សមាជិកសភាលេចធ្លោមួយរូប របស់កូរ៉េខាងត្បូងបានអំពាវនាវសុំឲ្យសហរដ្ឋ អាម៉េរិកដាក់ទីតាំងអាវុធនុយក្លេអ៊ែរក្នុងប្រទេសកូរ៉េខាងត្បូងវិញ ដើម្បីឲ្យមានតុល្យភាពឆ្លើយតបនឹងការគំរាមរបស់កូរ៉េខាងជើង។
លោក Chung Mong-Joon តំណាងរាស្ត្របក្សអភិរក្សនិយម មានប្រសាសន៍ថា វិបត្តិនាពេលថ្មីៗ នៅជ្រោយកូរ៉េ បង្ហាញឲ្យឃើញថា ស្ថានភាពការទូតជាមួយកូរ៉េខាងជើងបានបរាជ័យ។
លោក Chung Mong-Joon ជាមហាសេដ្ឋី និងជាអតីតបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានាធិបតី មានប្រសាសន៍ថា សង្គ្រាមត្រជាក់បង្ហាញថា ការទប់រារាំងអាវុធនុយក្លេអ៊ែរនាំមកនូវលទ្ធផល។ អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិកត្រូវបានដកចេញពីប្រទេស កូរ៉េខាងត្បូងនៅឆ្នាំ ១៩៩១។
ជាមួយគ្នានេះដែរ សមាជិកគណបក្សសាធារណជនមួយចំនួនរបស់សហរដ្ឋអាម៉េរិកបានគាំទ្រផែនការ របស់លោក Chung ដែលចង់ឲ្យមានការបញ្ជូនអាវុធនុយក្លេអ៊ែរនៅកូរ៉េខាងត្បូងវិញ នោះ។
លោក សមាជិកសភាកូរ៉េខាងត្បូងក៏មានប្រសាសន៍ផងដែរថា ទីក្រុងសេអ៊ូលគួរគិតគូរពិចារណាដកខ្លួនចេញពីសន្ធិសញ្ញានៃការ បញ្ឈប់ការរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ ហើយបង្កើតកន្លែងផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីផ្ញើសារព្រមានដ៏ច្បាស់លាស់មួយដល់ទីក្រុងព្យុងយ៉ាង៕
អត្ថបទ៖ABC

