ការប្រើប្រាស់ប្រព័ន្ធសុវត្ថិភាពសម្រាប់ទូរស័ព្ទទំនើបគឺពិតជា សំខាន់ ពីព្រោះបច្ចុប្បន្នដោយសារតែបច្ចេកវិទ្យាជឿនលឿន ដូច្នេះទើបព័ត៌មានសំខាន់ៗមួយចំនួនត្រូវគេរក្សាទុកនៅក្នុងទូរស័ព្ទ ទំនើបជាជាងការកត់ត្រាដាក់សៀវភៅ ។ យ៉ាងណាមិញចំពោះការប្រើនូវសោសុវត្ថិភាពសម្រាប់ទូរស័ព្ទទំនើប គឺត្រូវបានធ្វើឡើងទៅតាមរបៀបផ្សេងៗ ដែលម្ចាស់ទូរស័ព្ទនីមួយៗបានប្រើដូចជា PIN, pattern ឬដាក់លេខសំងាត់ជាដើម (password lock) ។
ថ្វីបើការប្រើប្រាស់ប្រព័ន្ធសុវត្ថិភាពគឺពិតជាធានាបាននូវ សុវត្ថិភាពខ្ពស់សម្រាប់ទូរស័ព្ទទំនើប តែថ្មីៗនេះគេទើបតែរកឃើញថា ពួកវាប្រហែលជាមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការការពារទូរស័ព្ទ អ្នកនៅឡើយទេ ប្រសិនបើអ្នកជាម្ចាស់ទូរស័ព្ទ Samsung ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.1.2 ឬខ្ពស់ជាងនេះ ដូចជាទូរស័ព្ទទំនើប Galaxy Note II ជាដើម។
លោក Terrence Eden បានធ្វើការបង្ហាញដល់ភ្នែករបស់យើងឲ្យឃើញយ៉ាងច្បាស់ពីការដោះសោនៃ ប្រព័ន្ធសុវត្ថិភាព(security flaw ) របស់ Galaxy Note 2 ដោយមិនចាំបាច់មាននូវលេខសំងាត់ ។ ឥឡូវដើម្បីជ្រាបកាន់តែច្បាស់ពីវិធីសាស្ត្រក្នុងការដោះសោសុវត្ថិភាព របស់ Galaxy Note II សូមទស្សនាវីឌីអូខាងក្រោមទាំងអស់គ្នា ។
តាមរយៈវីឌីអូខាងលើយើងឃើញថាអ្នកជំនាញគាត់បានប្រើប្រាស់នូវមុខងារ emergency call ដើម្បីដោះសោសុវត្ថិភាពដែលមាននៅលើទូរស័ព្ទ Galaxy Note II នេះ ដំបូងគាត់បានបញ្ចូលលេខក្លែងក្លាយមួយចំនួន បន្ទាប់មកចុចលើ button dial (ហៅទូរស័ព្ទចេញ) នឹងព្យាយាមរហូតមានលោក error message ហើយចុចទៅលើ button ត្រលប់ក្រោយវិញ នេះគ្រាន់តែជាការនិយាយត្រួសៗប៉ុណ្ណោះ សំខាន់ជាងនេះប្រិយមិត្តអាចសាកល្បងធ្វើវាដោយខ្លួនអ្នកផ្ទាល់ ប៉ុន្តែសម្រាប់លទ្ធផលបានសម្រេចឬមិនសម្រេចនោះ ពពកមិនហ៊ានអះអាងនោះទេ ។
សូមបញ្ជាក់ថា សម្រាប់ចន្លោះដែលមាននៅលើទូរស័ព្ទក្រុមហ៊ុន Samsung បាននិយាយថា ពួកគេនឹងបញ្ចូលនូវ software បន្ថែមទៅក្នុង path ដែលមានចន្លោះនោះនាពេលឆាប់ៗខាងមុខ ។ ដោយឡែកដើម្បីបន្ថែមនូវសុវត្ថិភាពកាន់ខ្ពស់សម្រាប់ទូរស័ព្ទអ្នក គឺមានប្រិយមិត្តបន្ថែមការប្រុយប្រយ័ត្នឲ្យបានគ្រប់ពេលវេលានិង គ្រប់ទីកន្លែងដោយខ្លួនអ្នកទេ ទើបប្រសើរ៕
porpok.com