ជីជី មិនស្នេហ៍ប្រុសចាស់
ពិធីការិនីស្រស់ខ្ចី សម្តីផ្អែម កញ្ញាជីជី ធ្លាប់រងព័ត៌មានពាក់ព័ន្ធនឹងស្នេហាជាមួយឧកញ៉ា និងប្រុសក្មេង តែត្រូវបានជីជី ច្រានចោលជាបន្តបន្ទាប់។ ប៉ុន្តែ ថ្មីៗនេះ នាងក៏បានបង្ហើបប្រាប់ថា នាងមិនស្នេហ៍ប្រុសចាស់ទេ ដែលការបង្ហាញតម្រុយបែបនេះ ត្រូវបានគេសង្ស័យថា នាងប្រហែលជាមានប្រុសក្មេង ទុកក្នុងបេះដូងទៅហើយ...។
កញ្ញាជីជី ត្រូវបានគេចាត់ទុកជាពិធីការិនីស្រស់ខ្ចី វ័យក្មេងមួយរូប មិនត្រឹមតែ មានសម្រស់ស្រស់ឆើតឆាយ គួរឱ្យគ្រឺតក្នាញ់ប៉ុណ្ណោះទេ តែនាងក៏ពិធីការិនីដែលមាន វោហារសាស័ព្ទចាប់ចុងជួនបានល្អដែរ។
ជីជី ត្រូវគេដឹងថា ជាប្អូនស្រីបង្កើតរបស់ពិធីការិនីល្បី ពេជ្រ សិរីរ័ត្ន ដែលមានឈ្មោះដើមថា ពេជ្រ សូលីដា។ នាងបានក្តោបតំណែងក្នុងកម្មវិធី “រាត្រីកម្សាន្ត” របស់ ស្ថានីយទូរទស្សន៍ CTN យ៉ាងរឹងមាំ រហូតសព្វថ្ងៃ។
ទន្ទឹមនឹងកេរ្តិ៍ឈ្មោះកំពុងតែសាយភាយនេះដែរ ពិធីការិនីដែលមានសម្តីដូចរៃកណ្តឹង រូបនេះ ក៏តែងរងនូវពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងស្នេហាជាបន្តបន្ទាប់ ដូចជា កន្លងមក ធ្លាប់ល្បីថា មានឧកញ៉ាសម្បូរទ្រព្យពេញចិត្ត តាមប្រកិតសុំស្នេហ៍នាង។ ហើយកន្លងទៅថ្មីៗនេះទៀត នាងត្រូវបានគេសង្ស័យថា មានសង្សារជា ប្រុសក្មេង អាយុជាង ២០ឆ្នាំ ដោយគេបានប្រទះឃើញនាង បានកៀកកិត ស្និទ្ធស្នាល ផ្អែមល្ហែមជាមួយគ្នា នៅក្នុងក្លឹបកម្សាន្តមួយ ក្នុងរាជធានីភ្នំពេញ បុរសវ័យក្មេងម្នាក់នេះ ត្រូវគេដឹងថា ជាកូនអ្នកមាន...។
ប៉ុន្តែ ព័ត៌មានចចាមអារ៉ាមទាំងប៉ុន្មាន ក៏ត្រូវកញ្ញាជីជី តែងធ្វើការ បដិសេធ ដោយនាងថែមទាំងអះអាងថា នេះមិនមែនជាការពិតឡើយ ព្រោះថា គ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ ហើយអ្នកសិល្បៈ តែងជួបជំពប់ព័ត៌មាននេះ គេចមិនផុតឡើយ។
ជួបជាមួយកញ្ញាជីជី នៅក្នុងកម្មវិធី “រាត្រីកម្សាន្ត” កាលពីថ្ងៃសៅរ៍ ទី២៥ មីនា នាងបានប្រាប់ថា “សព្វថ្ងៃនេះ ខ្ញុំក៏មានការធុញថប់នឹង ព័ត៌មានចចាមអារ៉ាមដែលតែងតែមានមកលើរូបខ្ញុំនោះ តែខ្ញុំក៏មិនអាច ហាមឃាត់មាត់គេមិនឱ្យនិយាយបានដែរបង (សើច)។
ស្រីស្រស់តូចច្រឡឹងរូបនេះ បានឱ្យដឹងទៀតថា “សព្វថ្ងៃនេះ បើទោះបីជាខ្ញុំ ប្រាប់គេថា ខ្ញុំគ្មានសង្សារ គ្មានអ្នកស្រលាញ់ ក៏គេមិនជឿដែរ (សើច)។ ឥឡូវបើសំណួរនេះ ក៏បងសួរខ្ញុំដែរនោះ ខ្ញុំក៏សូមប្រាប់បងថា សព្វថ្ងៃនេះ មិនខ្វះទេអ្នកដែលស្រលាញ់ខ្ញុំនោះ តែខ្ញុំមិនបានទទួលយក ស្នេហ៍ពីបុរសណាមួយឡើយ។ សព្វថ្ងៃ ខ្ញុំនៅក្មេង កំពុងតែឈ្លក់វង្វេង និងការងារសិល្បៈ មិនទាន់គិតដល់រឿងស្នេហា ឬគូអនាគតអ្វីទេបង ចាំឱ្យខ្ញុំមានអាយុច្រើន ចាស់ចិត្តចាស់គំនិត និងសប្បាយ នៅក្នុងវិស័យសិល្បៈឱ្យឆ្អែតសិន ទើបខ្ញុំគិតពីគូជីវិតជាក្រោយ"។
ជីជី បញ្ជាក់សម្តីជាមួយការសើចកក្អឹកថា “បើសិនជាស្នេហា កើតឡើងដោយចៃដន្យនោះ ខ្ញុំមិនស្នេហ៍ប្រុសវ័យចំណាស់ទេ ទោះបីមានទ្រព្យស្តុក តែចាស់ពេក ធ្វើជាប្តីប្រពន្ធនឹងគ្នា ម្តេចនឹងសមទៅ? យ៉ាងហោចណាស់ ក៏ប្រហាក់ប្រហែលគ្នា ឬលើសគ្នា ត្រឹម៤-១០ឆ្នាំ ទៅចុះ”។
នៅពេលត្រូវសួរថា ការដែលនាងបង្ហើបប្រាប់បែបនេះ ប្រហែលជានាងមានបុរសវ័យក្មេង ក្នុងបេះដូងហើយមែនទេ? ជីជី សើចរាងអៀនប្រៀន រួចឆ្លើយយ៉ាងរហ័សថា “អូ! មិនមែនដូច្នេះទេ នេះគ្រាន់តែគំនិតរបស់ខ្ញុំ តែប៉ុណ្ណឹង”។
សព្វថ្ងៃនេះ ជីជី កាន់កម្មវិធី “រាត្រីកម្សាន្ត” តែមួយគត់ ប៉ុន្តែ នាងបានទទួលការគាំទ្រ និងមានគេស្គាល់ច្រើន ក្រៅពីពិធីការិនី និង ថតស្ពតពាណិជ្ជកម្ម ម្តងម្កាលនោះ នាងក៏ទើបសាកល្បងសម្តែងភាពយន្ត រឿង “អាបពាក់មួកសុវត្ថិភាព” ដែលត្រូវចាក់បញ្ចាំង នៅខែមេសា នេះ ហើយនាងក៏សង្ឃឹមថា និងមានការគាំទ្រពីសំណាក់ទស្សនិកជន ព្រោះនេះជាលើកទី១ សម្រាប់នាង ក្នុងអាជីពសម្តែង ៕ ប្រភព akt-media