ស្ត្រីឈ្មោះ សុំ សៀងហៃ អាយុ៣៤ឆ្នាំ មានស្រុកកំណើត នៅភូមិតាំងក្រូច ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បច្ចុប្បន្នបំរើការងារជាកម្មការិនី នៅរោងចក្រម្តុំចោមចៅ បានប្រាប់ថា កូនកម្លោះ ដែលកំពុងរៀបការគឺជាប្តីរបស់គាត់មានឈ្មោះ ឆើត ពៅ អាយុ៣៣ឆ្នាំធ្វើការជាមួយគ្នាដែលគេបានសុំលែងជាមួយគាត់ ជិត១ឆ្នាំមកហើយ។ ប្តីគាត់តាំងពីមានស្រីថ្មីមិនដែលខ្វល់ខ្វាយជួយចញ្ចឹមកូនៗទេ ដោយរូបប្តីបានអស់និស្ស័យនិងគាត់ ហើយក៏បានផ្តិតមេដៃយល់ព្រមលែងលះគ្នា តែភាគីប្តីត្រូវបង់ថ្លៃចញ្ចឹមកូនចំនួន២.០០០ដុល្លារ ទើបលិខិតលែងគ្នានេះមានសុពលភាព។ ក្រោយពីបានធ្វើកិច្ចសន្យារួចរាល់ភាគីខាងប្រុសមិនដែលគិតគូ ផ្ដល់លុយដែលបានធ្វើកិច្ចសន្យានោះទេ ស្រាប់តែមកលួចរៀបការស្ងាត់ៗបែបនេះទៅវិញ។
ស្ត្រីឈ្មោះ សៀង ហៃ បានរៀបរាប់ទាំងក្តុកក្តួលទៀតថា គ្រាន់តែឮថាអតីតប្ដីកំហូចលួចរៀបការភ្លាមនាងបានពឹងគេឲ្យ ជូនមកដល់រោងការទាំងយប់ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៣ជាថ្ងៃចូលរោងការ ហើយនាងមិនអនុញ្ញាតឲ្យរៀបការឡើយ។ គ្រាន់តែឮសម្តីបែបនេះបងប្អូនខាងប្តីបាននាំគ្នាអង្វរ ដោយសុំមិនឲ្យនាងខឹង និងបានសន្យាបង់ប្រាក់ឲ្យនាងចំនួន១.៥០០ដុល្លារ ក្រោយពេលរៀបការរួច។ នាងរៀបរាប់ទៀតថាដោយសារតែភាពឆោតល្ងង់ គេបានហៅនាងឲ្យផ្តិតមេដៃទាំងយប់ ដើម្បីឲ្យគេបានរៀបការពេញច្បាប់ជាមួយប្រពន្ធក្រោយ។ ពេលនោះប្តីនាងបានរៀបចំគម្រោងជាស្រេច គឺបានធ្វើកិច្ចសន្យាដោយគេ មិនប្រគល់ក្រដាសឲ្យនាងមើលទេ ពោលគឺគេទុកដាក់ខ្លួនគេទាំងអស់។
ពេល ត្រឡប់ទៅផ្ទះវិញនាងបាននិយាយប្រាប់បងប្អូនអំពីដំណើររឿងនេះ ក៏ស្រាប់តែគេស្តីបន្ទោសថានាងបានចាញ់បោកប្តីកំហូចនេះជាលើកទី២ ដូចនេះកូនស្រី២នាក់នេះនាងរ៉ាប់រងចិញ្ចឹមតែម្នាក់ឯងហើយ។ ក្រោយពីឮការផ្តល់យោបល់បែបនេះនាងបានសម្រេចចិត្តមកប្តឹងប៉េអឹម ឲ្យចាប់ខ្លួនអតីតប្ដីកំហូចនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៣ ដើម្បីទាមទារអាហារកិច្ចមកចិញ្ចឹមកូនសិន ទើបអាចអនុញ្ញាតឲ្យរៀបការបន្តទៀត។ យ៉ាងណាក៏ដោយ កម្លោះ កូន២កំហូចរូបនោះបានឆ្លើយដោះសារថា លោកពិតជាបានធ្វើកិច្ចសន្យាជាមួយប្រពន្ធដើម២ដងមែន ហើយក៏មិនទាន់បានប្រគល់លុយឲ្យនាងទេ រង់ចាំរៀបការចប់សព្វគ្រប់ ព្រោះត្រង់ចំណុចថាគាត់បានបោកប្រាស់អតីតប្រពន្ធនោះគ្មានទេ គឺគ្រាន់តែមិនទាន់មានលុយឲ្យ។ លុះដល់ម៉ោងប្រម៉ាណ៦ល្ងាចទើបកូនកម្លោះដើររកប្រាក់មកសង ប្រពន្ធដើម គ្រប់ចំនួនហើយក៏រៀបការបន្តទៀត៕