ផ្លូវជាតិលេខ២ ហាក់បីដូចជា មានភ័ព្វសំណាងតិចតួចណាស់បើ ប្រៀបជាមួយនឹងផ្លូវជាតិដទៃទៀត ។ ព្រោះផ្លូវជាតិលេខ២ មានទទឹងតូចចង្អៀតជាមួយនឹង គុណភាពផ្លូវបាន ត្រឹមតែជួសនិងជួសជុលរាប់ទសវត្យរ៍មកហើយ ។ បើបានជួសជុលខាងមុខ ចាប់ខូចខាងក្រោយវិលមកជួសជុល ខាងក្រោយចាប់ខូចខាងមុខទៀត ។ នេះ ជាវាសនាផ្លួវជាតិលេខ២ ដែលកើតមានជារៀងរហូតមក ។
ផ្លូវកៅស៊ូខូចខាត ដែលកន្លែងជាច្រើន បាត់កៅស៊ូអស់នៅសល់តែ ដីហុយផ្អោងនោះ បានចាប់កើតមានតាំង ពីចំណុចហួសស្ពានព្រែកហួររហូតដល់ផ្សារដើមអម្ពិល ជាព្រំប្រទល់រវាងខេត្ដ កណ្ដាល និងខេត្ដតាកែវ ។ ប៉ុន្ដែបែរជា មានផ្លូវកៅស៊ូរលោងស្អាតទៅវិញនៅ ពេលធ្វើដំណើរចូលដល់ព្រំប្រទល់នៃ ខេត្ដតាកែវ ។
យើងខ្ញុំជាប្រជាពលរដ្ឋនៅខេត្ដតាកែវ ដែលតែងតែធ្វើដំណើរទៅមក តាមបណ្ដោយផ្លូវជាតិលេខ២ ដឹកបន្លែ បង្ការ មាន់ទាមកលក់នៅរាជធានីភ្នំពេញ គឺកំពុងជួប ការលំបាកក្នុងការធ្វើ ដំណើរ ។ កាលនៅរដូវវស្សាផ្លូវមាន ជង្ហុកនិងដក់ទឹក ឯនៅរដូវប្រាំងឆ្នាំនេះ ដោយសារគ្មានការជួសជុលផ្លូវកៅស៊ូ ក៏បានក្លាយជាផ្លូវដីហុយផ្អោងដែល កន្លែងខ្លះពេលឡានបើកបរមកដល់ធ្វើ ឱ្យដីហុយស្ទើរមើលផ្លូវមិនឃើញទៀតផង ។
សំណូមពរពីប្រជាពលរដ្ឋយើងខ្ញុំ គឺសូមក្រសួងសាធារណការនិងដឹកជញ្ជូន និងប្រមុខរាជរដ្ឋាភិបាលសម្ដេច តេជោ ហ៊ុន សែន មេត្ដាជួយធ្វើឱ្យផ្លូវ ជាតិលេខ២ មានវាសនាជាផ្លូវកៅស៊ូ និងទទឹងផ្លូវធំដូចគ្នានឹងផ្លូវជាតិដទៃទៀតផង ៕