
រូបភាពគេហទំព័រ ដើមអម្ពិល
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួន ថា កាលពីឆ្នាំ ២០១០ ប្រជាជននៅលើសកលលោកប្រមាណ ១,២៤លាន នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ នៅតាមដងផ្លូវនានា ដោយចំនួននេះប្រហាក់ប្រហែល ទៅនឹងឆ្នាំ២០០៧ផងដែរ។ នេះបើតាមរបាយការណ៍ស្ថិតិ សុវត្ថិភាពផ្លូវថ្នល់ជាសកលនៅឆ្នាំ ២០១៣ ដែលគាំទ្រចំពោះសកម្មភាពមួយទសវត្សរ៍របស់ WHO។
សេចក្តីថ្លែងការនេះ បានបន្តថា អំឡុងពេលដែលប្រទេសជាសមាជិក ៨៨ប្រទេស អាចមានលទ្ធភាពកាត់បន្ថយ ចំនួន នៃការកើតមាននូវគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវទៅហើយនោះ ចំនួនគ្រោះថ្នាក់បានបន្តកើនឡើងនៅ ៨៧ប្រទេសផ្សេងទៀត។
យោងតាមស្ថិតិសុខាភិបាលជាតិរបស់ក្រសួងសុខាភិបាលនៅប្រទេសកម្ពុជាឆ្នាំ២០១០ បានឲ្យដឹងថា ការរង របួសដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ បានក្លាយជាកត្តា ចម្បងធំទីពីរ ដែលបណ្តាលឲ្យមានមនុស្ស ស្លាប់ បន្ទាប់ពីការវាយប្រហារយ៉ាងធ្ងន់ធ្ងរ នៃជំងឺផ្នែកប្រព័ន្ធដង្ហើមនោះ។ យោងតាមប្រព័ន្ធព័ត៌មានពីជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរ នៃគណៈកម្មាធិការសុវត្ថិភាពផ្លូវថ្នល់ជាតិឆ្នាំ២០១០ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរ បាន សម្លាប់មនុស្ស ១.៨១៦នាក់ នៅប្រទេសកម្ពុជា ដែល ៨០ភាគរយ នៃបណ្តា ជនដែលទទួលរងគ្រោះនោះ ជា បុរស។ ដោយឡែកស្ថិតិ នៃគ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ២០១១ វិញ បានបណ្តាលឲ្យមនុស្សស្លាប់កើនដល់ ១.៩០៥ នាក់។
តាមស្ថិតិដែលទទួលបានពីក្រសួងមហាផ្ទៃឲ្យដឹងថា នៅឆ្នាំ ២០១២ ចំនួនមនុស្សស្លាប់ ដោយសារគ្រោះថ្នាក់ចរា ចរណ៍នៅតែខ្ពស់ គឺ ១.៨៩៤នាក់ ដែលគិតចាប់ខែវិច្ឆិកា ឆ្នាំ២០១១ ដល់ខែវិច្ឆិកា ឆ្នាំ២០១២។ នៅក្នុងរយៈ ពេលដដែលនោះដែរ គេសង្កេតឃើញថា មនុស្ស ៤.៣៨៨នាក់ រងរបួសធ្ងន់ស្រាល ដែលបង្កឡើងដោយសារ គ្រោះថ្នាក់ចរាចរចំនួន ៤.៣០៥ ករណីនៅតាមដងផ្លូវនានាក្នុងប្រទេសកម្ពុជា។
លោកឧត្តមសេនីយ៍ទោ ហឹម យ៉ាន ប្រធាននាយករដ្ឋានសាធារណៈ នៃក្រសួងមហាផ្ទៃ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដោយខ្លីតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៥ ខែមីនា ថា រយៈពេលជាង២ខែ ដើមឆ្នាំ២០១៣ គ្រោះថ្នាក់ចរាចរបានកើតឡើង ១.១០៣ករណី ដោយសម្លាប់ជីវិតមនុស្ស ៥៤០នាក់ និងរងរបួសរហូតដល់ ១.៨៩៧នាក់។
ចំពោះកត្តាចម្បងដែលនាំឲ្យកើតមាននូវគ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវនោះមានចំនួន៥ ដែលត្រូវបានកត់ សម្គាល់នៅក្នុងរបាយការណ៍របស់ស្ថាប័នអន្តរជាតិ ទៅលើសុវត្ថិភាពផ្លូវថ្នល់ឆ្នាំ ២០១៣ មានដូចជា៖ ការបើកបរ ដោយស្រវឹង, បើកបរហួសល្បឿនកំណត់, បើកបរដោយមិនពាក់មួកសុវត្ថិភាព និងការបើកបរដោយមិនពាក់ខ្សែ ក្រវ៉ាត់ជាដើម។
នៅប្រទេសកម្ពុជា ការបើកបរហួសល្បឿនកំណត់បានចាត់ចូលក្នុងកម្រិត ៥១ភាគរយ នៃគ្រោះថ្នាក់ ដែល បណ្តាលឲ្យមានមនុស្សស្លាប់ និង បើកបរដោយគ្រឿងស្រវឹងមាន ១៦ភាគរយ។ តាមស្ថិតិនេះ បានបង្ហាញថា អ្នកបើកបរទោចក្រយាន្តនៅប្រទេសកម្ពុជាតែ ៦៥ភាគរយប៉ុណ្ណោះ ដែលពាក់មួកសុវត្ថិភាព ហើយអ្នកដែលជិះ នៅពីក្រោយនោះ បានពាក់មួកសុវត្ថិភាពតែ ៩ភាគរយ ប៉ុណ្ណោះ។
សម្រាប់កិច្ចខិតខំប្រឹងប្រែងប្រកបដោយភាពវិជ្ជមានកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានបំផុសឲ្យមានការ ផ្លាស់ប្តូរជាដុំកំភួន ទៅលើច្បាប់ចរាចរណ៍កាលពីពេលថ្មីៗនេះ។ នៅក្នុងការកែសម្រួលច្បាប់ថ្មី ដែលបានលើក ឡើងអំពីការបើកបរដោយស្រវឹង និង កត្តាគ្រោះថ្នាក់ផ្សេងៗទៀតនោះ មួកសុវត្ថិភាពត្រូវបានកំណត់ឲ្យប្រើប្រាស់ ទាំង អ្នកបើកបរទោចក្រយាន្ត និង អ្នកជិះនៅពីក្រោយ ហើយនិងបង្កើនការដាក់ទោស ព្រមទាំងផាកពិន័យចំពោះ ជនដែលប្រព្រឹត្តផ្ទុយនឹងច្បាប់នេះផងដែរ។
ចំពោះរបាយការណ៍ស្តីពីសុវត្ថិភាពផ្លូវថ្នល់ឆ្នាំ ២០១៣ នេះ បានចេញមកជាការព្រមានយ៉ាងខ្លាំងទៅកាន់រដ្ឋាភិ បាលនានា ថាពួកគេត្រូវចាត់វិធានការបន្ថែមទៀត ដើម្បីការពារមនុស្ស គ្រប់គ្នាដែលធ្វើដំណើរនៅលើផ្លូវថ្នល់ ដូចជា អ្នកថ្មើរជើង, អ្នកបើកបរទោចក្រយាន្ត, និង អ្នកបើកបររថយន្តផងដែរ។ គ្រោះថ្នាក់ចរាចរណ៍នៅតាមដង ផ្លូវ ដែលបណ្តាលឲ្យមនុស្សស្លាប់ និង របួសនោះ យើងអាចបង្កកុំឲ្យកើតមានបាន ហើយរបាយការណ៍ខាងលើ នេះ គឺជាជំហានបន្ទាប់ សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងរក្សាឲ្យបាននូវសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា ដែលកំពុង មានសកម្មភាពនៅលើដងផ្លូវ។ យុទ្ធនាការនៃសុវត្ថិភាព ចរាចរណ៍កំពុងត្រូវបានធ្វើឡើង ប៉ុន្តែយើងមានផ្លូវដ៏វែង ឆ្ងាយទៀត ដែលត្រូវធ្វើដំណើរ។
អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ ៖ Dap-News.com