ការខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​នៅ​ខេត្ត​ព្រះ​សឹ​ហ​នុ ដល់ពេល​ប្រកាសអាសន្ន​

​ខេត្ត​ព្រះសីហនុ ៖ មន្ត្រី ​អង្គភាព​រដ្ឋាករទឹក​ខេត្ត​ព្រះសីហនុ​បាន​និយាយថា ចាប់ពី​ថ្ងៃទី ៣០​ខែ​មិនា ឆ្នាំ​២០១៣ នេះ​តទៅ ការផ្គត់ផ្គង់​ទឹកសាប​នឹងមាន​ការខ្វះខាត​មិន​គ្រប់គ្រាន់តាម ​តម្រូវ ការប្រើប្រាស់​ប្រចាំថ្ងៃ​ទៀតឡើយ ដោយសារតែ​ប្រភព​ទឹកសាប​នៅ​បឹង​ព្រែក​ទប់​ក្បែរ​សណ្ឋាគារ​ឯករាជ្យ​បាន​រឹង​ ស្ងួត​អស់​ទៅហើយ​។ ដូច្នេះ​អង្គភាព​មិនមាន​លទ្ធភាព​បូមទឹក​សំរាប់​ចែកចាយ​នៅ​ក្រុងព្រះសីហនុ បាន​ទៀត​ទេ​។​

​ស្ថានភាព បែបនេះ​នឹង​អូសបន្លាយ​រយៈពេល​យូ​រត​ទៅមុខទៀត ដូច្នេះ​ប្រជាពលរដ្ឋ​និង​អតិថិជន​ត្រូវមាន​ការយោគយល់​និង​ត្រូវ​ចេះ សន្សំសំចៃ​និង​រក្សា​ទឹក​ទុក​ប្រើប្រាស់។ មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ការផ្គត់ផ្គង់​ទឹក​អាច​ដំណើរការ​ជាធម្មតា​វិញ​បាន​លុះត្រាតែ​បឹង​ព្រែក​ទប់ មាន​ប្រភពទឹក​ឡើងវិញ នៅពេល​មាន​ភ្លៀង​កក់ខែ ឬក៏​នៅ​រដូវវស្សា​ចូលមក​ដល់​។ ទោះ​ស្ថិតក្នុង​ស្ថានភាព​បែបនេះ​ក៏ដោយ​អង្គភាព​រដ្ឋាករទឹក​ខេត្ត ព្រះសីហនុ​នៅមាន​ស្ថានីយ៍​បូមទឹក​មួយកន្លែង​ទៀត នៅ​ក្បាលឆាយ​សម្រាប់​បូមទឹក​ផ្គត់ផ្គង់​ប្រើប្រាស់​ក្នុង​ក្រុងព្រះសីហនុ ប៉ុន្តែ​ការបូមទឹក​នៅតែ​មានប​ញ្ហា​រអាក់រអួល​ដដែល គឺ​នៅត្រង់ថា​កង្វះ​ថាមពល​អគ្គិសនី​គឺជា​មូលហេតុ​ចម្បង​សម្រាប់​ដាក់​ឲ្យ ដំណើរការ​ស្ថានីយ៍​បូមទឹក​។​
 
​ក្នុងស្ថានភាព​យ៉ាប់យ៉ឺន​បែបនេះ​អង្គភាព​រដ្ឋាករទឹក​មិនអាច​ធ្វើការ​ ផ្គត់ផ្គង់​ទឹកបាន​២៤​ម៉ោង នោះទេ តែ​នឹងមាន​ការផ្លាស់ប្តូរ​វេន​គ្នា​ដោយ​បិទ​តំបន់​មួយ​បើក​តំបន់​មួយ ដើម្បី​ជួយ​បែងចែក​ទឹក​ឲ្យ​បាន​ប្រើប្រាស់​គ្រប់ៗ​គ្នា​។ សូមបញ្ជាក់​ផងដែរ​ថា​ដី​នៅ​ជុំវិញ​បឹង​ព្រែក​ទប់​ពេលនេះ​ត្រូវបាន​គេ នាំគ្នា​រំលោភ​យក​និង​ទន្ទ្រាន​កាន់កាប់​បែប​ស៊ីសង្វាក់ ដោយ​ដឹក​ដី​ចាក់​លប់​លើ​ចំណី​ព្រែក​ប្រយោជន៍​វាត​យក​ដី​ធ្វើជា ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន។ បញ្ហា​ខាងលើនេះ​បានធ្វើ​ឲ្យ​ផ្ទៃ​បឹង​ទាំងមូល​គោក រាក់​និង​មាន​ទំហំ​តូច​ទៅៗ​ជាហេតុ​ធ្វើ​ឲ្យ​ផ្ទៃ​បឹង​ទាំងមូល​ផ្ទុក ទឹកបាន​តិច មិនមាន​បរិមាណ​ទឹក​គ្រប់គ្រាន់​សំរាប់​ផ្គត់ផ្គង់​ជូន​ប្រជាពលរដ្ឋ​និង អតិថិជន​បាន​នោះ ទេ​៕

Next PostNewer Post Previous PostOlder Post Home

About