រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿង បើកលឿនពេកអាងយប់ស្ងាត់ បានទៅបុកម៉ូតូពី ក្រោយកិនពីលើខ្ទេចមួយ កំណាត់ខាងក្រោយ សំណាងល្អអ្នកជិះម៉ូតូ៣នាក់ លោតចេញពីម៉ូតូទាន់។ គ្រោះថ្នាក់នេះកើតឡើងកាលពី វេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១១ មេសា ២០១៣ នៅចំណុចព្រំប្រទល់ សង្កាត់ចោមចៅ និងសង្កាត់ស្ទឹងមានជ័យ តាមផ្លូវវេងស្រេង កែងផ្លូវដួងងៀប ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្តកុងតឺន័រ ពណ៌ត្រួយចេក បើកតាមផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត ស្របគ្នាជាមួយ ម៉ូតូគុបជ្រុង៥០ ពណ៌ទឹកប្រាក់ជិះគ្នា៣នាក់ ជាយុវជន ខណៈមកដល់ចំណុចខាងលើ រថយន្តបើកលឿនពេកក៏ ជ្រុលទៅបុកពីក្រោយ ម៉ូតូគុបជ្រុង ពេញទំហឹង តែសំណាងល្អ អ្នកជិះម៉ូតូទាំង៣នាក់ លោតចេញពីលើម៉ូតូទាន់ បណ្តាលឱ្យដួលរយះដៃជើង ចំណែកម៉ូតូត្រូវរថយន្ត កិនពីលើខ្ទេចផ្នែកខាងក្រោយ ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តភ័យ ស្លន់ស្លោស្មាន តែកិនមនុស្សស្លាប់នៅកន្លែង កើតហេតុបានរត់គេច ខ្លួនបាត់ស្រមោល ៕

ដោយ កោះសន្តិភាព