កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានដំឡើងកំរិតត្រៀមអាសន្ន មួយកាំទៀត ដើម្បីប្រឈមនឹង “ការគំរាមដល់អាយុជីវិត” ពីសំណាក់កូរ៉េខាងជើង ដែលទំនងជានឹងអាចធ្វើការសាកល្បងមីស៊ីល នៅម្តុំពាក់កណ្ដាលខែមេសានេះ។
ការសាកល្បងមីស៊ីល ទោះមួយក្តី ឬច្រើនក្តី សុទ្ធតែអាចរុញច្រានឧបទ្វីបឱ្យធ្លាក់ក្នុងស្ថានភាពមិនអាច គ្រប់គ្រងបាន។ ចំណែកខាងភាគីចិនសម្ព័ន្ធមិត្តតែមួយគត់របស់ព្យុងយ៉ាងវិញ បានប្រកាសបិទប៉ុស្តិ៍ព្រំដែនជាមួយកូរ៉េខាងជើងមិនឱ្យទេសចរចូល ទស្សនា។
ទីបញ្ជាការយោធាកូរ៉េខាងត្បូង និងអាមេរិក បានសម្រេចរួមគ្នា បង្កើនការត្រួតពិនិត្យនិងតាមដាន ក្នុងត្រៀមអាសន្នដំណាក់កាលទីពីរ ពោលគឺមួយកាំមុនដល់កម្រិតអាសន្នធ្វើសង្គ្រាម។
ចំណែកឯជប៉ុនវិញ ក៏បានប្រកាសអាសន្នដែរ នៅថ្ងៃពុធនេះ ត្រៀមចាំចាប់រាល់មីស៊ីល ដែលគំរាមកំហែងសុវត្ថិភាពជាតិ។ ម្សិលមិញ តូក្យូបានដំឡើងប្រព័ន្ធខែលការពារមីស៊ីលPatriot នៅកណ្ដាល និងជុំវិញក្រុងតូក្យូ។ ប្រព័ន្ធខែលចាប់មីស៊ីលក៏នឹងត្រូវដាក់ដំឡើងផងដែរនៅកោះអូគីណាវ៉ា ដែលមានមូលដ្ឋានទ័ពអាមេរិកតាំងនៅ។
អង្គការសហប្រជាជាតិ តាមរយៈលោកអគ្គលេខាធិការ បានគីម៉ូន ពីទីក្រុងរ៉ូម ប្រទេសអ៊ីតាលី បានសម្ដែងការព្រួយបារម្ភ និងប្រកាសអំពាវនាវសុំឱ្យមានការបន្ធូរបន្ថយសម្ពាធ ព្រោះស្ថានការណ៍ពេលនេះមានលក្ខណៈគ្រោះថ្នាក់ជាងពេលណាៗទាំងអស់។
ប្រភពព័ត៌មានយោធាកូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើងត្រៀមស្រេចបាច់ អាចនឹងធ្វើការបាញ់សាកល្បងមីស៊ីល ឬនុយក្លេអ៊ែរ នៅរវាងថ្ងៃទី ១៥មេសា ថ្ងៃកំណើត លោក គីម អ៊ីលស៊ុង បិតាបង្កើតបក្សកុម្មុយនិស្តកូរ៉េខាងជើង។ ហើយបើគេជឿលើពាក្យគំរាមកំហែងរបស់ព្យុងយ៉ាង ចាប់ពីថ្ងៃនេះតទៅ កូរ៉េខាងជើងលែងធានាសុវត្ថិភាពដល់ជនបរទេសទៀតហើយ។ ពេលនេះ ទាំងកូរ៉េខាងត្បូង ទាំងសហរដ្ឋអាមេរិក កំពុងតែចោទសួរថាតើអ្វីទៅជាចេតនាពិតរបស់ប្រមុខដឹកនាំរបប កុម្មុយនិស្តព្យុងយ៉ាង គីម ជុងអ៊ុន ដែលទំនងជាមានអាយុមិនទាន់៣០ឆ្នាំផងនោះ។
ទន្ទឹមនឹងការប្រើមធ្យោបាយក្តៅ កូរ៉េខាងត្បូងក៏បានស្នើសុំទៅប្រទេសចិន សម្ព័ន្ធមិត្តដ៏មានឥទ្ធិពលតែមួយគត់របស់ព្យុងយ៉ាង ឱ្យជួយធ្វើអន្តរាគមន៍ ទៅបញ្ចុះបញ្ចូលមេដឹកនាំកូរ៉េខាងជើងឱ្យប្តូរឥរិយាបថ។ តែចិនខ្លួនឯង បានប្រកាសបិទច្រកព្រំដែន Dandong ដ៏សំខាន់មួយជាមួយកូរ៉េខាងជើង ចាប់ពី នៅថ្ងៃពុធនេះទៅ ដោយគ្មានពេលកំណត់។ តំណាងការិយាល័យទេសចរណ៍ចិនសុំមិនបញ្ចេញឈ្មោះ យល់ថាជាការចង់បានរបស់កូរ៉េខាងជើង ប៉ុន្តែក្រុមអ្នកជំនួញ ឬវិនិយោគធំៗនៅតែអាចចេញចូលបានដោយសេរីដដែល។
ចិនមានព្រំដែនរួមជាមួយកូរ៉េខាងជើង ប្រវែង ១៤១៥គីឡូម៉ែត្រ មានសកម្មភាពពាណិជ្ជកម្មរួមគ្នាយ៉ាងខ្លាំងនារយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ ប៉ុន្តែនៅថ្ងៃនេះ ប្រឈមមុខនឹងភាពតានតឹងក្នុងតំបន់ និងការផ្គើនរបស់ព្យុងយ៉ាង ប៉េកាំងបានប្រកាសកាត់បន្ថយការផ្តោះប្ដូរពាណិជ្ជកម្មជាមួយកូរ៉េ ខាង ជើង។ បើតាមសេចក្ដីប្រកាសគយនៅថ្ងៃនេះ សកម្មភាពពាណិជ្ជកម្មចិន-កូរ៉េខាងជើងមានត្រឹមតែ០,១% នេះពាណិជ្ជកម្មនាំចេញចិន នៅត្រីមាសទីមួយឆ្នាំ២០១៣ ពោលគឺថយចុះ៧,២% គិតសម្រាប់រយៈពេលមួយឆ្នាំ៕
អត្ថបទ៖RFI




