គ.ជ.ប ឆ្លើយ​តប​ការ​ធ្វើ​សវន​កម្ម​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ការរក​ឃើញ​ថា​អ្នក​បោះ​ឆ្នោត​1,25​លាន​នាក់​គ្មាន​ឈ្មោះ​គឺ​មិន​ពិត


គ.ជ.ប ឆ្លើយ​តប​ការ​ធ្វើ​សវន​កម្ម​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ការរក​ឃើញ​ថា​អ្នក​បោះ​ឆ្នោត​1,25​លាន​នាក់​គ្មាន​ឈ្មោះ​គឺ​មិន​ពិត


រាជ​ធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប​) បាន​មាន​ប្រតិ​កម្ម​ចំពោះ​របាយ​ការណ៍​ចុង​ក្រោយ​របស់​អង្គការខុម​ហ្វ្រែល​ ស្តី​ពី «ការអង្កេត​ស្រាវ​ជ្រាវ​បញ្ជី​បោះ​ឆ្នោត​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​សវន​កម្ម​បញ្ជី​បោះ​ឆ្នោតបន្ថែម​ ការផ្ទៀង​ផ្ទាត់​ លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៣» ។​
យោងតាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​អគ្គ​ លេខាធិការដ្ឋាន​ គ.ជ.ប ចុះ​ថ្ងៃ​ទី​៥​ ខែ​មេសា​ ឆ្នាំ​២០១៣ ឱ្យដឹងថា​ តាម​របាយ​ការណ៍​នេះ​បាន​វាយ​តម្លៃ​ថា​ ជា​ទូទៅ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២​ មាន​ភាព​ល្អប្រសើរ​ធៀប​នឹង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១១​ និងបញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០០៨ ។​ ក្នុងសេចក្តី​ប្រកាស​ព័ត៌​មាន​ គ.ជ.ប​ បាន​ថ្លែង​អំណរគុណ​ និង​កោត​សរសើរ​អង្គការ​ខុម​ហ្វ្រែល​ ដែល​ខិតខំ​ចូលរួម​តាម​ដាន​សកម្ម​ភាព​នៃ​ដំណើរ​ការ​រៀបចំ​ការ​បោះ​ឆ្នោត ។​

សេចក្តី​ប្រកាសព័ត៌​មាន​របស់​ គ.ជ.ប​ បាន​បំភ្លឺ​ចំណុច​មួយ​ចំនួន​ដែល​ខុម​ហ្វ្រែល​បាន​លើក​ឡើង​ក្នុង​របាយ​ការណ៍​ សវនកម្ម​ជូន​សាធា​រណ​ជន​ថា ៖
ទី១-​ការ​យក​ស្ថិតិ​ប្រជាពលរដ្ឋ​អាយុ​១៨​ឆ្នាំ​ឡើង​ពី ​ក្រសួង​ផែនការ​ វា​មិន​ត្រូវ​គ្នា​នឹង​ស្ថិតិ​របស់ គ.ជ.ប ទេ​ ពីព្រោះ​ស្ថិតិ​របស់​ក្រសួង​ផែន​ការ​ឈរ​លើ​ការ​ធ្វើ​ជំរឿន​ប្រជា​ពល​រដ្ឋ​ ឆ្នាំ​២០០៨​ ដែលអត្រា​កំណើន​តាម​រូប​មន្ត​ជារៀងរាល់​ឆ្នាំ​ដោយ​មិន​គិត​ដល់​ថ្ងៃ​បោះ​ ឆ្នោត​ទេ ។​ រី​ឯ​ស្ថិតិ​របស់​ គ.ជ.ប​ គឺ​ស្រង់​ជាក់​ស្តែង​ពី​ឃុំ​ សង្កាត់​ដែល​ប្រជាពលរដ្ឋ​មាន​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​គិត​ត្រឹម​ថ្ងៃ​បោះ​ ឆ្នោត ។​
ទី​២-បញ្ជី​បោះ​ឆ្នោត​ដែលឃុំ សង្កាត់​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ហើយ​ និង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថត​ចម្លង​ផ្ញើ​មក​ គ.ជ.ប មាន​ទិន្នន័យ​ដូច​គ្នា ។​ បើ​ប្រៀប​ធៀប​នឹង​បញ្ជី​បោះ​ឆ្នោត​ដែល​បាន​បិទ​ផ្សាយ​នៅ​ឃុំ​ សង្កាត់​ និង​បញ្ជី​បោះ​ឆ្នោត​ដែល​បាន​បញ្ចូល​ទិន្នន័យ​ទ្វេ​ដង​ដោយ​មជ្ឈ​មណ្ឌល​ កុំព្យូទ័រ ដើម្បី​ផ្តល់​សុពល​ភាព​បញ្ជី​ឈ្មោះ​ជា​ផ្លូវ​ការ​នោះ​ វា​អាច​មិន​មាន​ចំនួន​ដូចគ្នា​ទាំង​ស្រុង​នោះ​ទេ​ ដោយ​ហេតុ​ថា​ គ.ជ.ប​ ពិនិត្យ​ផ្ទៀង​ផ្ទាត់​តាម​ទម្រង់​១០១៦ និង​ទម្រង់​១០១៧ ហើយ​អាច​លុប​ឈ្មោះ​អ្នកបោះ​ឆ្នោត​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​ លុះ​ត្រា​តែ​តាម​ការ​សម្រេច​របស់​បណ្តឹង​នៅ​ថ្នាក់​ គ.ជ.ប​ ឬ​ថ្នាក់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ។​ ក្រោយ​ពី​ គ.ជ.ប​ បាន​ផ្តល់​សុពល​ភាព​ហើយ​ គ.ជ.ប​ បញ្ជូន​បញ្ជី​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​ទៅ​រក្សា​ទុក​នៅ​ឃុំ សង្កាត់​ និង​បញ្ជី​បោះឆ្នោត​ផ្លូវ​ការ​ដែល​ត្រូវ​ប្រើ​ក្នុង​ការបោះ​ឆ្នោត​ឆ្នាំ​ ២០១៣​ គឺ​ជា​បញ្ជី​បោះ​ឆ្នោត​តែ​មួយ ។​
ទី៣-​ចំពោះ​ឈ្មោះ​ស្ទួន​ដែល​ខុមហ្វ្រែល​រក​ឃើញ​នៅ​ ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១១​ ហើយ​ថា គ.ជ.ប​ លុប​មិនអស់​នោះ​ ដោយសារ​ថា គ.ជ.ប​ អាច​លុប​ឈ្មោះ​ណា​ដែល​មាន​ទិន្ន​ន័យ​ដូច​គ្នា​ទាំង​ស្រុង ហើយ​ចំពោះ​ឈ្មោះ​ស្ទួន​ដែល​មាន​ទិន្នន័យ​មិនដូចគ្នា​ទាំង​ស្រុង​នោះ​ គ.ជ.ប​ មិន​អាច​លុបបាន​ទេ​ ពីព្រោះ​វា​អាច​ច្រឡំ​នាំ​ឱ្យ​បាត់​បង់​សិទ្ធិ​អ្នក​បោះ​ឆ្នោត ។​
ទី​៤-​ការ​យក​ទម្រង់​១០២៥​ ទៅ​ផ្ទៀង​ផ្ទាត់​ឈ្មោះ​ដែល​លុប​ចេញ​ពីបញ្ជីឈ្មោះ​បោះ​ឆ្នោត​ គឺ​មិន​ត្រឹម​ត្រូវទេ​ ព្រោះទម្រង់​១០២៥​ គ្រាន់​តែ​ជា​ឈ្មោះ​ដែល​ស្មៀន​ឃុំ សង្កាត់​ភ្ជាប់​ជាមួយ​ឯក​សារ​ភស្តុតាង​សម្រាប់ឱ្យ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​សម្រេច​លុប​ឬ​មិន​លុប​តែ​ប៉ុណ្ណោះ ។ ការលុប​ជាក់​ស្តែងគឺ​ផ្អែក​ទៅ​លើ​ទម្រង់​១០១៦ និង​ទម្រង់​១០១៧ ។​
ទី៥-​ករណី​ដែល​បាន​រកឃើញ​ថា មាន​តែ​១៣,៥%​ ដែ​ល​បាន​ចុះឈ្មោះ​បោះ​ឆ្នោត​ហើយ​រក​ឈ្មោះ​មិន​ឃើញ​ វា​គ្រាន់​តែ​ជា​ចំនួន​ភាគរយ​ដែល​ទទួលបាន​ពី​ប្រជាពល​រដ្ឋ​មួយ​ចំនួន​ឆ្លើយ​ តាម​ការសម្ភាសន៍ ។ ប៉ុន្តែម​ិន​បាន​បញ្ជាក់​ព័ត៌​មាន​ច្បាស់​លាស់​ថា​គាត់​បាន​ចុះ​នៅ​ឆ្នាំ​ណា ​ ហើយ​ត្រូវ​បាន​លុប​ឈ្មោះ​នៅឆ្នាំ​ណា​នោះ​ទេ ។​ ម្យ៉ាង​ទៀត​ ការធ្វើ​បច្ចុប្បន្ន​ភាព​លើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១២ គ.ជ.ប​ បាន​លុប​ឈ្មោះ​អ្នក​ស្លាប់​ អ្នក​ផ្លាស់ទី​លំនៅ​ចេញ​ និង​ឈ្មោះ​ស្ទូន​ចំនួន​៤៦៨.៤៨៥​នាក់​ប៉ុណ្ណោះ ។​ ដូច​នេះ​ខុម​ហ្វ្រែល​បាន​រក​ឃើញ​ថា ឈ្មោះ​ប្រជាពល​រដ្ឋ​ដែល​បាន​​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ហើយ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​១៣,៥%​ ស្មើ​នឹង​១,២៥​លាន​នាក់​នោះ គឺ​មិន​ពិត​ឡើយ ៕​កោះសន្តិភាព
 
Next PostNewer Post Previous PostOlder Post Home

About