មាន​ស្រី​ថ្មី​ប្រពន្ធ​ដេញ​ចេញ​ពី​ផ្ទះ​បុរស​បេះ​ដូង​​​2​ចម្រៀក​ចង​.ក​សម្លាប់​ខ្លួ​ន​

រាជធានីភ្នំពេញ ៖ បុរសម្នាក់បានចង.កសម្លាប់ខ្លួន នៅលើឡៅតឿក្នុងផ្ទះបណ្តាឱ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងយប់ ហើយបើតាមការអះអាងរបស់ក្រុមគ្រួសារថា មកពីមានទំនាស់ជាមួយប្រពន្ធបន្ទាប់ពី បែកធ្លាយរឿងគាត់មានស្រីថ្មីម្នាក់ទៀត មិនតែប៉ុណ្ណោះ កន្លងមកប្រពន្ធធ្លាប់បាន ដេញឱ្យទៅនៅជាមួយស្រីថ្មីនោះទៀតផង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង៨និង១៥នាទីយប់ថ្ងៃទី២៨ មីនា នៅក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
បុរសដែលធ្វើអត្តឃាត ដោយចង.កនេះឈ្មោះ ពៅ ផល្លា អាយុ៣៧ឆ្នាំ មុខរបរចាក់មេក្រូ និងធុងបាស់ក្នុងពិធីមង្គលការ ឬបុណ្យទានផ្សេងៗ មានទីលំនៅក្នុងភូមិខាងលើ ប្រពន្ធឈ្មោះ យ៉ាត ពិសី អាយុ៤០ឆ្នាំ ។ តាមប្រភពព័ត៌មានពីកូនប្រសា ស្រីរបស់បុរសនេះបានឱ្យសមត្ថកិច្ចដឹងថា កន្លងមកក្រុមគ្រួសារ របស់នាងមានសេចក្តីសុខណាស់ មិនដែលមានបញ្ហាអ្វីទេ ទើបតែរយៈពេលប៉ុន្មានខែចុងក្រោយនេះ ឪពុកក្មេកនាងមានស្រីលួច លាក់នៅខាងក្រៅផ្ទះ។ក្រោយមកត្រូវម្តាយក្មេកនាងដឹងក៏តែងឈ្លោះ ប្រកែកគ្នាជាញឹកញាប់ រហូតម្តាយក្មេកនាងប្រាប់គាត់ថា បើឯងមានស្រីនៅខាងក្រៅហើយយកម៉ូតូនិងខោអាវចុះចេញទៅនៅជាមួយស្រីនោះតែម្តងទៅមិនបាច់នៅទីនេះទេ ។
កូនប្រសាស្រីរូបនេះបន្តថា បន្ទាប់ពីមានរឿងបែបនេះកើតឡើងភាពសុខសាន្តក៏បាត់បង់អស់ ហើយទំនាស់គ្នាចេះតែកើតមានឡើងជាបន្តបន្ទាប់ ចំណែកឪពុកក្មេកនាងបានព្យាយាមសម្លាប់ខ្លួនដោយរត់ទៅចង.កនិងលេបថ្នាំជាច្រើនដងហើយ ប៉ុន្តែមិនបានសម្រេចដោយក្រុមគ្រួសារនាំគ្នាការពារ និងឃ្លាំមើលជាប់រហូត ។ លុះនៅថ្ងៃកើតហេតុ ពេលម្តាយក្មេកនាងកំពុងហូបបាយនៅខាងក្រោមផ្ទះ មានឱកាសស្រាប់តែឪពុកក្មេកនាងឡើងទៅលើផ្ទះ រួចចង.កសម្លាប់ខ្លួនតែម្តងរហូតស្លាប់បាត់បង់ជីវិត ទើបក្រុមគ្រួសារបានដឹង ។ ប៉ូលិសមូលដ្ឋានបានឱ្យដឹងថា បុរសនោះបានយកខ្សែនីឡុងចង.កនឹងដែកទំពក់កង្ហារជាប់ពិតាននៅបន្ទប់ឡៅតឿក្នុងផ្ទះ ។
ក្រោយពេលកើតហេតុ សពត្រូវបានក្រុមគ្រួសារដាក់ចុះដើម្បីសង្គ្រោះដែរ តែបុរសនោះបានស្លាប់បាត់ទៅហើយ ។ ចំណែកស្ត្រីជាប្រពន្ធ ក្រោយពេលឃើញប្តីចង.កសម្លាប់ខ្លួនបែបនេះគាត់មានការរន្ធត់ចិត្តខ្លាំងណាស់ ថ្វីបើមានការខឹងសម្បានឹងប្តីមានស្រី តែស្នាមអនុស្សាវរីយ៍ល្អៗនឹងគ្នាកន្លងមកធ្វើឱ្យគាត់យំសោកបោកខ្លួនដូចអក រហូតសន្លប់បាត់ស្មារតី ត្រូវបានគេនាំទៅសង្គ្រោះភ្លាមៗដែរ ។បន្ទាប់ពីសមត្ថកិច្ចជំនាញចុះធ្វើកោសល្យវិច័យរួចបញ្ជាក់ថា បុរសនោះពិតចង.កសម្លាប់ខ្លួនប្រាកដមែន ៕




បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ដោយ កោះសន្តិភាព

Next PostNewer Post Previous PostOlder Post Home

About