បុរសម្នាក់ ចូលកោសជប់ នៅហាងម៉ាស្សា ហេងហេង ផ្លូវ ២១៧ បាត់លុយ ៣.០០០ ដុល្លារ

ភ្នំពេញ ៖ កន្លែងកោសជប់ ជាច្រើនកន្លែង ក្នុងខណ្ឌដង្កោ ភាគច្រើនគ្មានច្បាប់អនុញ្ញាត ហើយជាពិសេស ភ្ញៀវចូល កោសជប់ តែងតែបាត់លុយ ដូចជា មានបុរសម្នាក់ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដង្កោ សុំប្តឹង ហាងកោសជប់ (យីហោ) ហេង ហេង ដែលមានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវ ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ខណៈរូបគាត់ បានទៅកោសជប់ នៅហាងម៉ាស្សានោះ ហើយបាត់លុយ ៣.០០០ដុល្លារ។ បុរសរងគ្រោះ មានឈ្មោះ បាក់ សុផេន អាយុ ៤៥ ឆ្នាំ មុខរបរ កសិករ រស់នៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ ។
សមត្ថកិច្ច បានឲ្យដឹងថា ពាក្យបណ្តឹងរបស់បុរស រងគ្រោះ គឺបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៣ វេលាម៉ោង ១៥ ល្ងាច រូបគាត់ បានចេញពីផ្ទះ មកកោសជប់នៅហាងកោសជប់ (យីហោ) ហេង ហេង ពេលចូល ទៅដល់ផ្ទះកោសជប់ ពួកស្រីកោសជប់ទាំងនោះ ឲ្យគាត់ចូលក្នុងបន្ទប់ ហើយរូបគាត់ ក៏បានដោះអាវដាក់ព្យួរ ទៅមាត់បង្អួច ហើយស្រីនោះ បាន យកអាវព្យួររបស់គាត់ មកដាក់នៅលើសាឡុង ។ ខណៈនោះ គាត់ក៏បានស្រាតខោ ដាក់លើសាឡុងដែរ ហើយស្រីកោស ជប់នោះ បានហុចកន្សែងពោះគោ ឲ្យគាត់ស្លៀកឡើងដេកលើគ្រែ ដោយស្រីរូបនោះ ឲ្យគាត់ដេកផ្កាប់មុខ ដើម្បីកោសជប់។
ពាក្យបណ្តឹងជនរងគ្រោះបន្តថា មួយសន្ទុះក្រោយមក រូបគាត់បានស្លៀកពាក់ខោអាវវិញ និងយកលុយរាយ នៅក្រៅកាបូប ឲ្យថ្លៃកោសជប់ ១ម៉ឺនរៀល ទៅឲ្យស្រី្តនោះ ។ បន្ទាប់មករូបគាត់ ក៏បានចេញមកក្រៅ ឡើងជិះរថយន្ត ត្រឡប់ទៅផ្ទះ រហូត ដល់វេលាម៉ោង ១៦ និង៣០នាទីថ្ងៃដដែល រូបគាត់បានយកកាបូបលុយ មកបម្រុងទិញស្រាផឹក នៅកន្លែងកម្មវិធីបុណ្យ ស្រាប់តែបាត់លុយអស់ចំនួន ៣.០០០ដុល្លារ។   ពេលនោះរូបគាត់ក៏ជិះរថយន្ត ត្រឡប់មករកនៅហាងកោសជប់ (យីហោ) ហេង ហេង វិញ ស្រាប់តែកន្លែងកោសជប់នោះបិទទ្វារជិត មិនដឹងជាមនុស្សទៅណាអស់ ទើបរូបគាត់ បានមកដាក់ពាក្យ បណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីជួយរកខុសត្រូវ ។
ក្រោយពីទទួលបាន ពាក្យបណ្តឹងពីបុរសរងគ្រោះ លោកអនុសេនីយ៍ទោ លត់ ឃីម នាយប៉ុស្តិ៍នគរបាល រដ្ឋបាលដង្កោ បាន ឲ្យកម្លាំង ទៅអញ្ជើញម្ចាស់ហាងម៉ាស្សាខាងលើ ដើម្បីឆ្លើយបំភ្លឺនៅក្នុងរឿងរ៉ាវនេះ រហូតដល់ព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ ២០១៣ នៅមិនទាន់ឃើញតំណាង ភាគីខាងម្ចាស់ហាង ចូលខ្លួនមកស្រាយបំភ្លឺឡើយ។
លោកនាយប៉ុស្តិ៍ដង្កោប្រាប់ថា  បើមិនឃើញខាងភាគីម្ចាស់ហាងកោសជប់ យីហោ ខាងលើ មកតាមការណាត់ជួប លោក នឹងបញ្ជូនសំណុំរឿង ទៅថ្នាក់លើចាត់កាត់ការបន្តទៀត ។
ជុំវិញករណីខាងលើនេះ ជនរងគ្រោះ សូមឲ្យសមត្ថកិច្ច មេត្តាជួយរកយុត្តិធម៌ និងស្រាវជ្រាលតាមចាប់ ក្រុមចោរលួចយក ប្រាក់របស់គាត់នោះ មកផ្តន្ទាទោសតាមផ្លូវច្បាប់ ឲ្យបានឆាប់រហ័សផង ៕

ដោយ ដើមអម្ពិល
Next PostNewer Post Previous PostOlder Post Home

About