លោកវរសេនីយ៍ត្រី វ៉ា ចាន់ថននាយការិយាល័យស្រាវជ្រាវប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានមានប្រសាសន៍ថា កាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៣ វេលាម៉ោង០០ និង៣០នាទី នៅលើផ្លូវ ២៨មិថុនា ស្ថិតក្នុងក្រុម០៩ ភូមិ១ សង្កាត់លេខ០៣ ក្រុង-ខេត្តព្រះសីហនុ មាន ករណីកំហែងយក(ម៉ូតូ) មួយកើតឡើងបង្ករដោយជនសង្ស័យឈ្មោះ ឆែន ប៉ុណ្ណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរគ្រួបង្រៀន នៅសាលាបឋមសិក្សាថ្នល់បំបែក ស្ថិតនៅភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ជននេះ បានធ្វើសកម្មភាពយកដំបងឈើមួយកំណាត់មកវាយជនរងគ្រោះឈ្មោះ លិញ ណាន ហៅ លិញ ណាត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅផ្ទះជួល ស្ថិតក្នុងភូមិ០៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ បណ្តាលឲ្យរងរបួសចំក្បាលផ្នែកខាងក្រោយ លើគុម្ពត្រចៀកខាងស្តាំ ដាច់ប្រវែង១២សង់ទីម៉ែត្រ ជំរៅ២សង់ទីម៉ែត្រ រងរបួសធ្ងន់ ខណៈពេលដែលជនសង្ស័យឈ្មោះ ឆែន ប៉ុណ្ណា បានឲ្យជនរងគ្រោះឈ្មោះ លិញ ណាត ជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1M-4331 មានលេខម៉ាស៊ីន ND125ME-8131617 លេខតួ ND125M-8131617 ដឹកខ្លួន (ត្រូវជាម៉ូយម៉ូតូឌុប) ពីផ្សារលើខេត្តព្រះសីហនុ ទៅកាស៊ីណូហូលីដេ ស្ថិតនៅភូមិ០១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ លុះមកដល់ចំណុចកើតហេតុខាងលើជនសង្ស័យឈ្មោះ ឆែន ប៉ុណ្ណា បានឲ្យជនរងគ្រោះឈ្មោះ លិញ ណាត ឈប់ម៉ូតូដើម្បីនិយាយទូរស័ព្ទ លឺដូចនេះជនរងគ្រោះក៍ឈប់រួចអង្គុយលើម៉ូតូរង់ចាំជនសង្ស័យឈ្មោះ ឆែន ប៉ុណ្ណា លុះមួយសន្ទុះក្រោយមកជនសង្ស័យ បានយកដំបងឈើមកវាយជនរងគ្រោះ បណ្តាលឲ្យដួលទៅនឹងដី រីឯជនសង្ស័យឈ្មោះ បានយកម៉ូតូរបស់ជនរងគ្រោះជិះត្រលប់ទៅក្រោយវិញបាត់ទៅ ។
ក្រោយមកកំលាំងជំនាញបានចុះស្រាវជ្រាវ ហើយបានទំនាក់ទំនងតាមបណ្តាខេត្តជាប់ខេត្តព្រះសីហនុ លុះដល់ម៉ោង១៤និង០០នាទី ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៣ កំលាំងជំនាញបានទទួលដំណឹងពីសម្ថកិច្ច កងរាជអាវុធហត្ថខេត្តកែបថា បានឃាត់ជនសង្ស័យឈ្មោះ ឆែន ប៉ុណ្ណា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរជាគ្រូបង្រៀន នៅចំណុចរង្វង់មូលអំបិល ស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ក៏បានធ្វើការទំនាក់ទំនងទៅទទួលយកជនសង្ស័យនេះមកកាន់ខេត្តព្រះសីហនុវិញ ព្រោះទីកន្លែងកើតហេតុស្ថិតនៅក្នុងខេត្តព្រះសីហនុ ។ ចំពោះស្លាកលេខម៉ូតូរបស់ជនរងគ្រោះ ជនសង្ស័យបានកាច់ចោលនៅចំនុចស្ពានក្បាលរមាស ស្រុកទឹកឈូ ខេត្តកំពត ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យនិងវត្ថុតាង ទៅតុលាការខេត្ត នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៣ដើម្បីចាត់ការបន្តតាមច្បាប់ ៕

ដោយៈ ដើមអម្ពិល