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមមានប្រសាសន៍សង្កត់ធ្ងន់ថា រដ្ឋាភិបាលថ្មីរបស់ប្រទេសចិនបានគួសបញ្ជាក់យ៉ាងម៉ឺងមាត់ថា នឹងបន្តយ៉ាងម៉ឺងម៉ាត់ឥតងាករេ ជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការបំរើផលប្រយោជន៍ នៃប្រទេសទាំងពីរ។
ព្រះរាជាណាចក្រ កម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នានៅ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ១៩៥៨ ដែលចាប់តាំងពីពេលនោះ រហូតមកដល់បច្ចុប្បន្ននេះកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន បានក្លាយយជាកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ ដែលបានប្រកាសឡើងកាលពីខែធ្នូ ឆ្នាំ ២០១២។ ឆ្នាំ ២០១៣ នេះជាខួបលើកទី ៥៥ ឆ្នាំ នៃថ្ងៃបង្កើត ទំនាក់ទំនងការទូតកម្ពុជា-ចិន ដែលភាគីទាំងពីរបានកំណត់ថា ជាឆ្នាំមិត្តភាពកម្ពុជា-ចិន តាមរយៈនេះ ភាគីទាំងពីរបានប្រកាសពីការរៀបចំសកម្មភាពនានា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ នៃថ្ងៃបង្កើត ទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរឲ្យបានអធិកអធមជាទីបំផុត។
ក្នុងជំនួបចរចាទ្វេភាគីប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា-ចិន បានសំដែងនូវការពេញ ចិត្ត និងបានធ្វើការប្តេជ្ញារួមគ្នាក្នុងការបន្តថែរក្សាការពារ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការ នៃប្រទេសទាំងពីរកម្ពុជា-ចិន ឲ្យកាន់តែរឹងមាំ និងផ្តល់នូវជំនឿទុកចិត្តកាន់តែខ្ពង់ខ្ពស់ថែមទៀត។ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរក៏បានឯកភាពគ្នា ក្នុងការបង្កើតគណៈកម្មការរួមគ្នាមួយសម្រាប់ប្រទេសទាំងពីរធ្វើការ ពិភាក្សាគ្នា ទាក់ទិនទៅគ្រប់វិស័យទាំងអស់ ដែលក្នុងនោះសម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ភាគីកម្ពុជាបានចាត់តាំងឯកឧត្តម ហោ ណាំហុង ជាប្រធានគណៈកម្មការ សម្រាប់ភាគីកម្ពុជា និងបានស្នើឲ្យគណៈកម្មការរួមបើកកិច្ចប្រជុំរបស់ខ្លួនឲ្យបានឆាប់ បំផុត។ ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ ដោយឥតងាករេពីការបន្តអនុវត្តនយោបាយចិនតែមួយ និងបានចាត់ទុកការគោរពអធិបតេយ្យភាពរបស់ចិន ក៏ដូចជាការគោរពអធិបតេយ្យភាពរបស់កម្ពុជាផងដែរ។
ទូរទស្សន៍ ជាតិកម្ពុជាបានផ្សាយថា សម្តេចតេជោនាយករដ្ឋមន្ត្រីបានសំដែងនូវអំណរគុណជូនចំពោះឯកឧត្តម នាយករដ្ឋមន្ត្រីចិន ដែលបានចាត់ទុកសម្តេច គឺជាឥស្សរជនទី ១ របស់ពិភពលោក ដែលត្រូវបានទទួលបដិសណ្ឋារកិច្ចជាផ្លូវការ បន្ទាប់ពីឯកឧត្តមចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រីចិននោះ។ សម្តេចតេជោមានប្រសាសន៍បន្តថា ការរីកចំរើនរបស់ប្រទេសចិនមិនគ្រាន់តែសម្រាប់ប្រទេសចិនប៉ុណ្ណោះ ទេ ប៉ុន្តែវាបានបម្រើឲ្យការរីកចំរើនដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដទៃទៀត តួយ៉ាងដូចជាប្រទេសកម្ពុជា និងចាត់ទុកការរីកចំរើនរបស់ប្រទេសចិន ក៏ដូចជាការរីកចំរើនរបស់កម្ពុជា យ៉ាងដូច្នេះដែរ។
សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋប្រជាមានិតចិនចំនួន ៣ លើករួចមកហើយ ដោយលើកទី ១ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ១៩៩៩, លើកទី ២ ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០០៤ និងលើកទី ៣ ពីថ្ងៃទី១៣ ដល់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ និងបានអញ្ជើញចូលរួមកម្ម វិធីជាច្រើនលើកថែមទៀតផងដែរ។
ដោយសារតែ នយោបាយជាអាទិភាពរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានកំណត់ថា ទឹក ផ្លូវ ភ្លើង មនុស្ស គឺជាអាទិភាពសម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញនោះ ឯកឧត្តមនាយករដ្ឋមន្ត្រីចិនបានប្រកាសពីការផ្តល់ជំនួយឥតសំណង ដែលមានទឹកប្រាក់ ៣០០ លានយ័នដល់កម្ពុជា ក្នុងការបំរើដល់ការវិស័យអាទិភាពទាំងបួនរបស់កម្ពុជា និងផ្តល់កម្ចី ៥០០ លានដុល្លារដល់កម្ពុជាក្នុងការបំរើដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជា។ តាមរយៈនេះ ឯកឧត្តមបានស្នើដល់ភាគីកម្ពុជាលើគំរោងឲ្យបានឆាប់រហ័ស ក្នុងការអនុវត្តគំរោងឲ្យកាន់តែទទួលបានជោគជ័យខ្ពស់ថែមទៀត។ ទាក់ទិនទៅនឹងការអញ្ជើញពីសម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តមនាយករដ្ឋមន្ត្រីចិន បានគូសបញ្ជាក់ថា នឹងជ្រើសរើសពេលវេលាដ៏សមស្របក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចជា ផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីជំនួបចរចាប្រកបដោយផ្លែផ្ការួចមក ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា-ចិន បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់ គ្នាសំខាន់ៗចំនួន ៨ ដែលក្នុងនោះរួមមានទី ១ ផែនការសកម្មភាពស្តីពីការអនុវត្តកិច្ចសហប្រតិបត្តិ ការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដែលចុះហត្ថលេខារវាងលោកជំទាវ សឿន រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាមួយឯកឧត្តម Zhang Yesui អនុរដ្ឋមន្ត្រី ក្រសួងការបរទេសចិន ទី ២ អនុស្សរណៈ នៃការយោគយល់គ្នារវាងគណៈកម្មការប្បញ្ញត្តិកម្មធនាគារចិន និងធនាគារជាតិនៃកម្ពុជា ដែលចុះហត្ថលេខារវាង ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា ជាមួយ ឯកឧត្តម Shang Fulin ប្រធាន គណៈកម្មការប្បញ្ញត្តិកម្មធនាគារចិន ទី ៣ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង បច្ចេកទេសរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនជាជំនួយឥតសំណងមានទឹកប្រាក់ ៣០០ លាន យ័នប្រហាក់ប្រហែល ៤៨ លានដុល្លារ ទី ៤ កិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីការផ្តល់ឥណទាន សម្បទានដោយភាគីចិនដល់ភាគីកម្ពុជា សម្រាប់គំរោងសាងសង់ស្ពានកោះធំរវាងរាជរដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាលចិនមានទឹកប្រាក់ ១២៦ លានយ័នប្រហាក់ប្រហែល ២០ លានដុល្លារ ទី ៥ លិខិតប្តូរសារស្តីពីគំរោងសាលាវិជ្ជាជីវៈកសិកម្មខេត្តក្រចេះ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល ចិនដែលចុះហត្ថលេខារវាឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម Gao Hucheng រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម ទី ៦ កិច្ចព្រមព្រៀងឥណទានសម្បទានស្តីពីគំរោងអភិវឌ្ឍន៍ធនធានទឹកអាងស្ទឹង ស្ទោងជំហានទី ១ រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាជាមួយ ធនាគារអាហរណ៍ នីហរណ៍ចិន មានទឹកប្រាក់ ៣២៩ ៧៥០ ០០០ យ័នប្រហាក់ប្រហែល ៥២ លាន ដុល្លារ ទី ៧ កិច្ចព្រមព្រៀងឥណទានសម្បទានស្តីពីគំរោងសាងសង់ស្ពានកោះធំ ខេត្តកណ្តាលរវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងធនាគារអាហរ័ណ នីហរ័ណចិនមានទឹកប្រាក់ ១២៦ លាន យ័នប្រហាក់ប្រហែល ២០ លានដុល្លារចុះហត្ថលេខារវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ជាមួយនិងឯកឧត្តម Sun Ping អនុប្រធានធនាគារ Eximbank និង ទី ៨ អនុស្សារណៈនៃការយោគយល់គ្នាស្តីពីគំរោង ចម្រាញ់ប្រេងចំនួន ៥ លានតោនក្នុងមួយឆ្នាំរវាងធនាគារអភិវឌ្ឍន៍ចិនសាជីវកម្ម ធានារ៉ាប់រងឥណទាន និងនីហរណ៍ចិន និងសាជីវកម្ម ឧស្សាហកម្មគ្រឿងយន្តចិនជាមួយក្រុមហ៊ុន ខេមបូឌានភេត្រូខេមីខុល ខូអិលធីឌី មានទឹកប្រាក់ ១ ៦៧០ លានដុល្លារចុះហត្ថលេខារវាងលោក ឧកញ៉ា ហាន់ ឃៀង ប្រធាន ក្រុមហ៊ុនខេមបូឌានភេត្រូខេមីខុល ខូអិលធីឌី ជាមួយលោក Dai Chunning អនុប្រធានសាជីវកម្ម ធានារ៉ាប់រងឥណទាន និងនីហរណ៍ចិន លោក Zhang Sugang ប្រធានសាជីវកម្មឧស្សាហកម្ម គ្រឿងយន្តចិន និងលោក Zheng Zhijie អនុប្រធានធនាគារអភិវឌ្ឍន៍ចិន៕ ប្រភពកម្ពុជាថ្មី